ស្វែងយល់ចំណុចសំខាន់ៗចំនួន៥ទាក់ទងនឹងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប

0

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាបអង្គរ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន​ សែននាយករដ្ឋមន្រ្តីកម្ពុជា នាពេលឆាប់ៗខាងមុខនេះ​បាននិងកំពុងដំណើរការ​រៀបចំ​ការដ្ឋាន​និងបទដ្ឋានបច្ចេកទេសយ៉ាងសកម្ម។

ថ្ងៃនេះគេហទំព័រ Propertyrea.asia នឹងបង្ហាញជូននូវព៌តមានត្រួសៗមួយចំនួនពី ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​នេះ។

ទីតាំង

ព្រលានយន្តហោះថ្មីនេះ មានទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ របស់ខេត្តសៀមរាប ស្ថិតនៅលើផ្ទៃដីទំហំ៧០០ហិកតា។គំរោងនេះមានចម្ងាយ៥១គីឡូម៉ែត្រ ពីទីក្រុងសៀមរាប។

គោលនយោបាយ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរកម្ពុជា ចិន ក្នុង​គោល​នយោបាយ (ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី ១៣ តុលា ឆ្នាំ២០១៦ Yuntou គ្រុប និង ទីស្តីការ​គណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះហត្ថលេខាព្រមព្រៀង BOT ស្តីពី គម្រោង​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប អង្គរ ក្រោមអធិបតីភាពសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ីជីង ពីង នៃសាធារណរដ្ឋប្រជាមានិតចិន។

រចនាបថ និងសមត្ថភាព

ព្រលានយន្តហោះនេះ នឹងសាងសង់តាមស្តង់ដាររចនាបថអាកាសយានដ្ឋានលំដាប់ថ្នាក់ទី 4E ដែលអាចប្រតិបត្តិការ​យន្តហោះខ្នាតធំមានលេខកូដ E។ ម៉្យាងទៀតតាមកំនើន នៃចរាចរណ៍ផ្លូវអាកាសនាពេលអនាគត និងត្រូវធ្វើការពង្រីក​ទៅជា អាកាសយានដ្ឋានប្រភេទ 4F ហើយគម្រោងនេះប្រតិបត្តិការតាមកម្មវិធី BOT ដែលមានការវិនិ​យោគដោយ Yuntou គ្រុប យូណានវិនិយោគបរទេស និងយូណានព្រលានយនហោះគ្រុប ដែលបានបណ្តាក់ទុន​វិនិយោគ ២២០លាន​ដុល្លារ ដើមី្បបង្កើតក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរ អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ក្រុមហ៊ុនអង្គរ) ដែលមានការទទួលខុស ត្រូវចំពោះការវិនិយោគលើគម្រោងសាងសង់ និង គ្រប់គ្រងប្រតិបត្តិការ។

រយៈពេលសាងសង់ និងទំហំ

បើតាមលោក Lu Yanwen ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី  ធ្លាប់បានបញ្ជាក់កន្លងមកថា រយៈពេលនៃការ​សាងសង់ និងប្រតិបត្តិការគម្រោងសរុប៥៥ឆ្នាំ។ រយៈពេលនៃការសាងសង់ដោយរំពឹងថា ប្រើរយៈពេលពី៣ឆ្នាំទៅ៥ឆ្នាំ ។

លោកបន្តទៀតថា ក្នុងដំណាក់កាលទី១ នៃគម្រោងនេះមានទុនវិនិយោគសរុបប្រមាណ៨៨០លានដុល្លា អាមេរិក និង​មាន​សាងសង់ផ្លូវរត់ល្បឿនលឿន ទំហំ៣ពាន់៦០០ម៉ែត្រ គុណ៤៥ម៉ែត្រមួយផ្លូវ និង ប៉ារ៉ាឡែលសម្រាប់យន្តហោះ ធ្វើការ​ហោះហើរ និង ចុះចត និង ចំណតយន្តហោះ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធផ្សេងៗ និងបរិក្ខាជំនួយ ស្ថានីយអ្នក​ដំណើរដែលមានទំហំ៥០ពាន់ម៉ែត្រក្រឡា ហើយអាកាសយានដ្ឋាននេះ ក្នុងមួយឆ្នាំអាចបម្រើសេវាកម្មភ្ញៀវ​ទេសចរណ៍ពី៧លានទៅ១០លាននាក់ផងដែរ។

លោកបន្តទៀតថា នៅពេលបញ្ចប់គម្រោងនេះ និងបង្កើននូវសមត្ថភាពដឹកជញ្ជូ​ននៅកម្ពុជា ឲ្យកាន់តែល្អប្រសើរជាងមុន និងជម្រុញសក្តានុពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមឲ្យកាន់តែមានភាពរីកចម្រើន នៅក្នុងតំបន់ ព្រមទាំងផ្តល់​ផលប្រយោជនដល់ការការពារប្រវត្តិសាស្ត្រអង្គរ និង បានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អនុតំបន់ទន្លេឡាន​ឆាង​មេគង្គ និងការអភិវឌ្ឍន៍បន្ថែមលើកិច្ចទំនាក់ទំនងជាមិត្តភាព និងធ្វើឲ្យចំណងមិត្តភាពកម្ពុជា ចិនកាន់តែមានភាពរឹងមាំ និងជាបងប្អូនតែមួយទៀតផង។

លោក Lu Yanwen បន្ថែមថា នៅគម្រោងមួយនេះក្រោយពេលបញ្ចប់ និងបើកដំណើរការនោះ គឺជាបង្អួចមួយដែលបាន​បង្ហាញ​ពី​កម្ពុជា ទៅលើពិភពលោកហើយមានសង្ឃឹមជឿជាក់ថា គម្រោងនេះជាសារៈសំខាន់ ក្នុងការលើកកម្ពស់​នូវ​សេដ្ឋកិច្ច​ប្រជាពល​រដ្ឋខេត្តសៀមរាប និងលើកកម្ពស់នៃទំនាក់ទំនាងសេដ្ឋកិច្ចរវាងកម្ពុជា ចិនឲ្យកាន់តែស៊ីជម្រៅ​ឡើង​ថែម​ទៀត៕​

LEAVE A REPLY

Please enter your comment!
Please enter your name here