ដោយ រ៉ាណេត
កណ្តាល៖ មន្រ្តីជំនាញបាននិយាយថា ច្រកព្រំដែនអន្តរជាតិជ្រៃធំ នឹងមានការវិវ ឌ្ឍក្លាយជាទីក្រុង បន្ទាប់ពីក្លាយជាច្រកទ្វារអន្តរជាតិនាពេលខាងមុខ។ នេះបើតាមការឱ្យដឹងពីមន្រ្តីជំនាញជាន់ខ្ពស់ប្រចាំខេត្តកណ្តាលកាលពីពេលកន្លងទៅនេះ។

-->
អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត វ៉ាន់ វ៉ាតបានប្រាប់តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី៨ ខែមេសា នេះថា ការអភិវឌ្ឍនៅតំបន់នេះ គឺមានការពាក់ព័ន្ធ ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តដើម្បីជំរុញដល់សេដ្ឋកិច្ចប្រជាជនផង និងជាការការពាររបងព្រំដែនផង។
លោកបានបញ្ជាក់ថា កាលពីមុនយើងហាក់មិនទាន់បានគិតគូរលម្អិត ទៅលើតំបន់នេះនៅឡើយទេ ប៉ុន្តែបច្ចុប្បន្ននេះរាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយថ្នាក់ដឹកនាំខេត្ត ដែលធ្វើការអភិវឌ្ឍន៍តំបន់មួយនេះ ឱ្យក្លាយទៅជាទីក្រុងដ៏ឆើតឆាយមួយ ហើយក៏បង្កើនសក្ដានុពលតំបន់ជ្រៃធំនេះ ឱ្យក្លាយជាច្រកព្រំដែនអន្តរជាតិដែលមានការដឹកជញ្ជូនយ៉ាងសកម្ម។
លោកបន្តទៀតថា “តាមរយៈការកែប្រែទម្រង់របត់ថ្មី ក្រោមការខិតខំពីសំណាក់អភិបាលខេត្ត ដើម្បីពង្រីកវិសាលភាពពីច្រកទ្វារតំបន់ឱ្យក្លាយជាច្រកទ្វារអន្តរជាតិ តំបន់នេះនឹងសក្ដានុពលកាន់តែខ្លាំង”។លោកបន្តថា “ដូច្នេះការរៀបចំរចនាសម្ព័ន្ធផ្សេងៗ ចាំបាច់ត្រូវបានលើកតម្កើង ហើយនៅចំពោះមុខរដ្ឋាភិបាលបានអភិវឌ្ឍន៍ ផ្លូវចំនួនមួយខ្សែដែលមានទំហំ៥០ម៉ែត្រ តភ្ជាប់ជាមួយប្រទេសវៀតណាមរួចរាល់ហើយ ក៏ដូចជាស្ពាន មិត្តភាព ជ្រៃធំ-ឡុងប៊ិន ដែលមានទំហំជាង១០ម៉ែត្រ និងប្រវែងជាង២០០ម៉ែត្រ ដែលជាច្រកអន្តរជាតិផ្លូវគោក”។
ច្រកទ្វារអន្តរជាតិជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
លោកបណ្ឌិតវ៉ាន់ វ៉ាតបានបន្តថា ទាំងអស់នេះបានបង្កភាពកាន់តែងាយស្រួលក្នុងការដឹកជញ្ជូន និងអូសទាញការវិនិយោគមកកាន់តំបន់នេះ កាន់តែច្រើនឡើង និងមានភាពល្អប្រសើរជាងតំបន់ព្រំដែនដទៃទៀត ដោយសារតែវាមានចម្ងាយត្រឹមតែប្រមាណជាង៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយក៏ជាចំណុចតភ្ជាប់ខេត្តចំនួន៣ រួមមានខេត្តកណ្តាល ខេត្តតាកែវ និងខេត្តព្រៃវែង។ លោកបន្ថែមថា ភាពល្អប្រសើរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលស្ថិតនៅក្នុងប្លង់គោលទាំងអស់នេះ ក៏បានជួយជំរុញឱ្យវិស័យដីធ្លីនៅតំបន់នេះមានភាពផុសផុលឡើងគួរឱ្យគត់សម្គាល់ ដែលផ្ទុយស្រឡោះកាលពីប្រមាណជាង ៤ឆ្នាំមុន។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ ខេត អឹព្រេហ្សល (KAT APPRAILSAL) អ្នកនាង ចេវ សុឃុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យនៅតំបន់ជ្រៃធំ ជាពិសេសនៅជិតច្រកព្រំដែន មានតម្លៃថ្លៃស្ទើរមិនគួរឱ្យជឿ ហើយវិស័យហេដ្ឋារចនាសម្ព័ន្ធក៏មានការរីកលូតលាស់ និងអភិវឌ្ឍគួរឱ្យកត់សម្គាល់។ អ្នកនាងបន្តថា ចំពោះដីដែលស្ថិតនៅជាប់ផ្លូវធំ (ផ្លូវលេខ២១) គឺកំពុងតែមានតម្លៃខ្ពស់ ស្ទើរតែមួយគុណនឹងបួនដូចជាកាលពីប្រមាណ៤ឆ្នាំមុន ដីនៅតំបន់នេះមានតម្លៃត្រឹមជាង១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ឆ្នាំ២០១៩ទីតាំងដដែលនេះ គឺមានតម្លៃរហូតដល់ចន្លោះចាប់ពី៤០០ ដុល្លារទៅ៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ដោយឡែក សម្រាប់ដីដែលនៅផ្លូវតូចៗ ឬនៅផ្លូវខាងក្នុងកាលពី៤ឆ្នាំ មុនមានតម្លៃត្រឹម១០ដុល្លារ ប៉ុន្តែពេលនេះដីតំបន់ដដែលមានតម្លៃចន្លោះពី៦០ ទៅ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចំពោះដីស្រែដែលធ្លាប់មានតម្លៃ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េកាលពី៤-៥ឆ្នាំមុននោះ ពេលនេះអាចលក់បានរហូតដល់ក្នុងចន្លោះ៤០-៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាងចេវ សុឃុន បានបន្តទៀតថា ហេតុផលដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅតំបន់ឡើងខ្លាំង ក៏ព្រោះតែតំបន់ច្រកជ្រៃធំមានការអភិវឌ្ឍលឿន ដែលវាក្រៅពីជាច្រកចេញចូល និងដឹកជញ្ជូននូវទំនិញរវាងកម្ពុជា -វៀតណាម វាក៏ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ដែលប្រមូលផ្តុំទៅដោយអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគចិន និងម៉ាឡេស៊ី ដែលភាគច្រើនពួកគេផ្តោតសំខាន់ លើការវិនិយោគផ្នែកវិស័យសំណង់ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ មណ្ឌលកម្សាន្ត អាហារដ្ឋាន និងហាងលក់ទំនិញ ហើយក៏មានការវិនិយោគផ្នែករោងចក្រផងដែរ៕