ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាបអង្គរ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា នាពេលឆាប់ៗខាងមុខនេះបាននិងកំពុងដំណើរការរៀបចំការដ្ឋាននិងបទដ្ឋានបច្ចេកទេសយ៉ាងសកម្ម។
ថ្ងៃនេះគេហទំព័រ Propertyrea.asia នឹងបង្ហាញជូននូវព៌តមានត្រួសៗមួយចំនួនពី ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ។
-->
ទីតាំង
ព្រលានយន្តហោះថ្មីនេះ មានទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ របស់ខេត្តសៀមរាប ស្ថិតនៅលើផ្ទៃដីទំហំ៧០០ហិកតា។គំរោងនេះមានចម្ងាយ៥១គីឡូម៉ែត្រ ពីទីក្រុងសៀមរាប។
គោលនយោបាយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរកម្ពុជា ចិន ក្នុងគោលនយោបាយ (ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី ១៣ តុលា ឆ្នាំ២០១៦ Yuntou គ្រុប និង ទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះហត្ថលេខាព្រមព្រៀង BOT ស្តីពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមអធិបតីភាពសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ីជីង ពីង នៃសាធារណរដ្ឋប្រជាមានិតចិន។
រចនាបថ និងសមត្ថភាព
ព្រលានយន្តហោះនេះ នឹងសាងសង់តាមស្តង់ដាររចនាបថអាកាសយានដ្ឋានលំដាប់ថ្នាក់ទី 4E ដែលអាចប្រតិបត្តិការយន្តហោះខ្នាតធំមានលេខកូដ E។ ម៉្យាងទៀតតាមកំនើន នៃចរាចរណ៍ផ្លូវអាកាសនាពេលអនាគត និងត្រូវធ្វើការពង្រីកទៅជា អាកាសយានដ្ឋានប្រភេទ 4F ហើយគម្រោងនេះប្រតិបត្តិការតាមកម្មវិធី BOT ដែលមានការវិនិយោគដោយ Yuntou គ្រុប យូណានវិនិយោគបរទេស និងយូណានព្រលានយនហោះគ្រុប ដែលបានបណ្តាក់ទុនវិនិយោគ ២២០លានដុល្លារ ដើមី្បបង្កើតក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរ អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ក្រុមហ៊ុនអង្គរ) ដែលមានការទទួលខុស ត្រូវចំពោះការវិនិយោគលើគម្រោងសាងសង់ និង គ្រប់គ្រងប្រតិបត្តិការ។
រយៈពេលសាងសង់ និងទំហំ
បើតាមលោក Lu Yanwen ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី ធ្លាប់បានបញ្ជាក់កន្លងមកថា រយៈពេលនៃការសាងសង់ និងប្រតិបត្តិការគម្រោងសរុប៥៥ឆ្នាំ។ រយៈពេលនៃការសាងសង់ដោយរំពឹងថា ប្រើរយៈពេលពី៣ឆ្នាំទៅ៥ឆ្នាំ ។
លោកបន្តទៀតថា ក្នុងដំណាក់កាលទី១ នៃគម្រោងនេះមានទុនវិនិយោគសរុបប្រមាណ៨៨០លានដុល្លា អាមេរិក និងមានសាងសង់ផ្លូវរត់ល្បឿនលឿន ទំហំ៣ពាន់៦០០ម៉ែត្រ គុណ៤៥ម៉ែត្រមួយផ្លូវ និង ប៉ារ៉ាឡែលសម្រាប់យន្តហោះ ធ្វើការហោះហើរ និង ចុះចត និង ចំណតយន្តហោះ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធផ្សេងៗ និងបរិក្ខាជំនួយ ស្ថានីយអ្នកដំណើរដែលមានទំហំ៥០ពាន់ម៉ែត្រក្រឡា ហើយអាកាសយានដ្ឋាននេះ ក្នុងមួយឆ្នាំអាចបម្រើសេវាកម្មភ្ញៀវទេសចរណ៍ពី៧លានទៅ១០លាននាក់ផងដែរ។
លោកបន្តទៀតថា នៅពេលបញ្ចប់គម្រោងនេះ និងបង្កើននូវសមត្ថភាពដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែល្អប្រសើរជាងមុន និងជម្រុញសក្តានុពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមឲ្យកាន់តែមានភាពរីកចម្រើន នៅក្នុងតំបន់ ព្រមទាំងផ្តល់ផលប្រយោជនដល់ការការពារប្រវត្តិសាស្ត្រអង្គរ និង បានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អនុតំបន់ទន្លេឡានឆាងមេគង្គ និងការអភិវឌ្ឍន៍បន្ថែមលើកិច្ចទំនាក់ទំនងជាមិត្តភាព និងធ្វើឲ្យចំណងមិត្តភាពកម្ពុជា ចិនកាន់តែមានភាពរឹងមាំ និងជាបងប្អូនតែមួយទៀតផង។
លោក Lu Yanwen បន្ថែមថា នៅគម្រោងមួយនេះក្រោយពេលបញ្ចប់ និងបើកដំណើរការនោះ គឺជាបង្អួចមួយដែលបានបង្ហាញពីកម្ពុជា ទៅលើពិភពលោកហើយមានសង្ឃឹមជឿជាក់ថា គម្រោងនេះជាសារៈសំខាន់ ក្នុងការលើកកម្ពស់នូវសេដ្ឋកិច្ចប្រជាពលរដ្ឋខេត្តសៀមរាប និងលើកកម្ពស់នៃទំនាក់ទំនាងសេដ្ឋកិច្ចរវាងកម្ពុជា ចិនឲ្យកាន់តែស៊ីជម្រៅឡើងថែមទៀត៕