ដោយ រ៉ាណេត
ភ្នំពេញ៖ បើមិនការប្រែប្រួលនោះទេ នៅត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ ផ្សារទំនើបធំៗចំនួន៩ទៀត នឹងត្រៀមខ្លួនចូលមកដំណើរការនៅលើទីផ្សារ បន្ទាប់ពីគម្រោងសាសង់ត្រូវបានបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០១៩។

ដោយ រ៉ាណេត
ភ្នំពេញ៖ បើមិនការប្រែប្រួលនោះទេ នៅត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ ផ្សារទំនើបធំៗចំនួន៩ទៀត នឹងត្រៀមខ្លួនចូលមកដំណើរការនៅលើទីផ្សារ បន្ទាប់ពីគម្រោងសាសង់ត្រូវបានបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០១៩។

វត្តមានរបស់ផ្សារទំនើបចំនួន៩ ដែលរួមមានដូចជា៖ ផ្សារទំនើប Phnom Penh Mega Mall, The Olympia Mall, Chip Mong Baktouk CC, WB Arena, The Park, The Point, Noro Mall, The Bridge, និង Midtown-mall នឹងធ្វើឱ្យមានបរិយាកាសសង្គមកាន់តែមានភាពស៊ីវិល័យ ទាន់សម័យ និងផ្តល់ភាពស្រួលដល់ប្រជាជនក្នុងតំបន់ ហើយក៏ជាការចូលរួមលើកកម្ពស់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសង្គមផងដែរ។
អ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia កញ្ញា គឹម គិនកេសា បានប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៩ មេសាកន្លងមកថា សម្រាប់ឆ្នាំ២០១៩ ទំហំនៃផ្ទៃក្រឡាសម្រាប់ដាក់លក់រាយ នៅក្នុងបណ្តាផ្សារទំនើបនៅកម្ពុជា មានកំណើនរហូតដល់ចំនួន៣៤៨,០០០ ម៉ែត្រការ៉េ ខណៈដែលកាលពីឆ្នាំ២០១៨ ផ្ទៃក្រឡាសម្រាប់ទីតាំង លក់រាយមានចំនួនត្រឹមតែ២៨២,០០០ ម៉ែត្រការ៉េតែប៉ុណ្ណោះ។
កញ្ញាបន្តថា “ការកើនឡើងផ្សារទំនើបយ៉ាងច្រើននៅឆ្នាំ២០១៩នេះ មួយភាគធំគឺជាផ្នែកដែលបន្សល់ ពីគម្រោងចាស់ដែលមិនទាន់បញ្ចប់រួចរាល់កាលពីឆ្នាំ២០១៨”។
យោងតាមរបាយការណ៍របស់ CBRE បានឲ្យដឹងផងដែរថា នៅឆ្នាំ២០១៨កន្លងមកនេះ កំណើននៃចំនួនម៉ាកផលិតផលថ្មីបានកើនឡើង តាមរយៈទីផ្សារទំនើបរហូតដល់៦៥ម៉ាក ខណៈឆ្នាំ២០១៧ ដែលមានត្រឹម២៩ម៉ាក។ ផលិតផលល្បីៗដែលនាំចូល ភាគច្រើនជាប្រភេទចំណីអាហារ និងភេសជ្ជៈ និងត្រូវបាននាំចូលមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមួយចំណែកតូចត្រូវបាននាំចូលមកពីប៉ែកអឺរ៉ុប ដូចជាសម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់ជាដើម។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានបង្ហាញពីក្ដីសាទរ ជាមួយវត្តមាននៃផ្សារទំនើបទាំងនេះ ដោយលោកបានមានប្រសាសន៍ថា បើទោះជាផ្សារទំនើបចំនួន៩ ដូចបានរៀបរាប់ខាងលើនេះពិតជាដំណើរមែន ក៏វានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ដែលវាទាមទារឱ្យមានបណ្តាអ្នកវិនិយោគ ចូលមកបង្កើតផ្សារទំនើបដូចនេះបន្ថែមទៀត ដើម្បីឱ្យសមស្របទៅតាមតម្រូវការ។ លោកបន្តថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងរាជធានីភ្នំពេញ ភាគច្រើនគឺនៅមានភាពពេញនិយមជាមួយផ្សារប្រពៃណី ដូចជាផ្សារដើមគរ ផ្សារអូរឫស្សី ផ្សារច្បារអំពៅ ក៏ដូចជាផ្សារថ្មីជាដើម ក៏ព្រោះតែផ្សារទំនើបនៅមិនទាន់អាចបំពេញនូវតម្រូវការបានទាំងស្រុង។
លោកបានបន្តទៀតថា “វត្តមាននៃកំណើនផ្សារទំនើប នឹងចូលរួមចំណែកយ៉ាងធំក្នុងការជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ក៏ដូចជាសុខុមាលភាពរបស់ប្រជាជនផងដែរ”។ លោកបន្តថា “នៅពេលមានផ្សារទំនើបកាន់តែច្រើន ទីក្រុងកាន់តែរីកធំ ហើយអាជីវករ ឬពាណិជ្ជករ ដែលធ្លាប់តែប្រកបតាមបែបប្រពៃណីនោះ នឹងងាកចូលទៅប្រកបរបរនៅក្នុងផ្សារទំនើបវិញ”។

ហេតុផលដោយសារ តែនៅពេលដែលផ្សារទំនើបមានកាន់តែច្រើន នោះទីតាំងជួលនឹងមានភាពទូលាយ ហើយតម្លៃក៏មានកម្រិតទាបក្រោមការប្រកួតប្រជែង និងកាន់តែផ្តល់លទ្ធភាពដល់បណ្តាអាជីវករ ដែលមានបំណង់ចង់ប្រកអាជីវកម្មនៅក្នុងផ្សារទំនើប។ ធម្មតា នៅពេលប្រទេសមួយកាន់តែរីកចម្រើន មានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានលទ្ធភាពខ្ពស់ នោះគឺសុទ្ធតែត្រូវការផ្សារទំនើបនេះទាំងអស់៕

[…] ប្រភព៖ Property Area […]