ដោយ រ៉ាណេត
ភ្នំពេញ៖ ជាមួយនឹងគម្រោងនៃផ្សារទំនើប ដែលគ្រោងបើកដំណើរការចំនួន៩ បន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០១៩នេះ បានធ្វើឲ្យការផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជាកើនខ្ពស់ជាងប្រទេសវៀតណាម ដែលនៅជិតខាងកម្ពុជា។

ដោយ រ៉ាណេត
ភ្នំពេញ៖ ជាមួយនឹងគម្រោងនៃផ្សារទំនើប ដែលគ្រោងបើកដំណើរការចំនួន៩ បន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០១៩នេះ បានធ្វើឲ្យការផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជាកើនខ្ពស់ជាងប្រទេសវៀតណាម ដែលនៅជិតខាងកម្ពុជា។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIA អ្នកនាង អាន សុធីតា បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៨ ខែមេសានេះថា នៅត្រឹមដំណាច់ឆ្នាំ២០១៩នេះ បើមិនមានអ្វីប្រែប្រួលនោះទេ ផ្សារទំនើបចំនួន៩ទៀតនឹងបង្ហាញវត្តមានដាក់ឱ្យដំណើរការជាផ្លូវការ ដែលក្នុងនោះរួមមាន Phnom Penh Mega Mall, The Olympia Mall, Chip Mong Baktouk CC, WB Arena, The Park, The Point, Noro Mall, The Bridge, និង Midtown-mall ស្មើនឹងប្រមាណ៦៥,០០០ ម៉ែត្រការ៉េបន្ថែមទៀតដាក់ចូលទៅក្នុងទៅផ្សារ ដែលវានឹងធ្វើឱ្យមានបរិយាកាសសង្គម កាន់តែមានភាពស៊ីវិល័យ ទាន់សម័យ និងផ្តល់ភាពស្រួលដល់ប្រជាជនក្នុងតំបន់ ហើយក៏ជាការចូលរួមចំណែកលើកកម្ពស់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធផងដែរ។
អ្នកនាងបន្តថា “នៅកម្ពុជា ទីផ្សារទំនើបត្រូវបានគេផ្តោតសំខាន់ នៅក្នុងរាជធានីភ្នំពេញជាសំខាន់ ខណៈឆ្នាំ ២០១៨ ការផ្គត់ផ្គង់ផ្សារទំនើបនៅក្នុងរាជធានីភ្នំពេញមានចំនួន ៣២៩,០០០ម៉ែត្រការ៉េ ហើយនៅក្នុងឆ្នាំ២០១៩ នឹងបន្ថែមទំហំនៃការផ្គត់ផ្គង់ចំនួនប្រមាណជាង៦៥,០០០ម៉ែត្រការ៉េបន្ថែមទៀត មកលើទីផ្សារមួយនេះ ដែលធ្វើឲ្យការផ្គត់ផ្គង់ផ្សារទំនើបសរុបកើនដល់៣៩៤,០០០ម៉ែត្រការរ៉េ”។
អ្នកនាងអាន សុធីតាបានបន្តថា ចំនួនផ្សារទំនើបខាងលើនេះ បើធ្វើការប្រៀបធៀបជាមួយប្រទេសជិតខាងរវាងការផ្គត់ផ្គង់ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់ គឺរាជធានីភ្នំពេញ មានអត្រា០,១៤ ខ្ពស់ជាងទីក្រុងហូជីមិញ ដែលមានអត្រា ០,១១ ហើយទាបជាងទីក្រុងបាងកក ដែលមានអត្រា០,៤ (ចំនួននេះគណនារវាងចំនួនកំណើនការផ្គត់ផ្គង់ និងតម្រូវការចំនួនប្រជាជនក្នុងតំបន់)។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានបង្ហាញពីក្ដីសាទរ ជាមួយវត្តមាននៃផ្សារទំនើបទាំងនេះ ដោយលោកបានមានប្រសាសន៍ថា បើទោះជាផ្សារទំនើបចំនួន៩ ដូចបានរៀបរាប់ខាងលើនេះពិតជាដំណើរមែន ក៏វានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ដែលវាទាមទារឱ្យមានបណ្តាអ្នកវិនិយោគ ចូលមកបង្កើតផ្សារទំនើបដូចនេះបន្ថែមទៀត ដើម្បីឱ្យសមស្របទៅតាមតម្រូវការនៃការប្រើប្រាស់ក្នុងស្រុក។
លោកបន្តថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងរាជធានីភ្នំពេញ ភាគច្រើន នៅមានភាពពេញនិយមជាមួយផ្សារប្រពៃណី ដូចជាផ្សារដើមគរ ផ្សារអូរឫស្សី ផ្សារច្បារអំពៅ ក៏ដូចជាផ្សារថ្មីជាដើម ក៏ព្រោះតែផ្សារទំនើបនៅមិនទាន់អាចបំពេញនូវតម្រូវការបានទាំងស្រុង។
លោកបានបន្តទៀតថា “វត្តមាននៃកំណើនផ្សារទំនើប នឹងចូលរួមចំណែកយ៉ាងធំក្នុងការជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ក៏ដូចជាសុខុមាលភាពរបស់ប្រជាជនផងដែរ”។ លោកបន្តថា “នៅពេលមានផ្សារទំនើបកាន់តែច្រើន ទីក្រុងកាន់តែរីកធំ ហើយអាជីវករ ឬពាណិជ្ជករ ដែលធ្លាប់តែប្រកបតាមបែបប្រពៃណីនោះ នឹងងាកចូលទៅប្រកបរបរនៅក្នុងផ្សារទំនើបវិញ”។
ហេតុផលដោយសារ តែនៅពេលដែលផ្សារទំនើបមានកាន់តែច្រើន នោះទីតាំងជួលនឹងមានភាពទូលាយ ហើយតម្លៃក៏មានកម្រិតទាបក្រោមការប្រកួតប្រជែង និងកាន់តែផ្តល់លទ្ធភាពដល់បណ្តាអាជីវករ ដែលមានបំណង់ចង់ប្រកអាជីវកម្មនៅក្នុងផ្សារទំនើប។ ធម្មតា នៅពេលប្រទេសមួយកាន់តែរីកចម្រើន មានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានលទ្ធភាពខ្ពស់ នោះគឺសុទ្ធតែត្រូវការផ្សារទំនើបនេះទាំងអស់។

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជា បានថ្លែងថា វាជាការល្អប្រសើរ ដែលមានអ្នកវិនិយោគងាកមកចាប់អារម្មណ៍នៅលើទីផ្សារកម្ពុជា ដែលវាបានបង្ហាញថា កម្ពុជាមានកំណើនសេដ្ឋកិច្ច មានសេ្ថរភាពនយោយ និងសន្តិសុខល្អ ហើយក៏មានផលចំណេញចំពោះប្រជាជនកម្ពុជាផងដែរ តាមរយៈការផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសប្រភេទទីផ្សារ ដែលស្របទៅនឹងកម្រិតជីវភាពរបស់ខ្លួន ជាពិសេសផ្តល់កន្លែងការងារជាច្រើនកន្លែង សម្រាប់ប្រជាជនក្នុងស្រុកផងដែរ ប៉ុន្តែវាក៏មានចំណុចដែលគួរព្រួយបារម្ភផងដែរ។
លោកបានបញ្ជាក់ថា “នៅពេលមានការសម្រុកចូលមកវិនិយោគ លើវិស័យតែមួយ វាអាចនឹងមានបញ្ហាកើតឡើង ដោយសារតែទំហំទីផ្សារមានភាពទូលាយ ហើយតម្រូវការមានភាពចង្អៀតនៅឡើយ”។
លោក ង៉ែត ជូ បានបន្តថា ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ចំណូលប្រជាពលរដ្ឋកម្ពុជានៅមានកម្រិត ដូច្នេះអ្នកដែលមានលទ្ធភាពចំណាយទិញទំនិញ នៅតាមផ្សារទំនើបមានចំនួនតិចនៅឡើយ ហើយនៅតាមផ្សារទំនើបនាពេលបច្ចុប្បន្ននេះ អ្នកទៅកំសាន្តភាគច្រើន ជាអ្នកនិយមដើរមើលកម្សាន្តតែប៉ុណ្ណោះ ដែលវាជាហានិភ័យចំពោះអ្នកវិនិយោគក្នុងអំឡុងពេល៣-៥ ឆ្នាំ ប៉ុន្តែក្រោយពីនេះ អាចមានភាពល្អប្រសើរឡើងវិញ ទម្រាំអតិថិជនមានទំនុកចិត្ត និងស្គាល់ពីប្រភេទទំនិញ ដែលបានផ្គត់ផ្គង់ចូលទីផ្សារ៕