ព្រំដែន​ជ្រៃធំ​នឹង​មាន​សក្ដានុពល​​ខ្លាំង​​បន្ទាប់​ពី​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​

0

​ដោយ​ ​រ៉ា​ណេត

​កណ្តាល​៖​ ​មន្រ្តី​ជំនាញ​បាន​និយាយ​ថា​ ​ច្រកព្រំដែន​អន្តរជាតិ​ជ្រៃធំ​ ​នឹង​មាន​កា​រវិ​វ​ ​ឌ្ឍ​ក្លាយជា​ទីក្រុង​ ​បន្ទាប់ពី​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​នា​ពេល​ខាងមុខ​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​មន្រ្តី​ជំនាញ​ជាន់ខ្ពស់​ប្រចាំ​ខេត្តកណ្តាល​កាលពី​ពេល​កន្លងទៅ​នេះ​។​ ​

​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​លោក​បណ្ឌិត​ ​វ៉ាន់​ ​វ៉ា​ត​បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៨​ ​ខែមេសា​ ​នេះ​ថា​ ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ ​គឺ​មានការ​ពាក់ព័ន្ធ​ ​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​និង​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច​ប្រជាជន​ផង​ ​និង​ជា​ការ​ការពារ​របង​ព្រំដែន​ផង​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​កាលពីមុន​យើង​ហាក់​មិនទាន់​បាន​គិតគូរ​លម្អិត​ ​ទៅលើ​តំបន់​នេះ​នៅឡើយ​ទេ​ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​រួម​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ ​ដែល​ធ្វើការ​អភិវឌ្ឍន៍​តំបន់​មួយ​នេះ​ ​ឱ្យ​ក្លាយទៅជា​ទីក្រុង​ដ៏​ឆើតឆាយ​មួយ​ ​ហើយក៏​បង្កើន​សក្ដានុពល​តំបន់​ជ្រៃធំ​នេះ​ ​ឱ្យ​ក្លាយជា​ច្រកព្រំដែន​អន្តរជាតិ​ដែល​មានការ​ដឹកជញ្ជូន​យ៉ាងសកម្ម​។​ ​

​លោក​បន្ត​ទៀត​ថា​ ​“​តាមរយៈ​ការ​កែប្រែទម្រង់​របត់​ថ្មី​ ​ក្រោម​ការ​ខិតខំ​ពីសំណាក់​អភិបាលខេត្ត​ ​ដើម្បី​ពង្រីក​វិសាលភាព​ពី​ច្រក​ទ្វារ​តំបន់​ឱ្យ​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ ​តំបន់​នេះ​នឹង​សក្ដានុពល​កាន់តែ​ខ្លាំង​”​។​លោក​បន្ត​ថា​ ​“​ដូច្នេះ​ការរៀបចំ​រចនា​សម្ព័ន្ធ​ផ្សេង​ៗ​ ​ចាំបាច់​ត្រូវ​បាន​លើកតម្កើង​ ​ហើយ​នៅចំពោះមុខ​រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ ​ផ្លូវ​ចំនួន​មួយ​ខ្សែ​ដែល​មាន​ទំហំ៥០ម៉ែត្រ​ ​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម​រួចរាល់​ហើយ​ ​ក៏ដូចជា​ស្ពាន​ ​មិត្តភាព​ ​ជ្រៃធំ​-​ឡុង​ប៊ិន​ ​ដែល​មាន​ទំហំ​ជាង១០ម៉ែត្រ​ ​និង​ប្រវែង​ជាង២០០ម៉ែត្រ​ ​ដែល​ជា​ច្រក​អន្តរជាតិ​ផ្លូវគោក​”​។​

​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃធំ​ ​ស្ថិត​ក្នុង​ឃុំ​សំពៅពូន​ ​ស្រុក​កោះធំ​ ​ខេត្តកណ្តាល​។​

​លោក​បណ្ឌិ​ត​វ៉ាន់​ ​វ៉ា​ត​បាន​បន្ត​ថា​ ​ទាំងអស់​នេះ​បាន​បង្ក​ភាព​កាន់តែ​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ ​និង​អូសទាញ​ការ​វិនិយោគ​មកកាន់​តំបន់​នេះ​ ​កាន់តែ​ច្រើនឡើង​ ​និង​មាន​ភាពល្អ​ប្រសើរ​ជាង​តំបន់​ព្រំដែន​ដទៃទៀត​ ​ដោយសារតែ​វា​មាន​ចម្ងាយ​ត្រឹមតែ​ប្រមាណ​ជាង៦០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​ហើយក៏​ជា​ចំណុច​តភ្ជាប់​ខេត្ត​ចំនួន៣​ ​រួមមាន​ខេត្តកណ្តាល​ ​ខេត្តតាកែវ​ ​និង​ខេត្តព្រៃវែង​។​ ​លោក​បន្ថែម​ថា​ ​ភាពល្អ​ប្រសើរ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​ស្ថិតនៅ​ក្នុង​ប្លង់​គោល​ទាំងអស់​នេះ​ ​ក៏បាន​ជួយ​ជំរុញ​ឱ្យ​វិស័យ​ដីធ្លី​នៅ​តំបន់​នេះ​មាន​ភាព​ផុសផុល​ឡើង​គួរ​ឱ្យ​គត់​សម្គាល់​ ​ដែល​ផ្ទុយ​ស្រ​ឡោះ​កាលពី​ប្រមាណ​ជាង ៤​ឆ្នាំ​មុន​។
​ ​
​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​ខេត​ ​អឹ​ព្រេហ្សល​ ​(​KAT​ ​APPRAILSAL​)​ ​អ្នកនាង​ ​ចេវ​ ​សុ​ឃុន​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ជ្រៃធំ​ ​ជាពិសេស​នៅ​ជិត​ច្រកព្រំដែន​ ​មានតម្លៃ​ថ្លៃ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ​ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​មានការ​រីក​លូតលាស់​ ​និង​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​។​ ​អ្នកនាង​បន្ត​ថា​ ​ចំពោះ​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ ​(​ផ្លូវ​លេខ២១​)​ ​គឺ​កំពុងតែ​មានតម្លៃ​ខ្ពស់​ ​ស្ទើរតែ​មួយ​គុណ​នឹង​បួន​ដូចជា​កាលពី​ប្រមាណ៤ឆ្នាំមុន​ ​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ត្រឹម​ជាង១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំ២០១៩ទីតាំង​ដដែល​នេះ​ ​គឺ​មានតម្លៃ​រហូតដល់​ចន្លោះ​ចាប់ពី​៤០០​ ​ដុល្លារ​ទៅ៥០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

​ដោយឡែក​ ​សម្រាប់​ដី​ដែល​នៅ​ផ្លូ​វតូចៗ​ ​ឬនៅ​ផ្លូវ​ខាងក្នុង​កាលពី៤ឆ្នាំ​ ​មុន​មានតម្លៃ​ត្រឹម១០ដុល្លារ​ ​ប៉ុន្តែ​ពេលនេះ​ដី​តំបន់​ដដែល​មានតម្លៃ​ចន្លោះ​ពី៦០​ ​ទៅ៧០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​ចំពោះ​ដីស្រែ​ដែល​ធ្លាប់​មានតម្លៃ៥ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​កាលពី៤​-​៥ឆ្នាំមុន​នោះ​ ​ពេលនេះ​អាច​លក់​បាន​រហូតដល់​ក្នុង​ចន្លោះ៤០​-​៥០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​អ្នក​នាង​ចេវ​ ​សុ​ឃុន​ ​បាន​បន្ត​ទៀត​ថា​ ​ហេតុផល​ដែល​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ឡើង​ខ្លាំង​ ​ក៏​ព្រោះតែ​តំបន់​ច្រក​ជ្រៃធំ​មានការ​អភិវឌ្ឍ​លឿន​ ​ដែល​វា​ក្រៅពី​ជា​ច្រកចេញ​ចូល​ ​និង​ដឹកជញ្ជូន​នូវ​ទំនិញ​រវាង​កម្ពុជា​ ​-​វៀតណាម​ ​វា​ក៏​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​ ​ជាពិសេស​អ្នក​វិនិយោគ​ចិន​ ​និង​ម៉ាឡេស៊ី​ ​ដែល​ភាគច្រើន​ពួកគេ​ផ្តោត​សំខាន់​ ​លើ​ការ​វិនិយោគ​ផ្នែក​វិស័យ​សំណង់​ ​ដូចជា​ ​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​កាស៊ីណូ​ ​មណ្ឌល​កម្សាន្ត​ ​អាហារដ្ឋាន​ ​និង​ហាង​លក់ទំនិញ​ ​ហើយក៏​មានការ​វិនិយោគ​ផ្នែក​រោងចក្រ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here