តើ​តម្លៃ​ដី​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ឡើង​ដល់កម្រិត​ណា​

0

ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ចំនួន៣​ ​រាប់​ចាប់​គិត​ពី​ចំណុច​វត្តភ្នំ​ ​ឆ្ពោះទៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់​ផ្លូវ​ព្រះ​នរោត្តម​ ​ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ ​មានតម្លៃ​មិន​ដូចគ្នា​នោះ​ទេ​ ​ដែល​តំបន់​ខ្លះ​មានកម្រិត​ទាប​ ​ហើយ​តំបន់​ខ្លះ​មានកម្រិត​ខ្ពស់​ហួសពី​ការស្មាន​ ​។​ ​

​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​Century21​ ​Fortuna​ ​Investment​ ​លោក​ ​វ៉ា​ ​វីរៈ​ ​បាន​មាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៦​ ​មេសា​នេះ​ថា​ ​សក្ដានុពល​វិស័យ​អចលនទ្រព្យ​ ​ក៏ដូចជា​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ​គឺ​មាន​ភាព​មិន​ស្មើគ្នា​នោះ​ទេ​ ​ព្រោះ​វា​ត្រូវ​បាន​បែងចែក​ជា​តំបន់​ពាណិជ្ជ​ក​ ​ម្ម​ដែល​មាន​តម្រូវការ​ខ្ពស់​ ​និង​តំបន់​ដែល​មិនសូវ​មាន​តម្រូវការ​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ​តម្លៃ​ដី​នៅ​លើ​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ​ដែល​មានតម្លៃ​ទាប​ជាងគេ​ ​គឺ​ស្ថិតនៅ​ក្នុង​ខណ្ឌចំការមន​ ​រាប់​ចាប់ពី​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​ ​ឆ្ពោះ​មក​ដល់​ស្តុ​ប​ចំការមន​ ​ព្រោះ​ដី​នៅក្នុង​តំបន់​នេះ​មិនសូវ​មាន​ទំនេរ​នោះ​ទេ​ ​ដែល​ក្រៅពី​មាន​អគារ​ ​The​ ​Prince  ​នោះ​ ​ភាគច្រើន​គឺជា​ស្ថាប័ន​របស់​រដ្ឋ​ ​ដូចជា​ក្រសួង​កសិកម្ម​ ​មន្ទីរ​ព្រឹទ្ធសភា​ ​បណ្ណាល័យជាតិ​ ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​ ​ក្រសួងមហាផ្ទៃ​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ​ស្ថានទូត​ប្រទេស​ម៉ាឡេស៊ី​ ​ស្ថានទូត​ប្រទេស​ថៃ​ ​និង​ស្ថានទូត​ប្រទេស​ជប៉ុន​ជាដើម​ ​ដែល​ធ្វើ​ឱ្យ​មិនសូវ​មាន​តម្រូវការ​ទីផ្សារ​នោះ​ទេ​។​

​តម្លៃ​នៅ​តំបន់​នេះ​ ​ជាមធ្យម​អាច​មាន​ក្នុង​ចន្លោះ​ជាង៣០០០ដុល្លារ​ ​ក្នុង​ម៉ែត្រ​កា​រ៉ែ​ ​លើកលែងតែ​នៅ​ទីតាំង​ជិត​គល់​ស្ពាន​អាកាស​ ​ដែល​ជាមធ្យម​អាច​ស្ថិត​ក្នុង​ចន្លោះ​ប្រមាណ​ជាង៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើង​ទៅ​។​ ​

​លោក​ ​វ៉ា​ ​វីរៈ​ ​បាន​បន្ត​ទៀត​ថា​ ​ចំណែក​តំបន់​ចាប់​ពី​ស្តុ​ប​ចំការមន​ ​ឆ្ពោះ​មកដល់​វិមានឯករាជ្យ​ ​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​បឹងកេងកង​ ​តម្លៃ​មានកម្រិត​ខ្ពស់​បន្តិច​។​ ​ដោយឡែក​ចាប់ពី​ចំ​ណុច​ស្តុ​ប​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ​រហូតដល់​ចំណុច​វត្តភ្នំ​ ​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌដូនពេញ​ ​គឺ​កាន់តែ​មានតម្លៃ​ខ្ពស់​ ​ពោល​គឺ​ចាប់ពី​ជាង ៦០០០ដុល្លារ​ឡើង​ទៅ​ ​ឬ​ខ្ពស់​ជាង​នេះ​ ​ដោយសារ​តែ​​មាន​រំលេច​ឡើង​នូវ​វត្តមាន​អ​គារ​ធំៗ​ ​ខ្ពស់​ៗ​ក្នុងនាម​ជា​មណ្ឌល​ពាណិជ្ជកម្ម​ ​ជាពិសេស​មាន​បណ្តា​ធ​នា​គារ​ធំៗ​ជាច្រើន​ ​ដែល​អាច​និយាយ​បាន​ថា​មាន​សក្តា​នុ​ពល​ប្រសើរ​ជាង​ផ្លូវ​ព្រះមុនីវង្ស​។​ ​

​នាយក​ក្រុម​ហ៊ុន​ឆៃ​លីន​ ​ស៊ា​ ​រៀល​ធី​ខូ​អិល​ធី​ឌី​ ​លោក​ ​ស៊ា​ ​ឆៃ​លីន​ ​ក៏បាន​លើកឡើង​ឱ្យ​ដឹងពី​ការប្រែប្រួល​នៃ​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ ​ព្រះ​នរោត្តម​ផង​ដែរ​ថា​ ​តម្លៃ​ដី​នៅក្នុង​តំបន់​មួយ​គឺ​មាន​ភាព​ខុសគ្នា​ ​ដែល​វា​ក៏​អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ទីតាំង​ ​ទំហំ​ ​និង​ប្រភេទ​តំបន់​ផង​ដែរ​។​ ​ចំពោះ​នៅ​ទីតាំង​ជិត​គល់​ស្ពាន​អាកាស​ក្បាលថ្នល់​ ​កាលពី​ប្រមាណ​ឆ្នាំមុន​ ​មានតម្លៃ​ប្រមាណ២,៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ​លុះក្រោយមក​ប្រមាណ៣ឆ្នាំ​ ​តម្លៃ​ដី​បាន​ឡើង​ដល់​ក្នុង​ចន្លោះ ៣,៥០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ​ខណៈ​ដែល​ពេលនេះ​ ​បាន​បន្ត​ឡើង​ដល់​ក្នុង​ចន្លោះ៦,០០០​ ​ទៅ៧,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

​លោក​បន្ត​ទៀត​ថា​ ​ដី​ដែល​ស្ថិត​នៅ​បណ្តុំ​ស្ថាន​ប័ន​រដ្ឋ​ ​ដូចជា​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួង​កសិកម្ម​ ​ព្រឹទ្ធសភា​ ​ឬស្ថាន​ទូត​ប្រទេស​ម៉ាឡេស៊ី​ ​ប្រទេស​ថៃ​ ​ប្រទេស​ជប៉ុន​ ​គឺ​មាន​សូវ​មាន​ភាព​ទំនេរ​នោះ​ទេ​ ​ហើយ​តម្លៃ​ក៏​ទាប​ ​ដែល​ជាមធ្យម​អាច​ក្នុង​តម្លៃ​ចន្លោះ​ពី​ ​៣,០០០​ ​-​ ​៤,០០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​ដោយឡែក​នៅ​តំបន់​ចាប់​ពី​ស្តុ​ប​ចំការមន​ ​រហូតមកដល់​វិមានឯករាជ្យ​ ​និង​បន្ត​ទៅដល់​ចំណុច​វត្តភ្នំ​ពេញ​ ​តម្លៃនៅលើទីផ្សារ​គឺ​មានកម្រិត​ខ្ពស់​ ​ប៉ុន្តែ​នៅ​តំបន់​នេះ​ក៏​មិន​សម្បូរ​ដី​ទំនេរ​ដែរ​ ​ដែល​រក​ត្រឹម​ដី​ទំហំ​មួយ​ហិ​ក​តា​ក៏​ស្ទើរតែ​មិន​មាន​ផង​ដែរ​។​ ​

​ទំហំដី​ចាប់ពី​ត្រឹម២,០០០ម៉ែត្រការ៉េ​ចុះក្រោម​ ​អាច​មានតម្លៃ​ក្នុងរង្វង់៨,០០០​ ​ដុល្លារ​ ​ឬ​អាច​ឈាន​ដល់១០,០០០ដុល្លារ​ក៏មានដែរ​ ​ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ទំហំ​ទីតាំង​ដែល​ជា​តំបន់​ដែល​អំណោយផល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។​ ​

​លោ​ក​ស៊ា​ ​ឆៃ​លី​នបា​នប​ន្ត​ថា​ ​“​តម្លៃ​ខាងលើ​នេះ​ ​នៅ​មិនទាន់​ឈាន​ដល់​ចំណុច​ឆ្អែត​នៅឡើយ​នោះ​ទេ​ ​ដែល​វា​អាច​នៅ​បន្ត​ឡើង​បន្តិច​ម្ដង​ៗ​ថែមទៀត​នៅ​ថ្ងៃខាងមុខ​ ​ឬនៅ​ឆ្នាំក្រោយ​ជាបន្តបន្ទាប់​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here