ផ្សារទំនើប Big C តម្លៃ១០លានដុល្លារ នៅក្រុងប៉ោយប៉ែតនឹងបើកដំណើរការនៅចុងខែមិថុនាខាងមុខនេះ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិ Big C ដែលបោះទុនវិនិយោគនៅក្រុងប៉ោយប៉ែត បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីបើកដំណើរការនៅចុងខែមិថុនាខាងមុខនេះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Four stars plus Four លោក ​សួង សុខ​ហ៊ាង ដែលបានធ្វើការជិតស្និទ្ធជាមួយអ្នកវិនិយោគថៃ ដែលវិនិយោគផ្សារទំនើប Big C បាន​ឲ្យ​ដឹង​តាម​ប្រ​ព័​ន្ឋ​តេ​ឡេ​ក្រា​មកាលពីចុងសប្តាហ៍មុន​ថា ផ្សារ​ទំនើប​នេះ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី២១ មករា​នេះ និង​គ្រោង​បញ្ចប់​ក្នុង​រយៈពេល៦ខែ។ លោក​បន្តថា ផ្សារ​ទំនើប​នេះ​នឹង​ទទួលបាន​ជោគ​ជ័យ ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ភាពល្អប្រសើរ និង​ចំនួន​ប្រជាជន​រស់នៅ​ទីក្រុង​នេះ ​បាន​កើនឡើង​ជាង២០ម៉ឺន​នាក់ ពិសេស​ក្រុង​ប៉ោយប៉ែត​មិនទាន់មាន​ផ្សារ​ទំនើប​ច្រើន​នៅឡើយ។

លោក​បន្តថា “តាម​ខ្ញុំ​បាន​ជួប​ជាមួយ​អ្នកវិនិយោគ​ថៃ​បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​នេះ នឹង​សាងសង់​លើ​ផ្ទៃដី ២,៥ ហិកតា ក្នុងនោះ​ដី​សម្រាប់​សាងសង់​ផ្សារ​មាន​ទំហំ ១,៥ ហិកតា និង​ដី១ហិកតា​ទៀត​បំ​រ៉ុង​ទុក​សម្រាប់​ចំណត​យានយន្ត។ លោក​បន្តថា “ផ្សារ​នេះ​ស្ថិតនៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ស្ថិត​នៅជាប់​គំរោង Empire”។

ក្រុងប៉ោយប៉ែត​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ២០ម៉ឺន​នាក់ ក្នុងនោះ​អ្នកវិនិយោគ​អន្តរជាតិ​មាន​ប្រមាណ៥ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​យ៉ាង​លឿន ពិសេស​វិស័យ​សំណង់​និង​អចលនទ្រព្យ។ បច្ចុប្បន្ន​មាន​គំរោង​ខុន​ដូ​ជាច្រើន​កំពុង​សាងសង់ ដែល​ធ្វើ​ឲ្យ​មុខមាត់​ទីក្រុង​នេះ​មានការ​ផ្លាស់ប្តូរ​ទាំងស្រុង។

យោងតាម ទិន្នន័យ​ពី​សាលាក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​អាគារ​កំពស់​ចាប់ពី ៥ ដល់​ជាង ២០ជាន់ ចំនួន ៦០អាគារ​ហើយ។

លោក សាន ស៊ា​ង​ហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទីក្រុង​ប៉ោយប៉ែត​កំពុងមាន​ការរីកចម្រើន​លឿន ដោយសារ​កំនើន​នៃ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ពិសេស​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គំ​ពុង​រៀបចំ​សាងសង់ ព្រលានយន្តហោះ​ឡើងវិញ ដែល​តាម​គំរោង​ក្រុមហ៊ុន​នេះ នឹង​សាងសង់​ព្រលានយន្តហោះ​នេះ​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ។

លោកបន្តថា “ជាមួយនឹង​ល្បឿន​នៃ​ការអភិវឌ្ឍ និង​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រុង​កាន់តែ​ល្អប្រសើរ ពិសេស​ផ្លូវ​ក្នុង​ក្រុង​បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី នៅក្នុង​ទីក្រុង​នេះ​កើនឡើង​យ៉ាងខ្ពស់”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here