ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងសិក្សាជ្រើសរើសសាងសង់ ប្រព័ន្ធផ្លូវរត់ភ្លើងទំនើបក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផ លការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ នា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩បានមានប្រសាសន៍ថា ប្រព័ន្ធផ្លូវរត់ភ្លើង AGG រត់នៅលើអាកាសបានសិក្សារួចហើយ តែមានក្រុមហ៊ុនផ្សេងទៀតនឹងមកសិក្សាប្រពន្ធផ្លូវរត់ភ្លើង Monorail Way ដែលមិនសូវមានសម្លេងលឺទេ ព្រោះវាប្រើកង់កៅស៊ូមិនដូចរថភ្លើងសព្វថ្ងៃ ហើយមានតម្លៃថោកជាងប្រពន្ធផ្លូវរត់ភ្លើង AGG។
លោករដ្ឋមន្ត្រីបន្តថា ប្រព័ន្ធផ្លូវរត់ភ្លើងនៅក្រោមដីមានតម្លៃថ្លៃ តែវាល្អជាង Monorail Way ដែលអាចជួយសម្រួលដល់ការដឹកជញ្ជូន ហើយសម្រាប់រាជធានីភ្នំពេញយើងកំពុងសិក្សាជម្រើសណាមួយដែល្អ សម្រាប់សាងសង់នាពេលខាងមុខនេះ។
រាជនីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក មានកំណើនរថយន្តកើនឡើងច្រើនគួរឲ្យកត់សម្គាល់ដោយសារជីវភាពពលរដ្ឋសមរម្យ មានលទ្ធភាពក្នុងការទិញរថយន្ត និងសេដ្ឋកិច្ចមានការរីចកម្រើន បានធ្វើមានការកកស្ទះចរាចរណ៍កើនឡើងនៅលើដងផ្លូវ។
កន្លងមកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសិក្សាលើការកសាងបណ្តាញរថភ្លើងលើអាកាស (Sky Train) ចំនួនបីខ្សែរួមហើយ។ ជាមួយគ្នានេះកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនកសាងបណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់ចិនក៏បានសន្យាជួយសាងសង់ប្រព័ន្ឋផ្លូវរថភ្លើងទំនើបនៅទីក្រុងភ្នំពេញ តបតាមសំណើរសុំរបស់លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលផងដែរ៕






