ដោយ រ៉ាណេត
ភ្នំពេញ៖ បើទោះបីជាតំបន់ព្រែកព្នៅ ត្រូវបានកាត់បញ្ចូលមកជាចំណុះរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ពិតមែន ប៉ុន្តែបើគេសម្លឹងមើលពីវិសាលភាព និងតម្លៃអចលនទ្រព្យនៅក្នុងខណ្ឌមួយនេះនៅមានអត្រាកំណើនក្នុងភាគរយខ្ពស់ ដោយសារអចលនទ្រព្យនៅក្នុងខ័ណ្ឌនេះ មានតម្លៃទាបបើធៀបជាមួយបណ្តាខណ្ឌដទៃទៀត។

-->
ប្រធានសមាគមអ្នកជំនាញអលចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី៨ មេសានេះថា តម្លៃអចលនទ្រព្យឡើងឬនៅទ្រឹង គឺអាស្រ័យទៅលើតម្រូវការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ឬនៅតំបន់ជិតខាង។
ដោយឡែក តម្លៃអចលនទ្រព្យហាក់នៅមានកម្រិតនៅឡើយ។ លោកថា នៅក្នុងខណ្ឌនេះ ការរស់នៅ ក៏ដូចជា ការប្រកបមុខជំនួញនានាគឺមានភាពល្អប្រសើរ ប៉ុន្តែចំពោះវិសាលភាពសម្រាប់ធ្វើការអភិវឌ្ឍន៍គឺនៅមានទំហំធំធេងនៅឡើយ ហើយភាគច្រើនគឺជាគម្រោងពុះដីឡូតិ៍ ជាក់ស្ដែងដូចជានៅតំបន់ជុំវិញបឹងតាម៉ោកជាដើម។
លោកបន្តថា “នៅពេលខាងមុខ ប្រសិនបើមានគម្រោង ឬមានការអភិវឌ្ឍន៍ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យសំណង់ជាដើម នោះនឹងធ្វើឱ្យតម្លៃអចលនទ្រព្យនៅក្នុងខណ្ឌមួយនេះមានភាពល្អប្រសើរ”។
លោកបន្តទៀតថា ដោយសារតែខណ្ឌព្រែកព្នៅ មានចម្ងាយហាក់ឆ្ងាយពីរាជធានីភ្នំពេញ ដូច្នេះចំពោះតម្លៃលើវិស័យអចលនទ្រព្យ គឺនៅមានកម្រិតនៅឡើយ បើធ្វើការប្រៀបធៀបជាមួយបណ្តាយខណ្ឌដទៃទៀត ដែលស្ថិតនៅជាយក្រុងដូចគ្នា។ ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ តម្លៃដីដែលល្អនៅក្នុងខណ្ឌព្រែកព្នៅ គឺស្ថិតនៅតំបន់គីឡូលេខ៩ គីឡូលេខ១០ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលអាចក្នុងចន្លោះ៥០០-៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ (ចំពោះដីដែលមានទំហំធំ)។ ដោយឡែកចំពោះដីដែលមានទំហំតូច ឬជាដីលំនៅដ្ឋានដែលស្ថិតនៅតំបន់ទីប្រជុំជន គឺមានតម្លៃក្នុងចន្លោះចាប់ពី ៨០០-១០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុន R Investment Group លោកឧកញ៉ាតេង រិទ្ធី បានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្ននេះខណ្ឌព្រែកព្នៅ មានការប្រែប្រួលខ្លាំង បើធៀបនឹងរយៈកាល១ទៅ២ឆ្នាំមុន ។ អចលនទ្រព្យព្រែកព្នៅឥឡូវនេះ មានតម្រូវការច្រើន ដោយសារមានមនុស្សជាច្រើនចាប់ផ្តើម មានចំណាប់អារម្មណ៍ទៅរស់នៅទីនោះកាន់តែច្រើន ហើយក៏ចាប់ផ្តើមមានគម្រោងបុរី សំណង់លំនៅដ្ឋានកម្រិតមធ្យមចូលទៅអភិវឌ្ឍផងដែរ។

លោកបន្តថា “តម្លៃអចលនទ្រព្យនៅក្នុងខណ្ឌមួយនេះ នឹងកាន់តែមានភាពល្អប្រសើរច្រើននាពេលខាងមុខ ដោយសារតែនៅក្បែរតំបន់នេះ មានសួនកម្សាន្តលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន លីយ៉ុងផាត់ ក៏ដូចជាពហុកីឡាដ្ឋានមរតកសម្ដេចតេជោ ដែលគ្រោងនឹងចាប់ដំណើការនៅអំឡុងឆ្នាំ២០២៣ ខណៈដែលតម្លៃនាពេលបច្ចុប្បន្ននេះ មានការកើនឡើងទ្វេរដង”៕