ដោយ រ៉ាណេត
ភ្នំពេញ៖ សំណួរសួរថា តើមានហេតុផលអ្វី ដែលចេះតែធ្វើឱ្យតម្លៃដីចេះតែបន្តឡើងថ្លៃជាបន្តបន្ទាប់នៅកម្ពុជា ? ជាការឆ្លើយតបទៅនឹងចម្ងល់មួយនេះ អ្នកជំនាញដែលមានបទពិសោធន៍ និងទទួលបានភាពជោគជ័យនៅលើមុខជំនួញផ្នែកអចលនទ្រព្យបានបង្ហើបពីមូលហេតុដែលនាំឱ្យមានការកើនឡើងនូវតម្លៃដីធ្លីដូចខាងក្រោម។
លោកបណ្ឌិត គីម ហ៊ាង នាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate Co,. td បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីពេលកន្លងទៅនេះថា មានមូលហេតុ និងកត្តាសំខាន់ៗចំនួន៥ ដែលធ្វើឱ្យដីធ្លីឡើងថ្លៃ។
ទី១) កត្តានយោបាយៈ គឺសុខសន្តិភាព និងស្ថិរភាពនយោបាយជាផ្នែកមួយ ដែលធ្វើឱ្យតម្លៃដីធ្លីកើនឡើង ព្រោះបើសិនជាប្រទេសយើងគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ក៏មិនមានអ្នកវិនិយោគចូលមកដែរ ហើយដីក៏មិនឡើងថ្លៃដែរ។
ទី២) កត្តាសេដ្ឋកិច្ចៈ សេដ្ឋកិច្ចពិតជាមានសារៈសំខាន់ ព្រោះបើសេដ្ឋកិច្ចមិនកើនឡើង ប្រជាពលរដ្ឋក៏មិនមានប្រាក់ចំណូលកើនឡើងដែរ ហើយអ្នកវិនិយោគបើពួកគេ មិនអាចរកផលចំណេញបាន ពួកគេក៏មិនមកវិនិយោគផងដែរ។
ទី៣) កត្តាពាណិជ្ជកម្ម និងសេដ្ឋកិច្ចមូលដ្ឋានៈ តាមធម្មតាពេលតំបន់ណាមួយគ្មានសកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍទេ ដីធ្លីក៏មិនឡើងថ្លៃនោះទេ។
ផ្ទុយទៅវិញ បើសិនជាតំបន់ណាមួយនោះមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មផុសផុល តម្លៃដីធ្លីនឹងកើនឡើងជាស្វ័យប្រវត្តិមិនខាន។
ទី៤) កត្តាប្រជាសាស្រ្តៈ ធម្មតាតម្លៃដីធ្លីមិនកើនឡើងនៅទីវាលរហោស្ថាន ដែលស្ងប់ស្ងាត់ និងគ្មានមនុស្សរស់នៅច្រើននោះទេ បើទោះជាកើនឡើង ក៏មិនកើនឡើងខ្លាំងដែរ ព្រោះថាទីណាមានមនុស្សច្រើន សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងកើនមាននៅតំបន់នោះ ហើយពេលណាសកម្មភាពពាណិជ្ជកម្មកើនឡើង តម្លៃដីធ្លីក៏កើនឡើងផងដែរ។
ទី៥) កត្តាហេដ្ឋារចនាសម្ព័ន្ឋៈ ជាការពិតហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយសំខាន់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រោះតំបន់ណាមួយមិនមានហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ ដីធ្លីនិងសកម្មភាពពាណិជ្ជកម្មនឹងមិនមានភាពប្រសើរនោះទេ។ ជាក់ស្តែងផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ក្រោយពេលរដ្ឋាភិបាលប្រកាសពង្រីកសកម្មភាណនៃការអភិវឌ្ឍន៍បានកើនឡើង ហើយតម្លៃដីធ្លីក៏បានកើនខ្ពស់លើសការរំពឹងទុកផងដែរ។ នេះជាការបញ្ជាក់ឱ្យដឹងពីសំណាក់ លោកបណ្ឌិត គីម ហ៊ាង កាលពីពេលកន្លងទៅ៕






