ដោយ រ៉ាណេត
ភ្នំពេញ៖ ស្ថិតនៅក្នុងខណ្ឌចំនួន៣ រាប់ចាប់គិតពីចំណុចវត្តភ្នំ ឆ្ពោះទៅចំណុចស្ពានអាកាសក្បាលថ្នល់ផ្លូវព្រះនរោត្តម ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា មានតម្លៃមិនដូចគ្នានោះទេ ដែលតំបន់ខ្លះមានកម្រិតទាប ហើយតំបន់ខ្លះមានកម្រិតខ្ពស់ហួសពីការស្មាន ។
នាយកក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ មេសានេះថា សក្ដានុពលវិស័យអចលនទ្រព្យ ក៏ដូចជាតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវព្រះនរោត្តម គឺមានភាពមិនស្មើគ្នានោះទេ ព្រោះវាត្រូវបានបែងចែកជាតំបន់ពាណិជ្ជក ម្មដែលមានតម្រូវការខ្ពស់ និងតំបន់ដែលមិនសូវមានតម្រូវការ។
លោកបានបញ្ជាក់ថា ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ តម្លៃដីនៅលើបណ្តោយផ្លូវព្រះនរោត្តម ដែលមានតម្លៃទាបជាងគេ គឺស្ថិតនៅក្នុងខណ្ឌចំការមន រាប់ចាប់ពីតំបន់ស្ពានអាកាសក្បាលថ្នល់ ឆ្ពោះមកដល់ស្តុបចំការមន ព្រោះដីនៅក្នុងតំបន់នេះមិនសូវមានទំនេរនោះទេ ដែលក្រៅពីមានអគារ The Prince នោះ ភាគច្រើនគឺជាស្ថាប័នរបស់រដ្ឋ ដូចជាក្រសួងកសិកម្ម មន្ទីរព្រឹទ្ធសភា បណ្ណាល័យជាតិ ទីស្នាក់ការបក្សប្រជាជនកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ស្ថានទូតប្រទេសម៉ាឡេស៊ី ស្ថានទូតប្រទេសថៃ និងស្ថានទូតប្រទេសជប៉ុនជាដើម ដែលធ្វើឱ្យមិនសូវមានតម្រូវការទីផ្សារនោះទេ។
-->
តម្លៃនៅតំបន់នេះ ជាមធ្យមអាចមានក្នុងចន្លោះជាង៣០០០ដុល្លារ ក្នុងម៉ែត្រការ៉ែ លើកលែងតែនៅទីតាំងជិតគល់ស្ពានអាកាស ដែលជាមធ្យមអាចស្ថិតក្នុងចន្លោះប្រមាណជាង៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។
លោក វ៉ា វីរៈ បានបន្តទៀតថា ចំណែកតំបន់ចាប់ពីស្តុបចំការមន ឆ្ពោះមកដល់វិមានឯករាជ្យ ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង តម្លៃមានកម្រិតខ្ពស់បន្តិច។ ដោយឡែកចាប់ពីចំណុចស្តុបវិទ្យាល័យព្រះស៊ីសុវត្ថិ រហូតដល់ចំណុចវត្តភ្នំ ដែលស្ថិតនៅក្នុងខណ្ឌដូនពេញ គឺកាន់តែមានតម្លៃខ្ពស់ ពោលគឺចាប់ពីជាង ៦០០០ដុល្លារឡើងទៅ ឬខ្ពស់ជាងនេះ ដោយសារតែមានរំលេចឡើងនូវវត្តមានអគារធំៗ ខ្ពស់ៗក្នុងនាមជាមណ្ឌលពាណិជ្ជកម្ម ជាពិសេសមានបណ្តាធនាគារធំៗជាច្រើន ដែលអាចនិយាយបានថាមានសក្តានុពលប្រសើរជាងផ្លូវព្រះមុនីវង្ស។
នាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធីខូអិលធីឌី លោក ស៊ា ឆៃលីន ក៏បានលើកឡើងឱ្យដឹងពីការប្រែប្រួលនៃតម្លៃដី និងអចលនទ្រព្យស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តមផងដែរថា តម្លៃដីនៅក្នុងតំបន់មួយគឺមានភាពខុសគ្នា ដែលវាក៏អាស្រ័យទៅលើលក្ខខណ្ឌទីតាំង ទំហំ និងប្រភេទតំបន់ផងដែរ។ ចំពោះនៅទីតាំងជិតគល់ស្ពានអាកាសក្បាលថ្នល់ កាលពីប្រមាណឆ្នាំមុន មានតម្លៃប្រមាណ២,៨០០ដុល្លារក្នុងមួយម៉ែត្រ លុះក្រោយមកប្រមាណ៣ឆ្នាំ តម្លៃដីបានឡើងដល់ក្នុងចន្លោះ ៣,៥០០ ដុល្លារក្នុងមួយម៉ែត្រ ខណៈដែលពេលនេះ បានបន្តឡើងដល់ក្នុងចន្លោះ៦,០០០ ទៅ៧,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្តទៀតថា ដីដែលស្ថិតនៅបណ្តុំស្ថានប័នរដ្ឋ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ព្រឹទ្ធសភា ឬស្ថានទូតប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសជប៉ុន គឺមានសូវមានភាពទំនេរនោះទេ ហើយតម្លៃក៏ទាប ដែលជាមធ្យមអាចក្នុងតម្លៃចន្លោះពី ៣,០០០ - ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកនៅតំបន់ចាប់ពីស្តុបចំការមន រហូតមកដល់វិមានឯករាជ្យ និងបន្តទៅដល់ចំណុចវត្តភ្នំពេញ តម្លៃនៅលើទីផ្សារគឺមានកម្រិតខ្ពស់ ប៉ុន្តែនៅតំបន់នេះក៏មិនសម្បូរដីទំនេរដែរ ដែលរកត្រឹមដីទំហំមួយហិកតាក៏ស្ទើរតែមិនមានផងដែរ។

ទំហំដីចាប់ពីត្រឹម២,០០០ម៉ែត្រការ៉េចុះក្រោម អាចមានតម្លៃក្នុងរង្វង់៨,០០០ ដុល្លារ ឬអាចឈានដល់១០,០០០ដុល្លារក៏មានដែរ ដែលវាក៏អាស្រ័យទៅលើទំហំទីតាំងដែលជាតំបន់ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្ម។
លោកស៊ា ឆៃលីនបានបន្តថា “តម្លៃខាងលើនេះ នៅមិនទាន់ឈានដល់ចំណុចឆ្អែតនៅឡើយនោះទេ ដែលវាអាចនៅបន្តឡើងបន្តិចម្ដងៗថែមទៀតនៅថ្ងៃខាងមុខ ឬនៅឆ្នាំក្រោយជាបន្តបន្ទាប់”៕