គំរោងវិនិយោគតម្លៃ១០០០លានដុល្លារត្រូវបានអនុម័តក្នុងរយៈ ពេល២ខែដើមឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​​រយៈ​ពេល២​ខែ​ដើម​ឆ្នាំ ​២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងចំនួន១១២គម្រោង​ និង​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ១ពាន់​លាន​ដុល្លារ​។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា បាន​ឱ្យ​ដឹង​ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤ ដែលមានទុនវិនិយោគសរុប ៣២១លានដុល្លារ និងអាចបង្កើតការងារបាន២៥ពាន់កន្លែង។

ក្នុងចំណោមគំរោងទាំងនោះ គម្រោងវិនិយោគ ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២១គម្រោង និង​ក្នុងតំបន់សេដ្ឋកិច្ចពិសេស២៣គម្រោង។

ជារួម​ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការអនុម័តគម្រោងវិនិយោគ បាន​កើនឡើងចំនួន៧គម្រោង បើ​ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤​។

ចំនួនគម្រោង​វិនិយោគរយៈពេល២ខែដើមឆ្នាំនេះ មានការកើនឡើង៤៣​គម្រោង  ​បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤​។

យោង​តាមCDCគម្រោង​ធំៗ ​ដែល​បាន​អនុម័ត​ក្នុង​ខែ​កុម្ភៈ មាន​ដូចជា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ស្ថានីយ៍ ​ផលិត​អគ្គិសនីដើរ​ដោយ​ថាម​ពល​ព្រះ​អាទិត្យ​ នៅ​​ស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង មាន​ទុន​វិនិយោគ ៣៣​លាន​ដុល្លារ គម្រោងវិនិយោគ​បង្កើតរោងចក្រ កែច្នៃលោហធាតុ ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត មាន​ទុន​វិនិយោគ ៣១​លាន​ដុល្លារ គម្រោង​វិនិយោគបង្កើតរោងចក្រ​កាត់ដេរ ចាក់សម្លៀកបំពាក់ និង​ជ្រលក់ពណ៌ នៅ​ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ ទុន​វិនិយោគ១៨​លាន​ដុល្លារ។ គម្រោងវិនិយោគ ​បង្កើតរោងចក្រផលិតឧបករណ៍ និង​សម្ភារ​ប្រើ​ប្រាស់​ធ្វើ​ពីលោហៈ និង​ប្លាស្ទិក នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ចេជាង មាន​ទុន២២​លាន​ដុល្លារ និង​គម្រោង​វិនិយោគបង្កើតរោងចក្រ​ផលិតគ្រឿង​សង្ហារិម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្វ័រសុន ហ្គីហ្គា(ខេត្ត​ស្វាយរៀង) មាន​ទុន​វិនិយោគ១៦,៨លាន​ដុល្លារ ជា​ដើម​។​

ក្នុង​ចំណោម​គម្រោងដែលCDC ​អនុម័ត​ក្នុង​ខែ​កុម្ភៈ គឺ​មាន​ប្រ​ភព​ទុន​មក​ពីវិនិយោគិន​ចិន​ចំនួន ៨៦,៧៥​ភាគរយ, សិង្ហបុរី ១១,៩៧​ភាគរយ, អូស្រ្តាលី០,៨​ភាគរយ និង​អង់គ្លេស ០,៤៨​ភាគរយ​។​

ភាគ​ច្រើន​នៃ​គម្រោងទាំង៤៤ ស្ថិត​ក្នុង​ខេត្តស្វាយរៀង ​កំពង់ស្ពឺ កោះកុង រាជធានីភ្នំពេញ តាកែវ ​ព្រះសីហនុ និង​ខេត្ត​កំពង់​ឆ្នាំង។

ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំង៣២១លាន​ដុល្លារ គឺ​ក្នុង​វិស័យ​ឧស្សាហកម្ម មាន​ចំនួន២៨៨​លាន​ដុល្លារ ក្រៅ​ពី​នោះ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ​។​

កាលពី​ឆ្នាំ​ ២០២៤ បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន៤១៤ គម្រោង កើន​ឡើង៥៤ភាគ​រយ​(​១៤៦ គម្រោង) ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន២៦៨គម្រោង។

ទុន​វិនិយោគ​សរុប​របស់​គម្រោង​ទាំង៤១៤ គឺ​​ប្រមាណ៦,៩ ពាន់​លាន​ដុល្លារ កើន​ឡើង៤០​ភាគ​រយ ពី​ចំនួន៤,៩២ពាន់​លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here