ដំណឹងល្អ​! ផ្សារ​ទំនើប​ចំនួន៩ទៀត​ ត្រៀមខ្លួន​ឈានជើង​ចូល​ទីផ្សារ​នា​ពេល​ខាងមុខ​

1

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ បើ​មិន​ការប្រែប្រួល​នោះ​ទេ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០ខាងមុខនេះ​ ផ្សារ​ទំនើប​ធំៗ​ចំនួន៩ទៀត​ នឹង​ត្រៀមខ្លួន​ចូល​មក​ដំណើរការ​នៅ​លើ​ទីផ្សារ​ បន្ទាប់ពី​គម្រោង​សា​សង់​ត្រូវ​បាន​បញ្ចប់​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩​។

វត្តមាន​របស់​ផ្សារ​ទំនើប​ចំនួន៩​ ដែល​រួមមាន​ដូចជា​៖ ផ្សារ​ទំនើប​ Phnom​ Penh​ Mega​ Mall​, The​ Olympia​ Mall​, Chip​ Mong​ Baktouk​ CC​, WB​ Arena​, The​ Park​, The​ Point​, Noro​ Mall​, The​ Bridge​, និង​ Midtown​-mall​ នឹង​ធ្វើ​ឱ្យ​មាន​បរិយាកាស​សង្គម​កាន់តែ​មាន​ភាព​ស៊ីវិល័យ​ ទាន់សម័យ​ និង​ផ្តល់​ភាព​ស្រួល​ដល់​ប្រជាជន​ក្នុង​តំបន់​ ហើយក៏​ជា​ការចូលរួម​លើកកម្ពស់​ លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សង្គម​ផង​ដែរ​។

អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៩​ មេសា​កន្លងមក​ថា​ សម្រាប់​ឆ្នាំ២០១៩​ ទំហំ​នៃ​ផ្ទៃក្រឡា​សម្រាប់​ដាក់​លក់រាយ​ នៅក្នុង​បណ្តា​ផ្សារ​ទំនើប​នៅ​កម្ពុជា​ មាន​កំណើន​រហូតដល់​ចំនួន៣៤៨​,០០០​ ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ២០១៨​ ផ្ទៃក្រឡា​សម្រាប់​ទីតាំង​ លក់រាយ​មាន​ចំនួន​ត្រឹមតែ២៨២​,០០០​ ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

កញ្ញា​បន្ត​ថា​ “ការ​កើនឡើង​ផ្សារ​ទំនើប​យ៉ាងច្រើន​នៅ​ឆ្នាំ២០១៩នេះ​ មួយភាគធំ​គឺជា​ផ្នែក​ដែល​បន្សល់​ ពី​គម្រោង​ចាស់​ដែល​មិនទាន់​បញ្ចប់​រួចរាល់​កាលពី​ឆ្នាំ២០១៨​”។

យោង​តាម​របាយការណ៍​របស់​ CBRE​ បាន​ឲ្យដឹង​ផង​ដែរ​ថា​ នៅ​ឆ្នាំ២០១៨កន្លងមក​នេះ​ កំណើន​នៃ​ចំនួន​ម៉ាក​ផលិតផល​ថ្មី​បាន​កើនឡើង​ តាមរយៈ​ទីផ្សារ​ទំនើប​រហូតដល់៦៥ម៉ាក​ ខណៈ​ឆ្នាំ២០១៧​ ដែល​មាន​ត្រឹម២៩ម៉ាក​។ ផលិត​ផលល្បីៗ​ដែល​នាំចូល​ ភាគច្រើន​ជា​ប្រភេទ​ចំណីអាហារ​ និង​ភេសជ្ជៈ​ និង​ត្រូវ​បាន​នាំចូល​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​មួយ​ចំណែក​តូច​ត្រូវ​បាន​នាំចូល​មក​ពី​ប៉ែក​អឺរ៉ុប​ ដូចជា​សម្ភារៈ​ប្រើប្រាស់​ និង​សម្លៀកបំពាក់​ជាដើម​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ ជាមួយ​វត្តមាន​នៃ​ផ្សារ​ទំនើប​ទាំងនេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ បើ​ទោះជា​ផ្សារ​ទំនើប​ចំនួន៩​ ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ពិតជា​ដំណើរ​មែន​ ក៏​វា​នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ដែល​វា​ទាមទារ​ឱ្យ​មាន​បណ្តា​អ្នក​វិនិយោគ​ ចូល​មក​បង្កើត​ផ្សារ​ទំនើប​ដូចនេះ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​សមស្រប​ទៅតាម​តម្រូវការ​។ លោក​បន្ត​ថា​ បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​ ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ ភាគច្រើន​គឺ​នៅ​មាន​ភាព​ពេញនិយម​ជាមួយ​ផ្សារ​ប្រពៃណី​ ដូចជា​ផ្សារដើមគរ​ ផ្សារ​អូរឫស្សី​ ផ្សារ​ច្បារអំពៅ​ ក៏ដូចជា​ផ្សារថ្មី​ជាដើម​ ក៏​ព្រោះតែ​ផ្សារ​ទំនើប​នៅ​មិនទាន់​អាច​បំពេញ​នូវ​តម្រូវការ​បាន​ទាំងស្រុង​។

លោក​បាន​បន្ត​ទៀត​ថា​ “វត្តមាន​នៃ​កំណើន​ផ្សារ​ទំនើប​ នឹង​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ជួយ​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​ វិស័យ​ពាណិជ្ជកម្ម​ ក៏ដូចជា​សុខុមាលភាព​របស់​ប្រជាជន​ផង​ដែរ​”។ លោក​បន្ត​ថា​ “នៅពេល​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ ទីក្រុង​កាន់តែ​រីក​ធំ​ ហើយ​អាជីវករ​ ឬពាណិជ្ជករ​ ដែល​ធ្លាប់តែ​ប្រកបតាម​បែប​ប្រពៃណី​នោះ​ នឹង​ងាក​ចូល​ទៅ​ប្រកបរបរ​នៅក្នុង​ផ្សារ​ទំនើប​វិញ​”។

ហេតុផល​ដោយសារ​ តែ​នៅពេល​ដែល​ផ្សារ​ទំនើប​មាន​កាន់តែ​ច្រើន​ នោះ​ទីតាំង​ជួល​នឹង​មាន​ភាព​ទូលាយ​ ហើយ​តម្លៃ​ក៏​មានកម្រិត​ទាប​ក្រោម​ការប្រកួត​ប្រជែង​ និង​កាន់តែ​ផ្តល់​លទ្ធភាព​ដល់​បណ្តា​អាជីវករ​ ដែល​មាន​បំណង់​ចង់​ប្រក​អាជីវកម្ម​នៅក្នុង​ផ្សារ​ទំនើប​។ ធម្មតា​ នៅពេល​ប្រទេស​មួយ​កាន់តែ​រីកចម្រើន​ មានការ​អភិវឌ្ឍន៍​ ប្រជាពលរដ្ឋ​កាន់តែ​មានលទ្ធភាព​ខ្ពស់​ នោះ​គឺ​សុទ្ធតែ​ត្រូវការ​ផ្សារ​ទំនើប​នេះ​ទាំងអស់​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here