កំណើន​នៃ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅ​​កម្ពុជា​​ហក់​ឡើង​ខ្ពស់​ជាង​ប្រទេស​វៀតណាម​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ជាមួយនឹង​គម្រោង​នៃ​ផ្សារ​ទំនើប​ ​ដែល​គ្រោង​បើក​ដំណើរការ​ចំនួន៩​ ​បន្ថែម​ទៀត​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ ​បាន​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅ​កម្ពុជា​កើន​ខ្ពស់​ជាង​ប្រទេស​វៀតណាម​ ​ដែល​នៅ​ជិតខាង​កម្ពុជា​។​ ​

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​CAMBODIA​ ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ ​កាលពី​ព្រឹក​ថ្ងៃទី១៨​ ​ខែមេសា​នេះ​ថា​ ​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ ​បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ​ផ្សារ​ទំនើប​ចំនួន៩ទៀត​នឹង​បង្ហាញ​វត្តមាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​ដែល​ក្នុង​នោះ​រួមមាន​ ​Phnom​ ​Penh​ ​Mega​ ​Mall​,​ ​The​ ​Olympia​ ​Mall​,​ ​Chip​ ​Mong​ ​Baktouk​ ​CC​,​ ​WB​ ​Arena​,​ ​The​ ​Park​,​ ​The​ ​Point​,​ ​Noro​ ​Mall​,​ ​The​ ​Bridge​,​ ​និង​ ​Midtown​-​mall​ ​ស្មើនឹង​ប្រមាណ៦៥,០០០​ ​ម៉ែត្រការ៉េ​បន្ថែម​ទៀត​ដាក់​ចូល​ទៅ​ក្នុង​ទៅ​ផ្សារ​ ​ដែល​វា​នឹង​ធ្វើ​ឱ្យ​មាន​បរិយាកាស​សង្គម​ ​កាន់តែ​មាន​ភាព​ស៊ីវិល័យ​ ​ទាន់សម័យ​ ​និង​ផ្តល់​ភាព​ស្រួល​ដល់​ប្រជាជន​ក្នុង​តំបន់​ ​ហើយក៏​ជា​ការចូលរួម​ចំណែក​លើក​កម្ពស់​​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។​

​អ្នកនាង​បន្ត​ថា​ ​“​នៅ​កម្ពុជា​ ​ទីផ្សារ​ទំនើប​ត្រូវ​បាន​គេ​ផ្តោត​សំខាន់​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ជា​សំខាន់​ ​ខណៈ​ឆ្នាំ​ ​២០១៨​ ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ​៣២៩,០០០ម៉ែត្រការ៉េ​ ​ហើយ​នៅក្នុង​ឆ្នាំ២០១៩​ ​នឹង​បន្ថែម​ទំហំ​នៃ​ការ​ផ្គត់ផ្គង់​ចំនួន​ប្រមាណ​ជាង៦៥,០០០ម៉ែត្រការ៉េ​បន្ថែម​ទៀត​ ​មក​លើ​ទីផ្សារ​មួយ​នេះ​ ​ដែល​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​សរុប​កើន​ដល់៣៩៤,០០០ម៉ែត្រ​ការ​រ៉េ​”​។​ ​

​អ្នកនាង​អាន​ ​សុធី​តា​បាន​បន្ត​ថា​ ​ចំនួន​ផ្សារ​ទំនើប​ខាងលើ​នេះ​ ​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​រវាង​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ​គឺ​រាជធានី​ភ្នំពេញ​ ​មាន​អត្រា០,១៤​ ​ខ្ពស់​ជាង​ទីក្រុង​ហូជីមិញ​ ​ដែល​មាន​អត្រា ០,១១​ ​ហើយ​ទាប​ជាង​ទីក្រុង​បាងកក​ ​ដែល​មាន​អត្រា០,៤​ ​(​ចំនួន​នេះ​គណនា​រវាង​ចំនួន​កំណើន​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​ចំនួន​ប្រជាជន​ក្នុង​តំបន់​)​។​ ​

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ឃាង​ ​ពុទ្ធី​ ​បាន​បង្ហាញ​ពី​ក្ដី​សាទរ​ ​ជាមួយ​វត្តមាន​នៃ​ផ្សារ​ទំនើប​ទាំងនេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​បើ​ទោះជា​ផ្សារ​ទំនើប​ចំនួន៩​ ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ពិតជា​ដំណើរ​មែន​ ​ក៏​វា​នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ​ដែល​វា​ទាមទារ​ឱ្យ​មាន​បណ្តា​អ្នក​វិនិយោគ​ ​ចូល​មក​បង្កើត​ផ្សារ​ទំនើប​ដូចនេះ​បន្ថែម​ទៀត​ ​ដើម្បី​ឱ្យ​សមស្រប​ទៅតាម​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​។​ ​

លោក​បន្ត​ថា​ ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​ ​ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ភាគច្រើន​ ​នៅ​មាន​ភាព​ពេញនិយម​ជាមួយ​ផ្សារ​ប្រពៃណី​ ​ដូចជា​ផ្សារដើមគរ​ ​ផ្សារ​អូរឫស្សី​ ​ផ្សារ​ច្បារអំពៅ​ ​ក៏ដូចជា​ផ្សារថ្មី​ជាដើម​ ​ក៏​ព្រោះតែ​ផ្សារ​ទំនើប​នៅ​មិនទាន់​អាច​បំពេញ​នូវ​តម្រូវការ​បាន​ទាំងស្រុង​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​វត្តមាន​នៃ​កំណើន​ផ្សារ​ទំនើប​ ​នឹង​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ជួយ​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​ ​វិស័យ​ពាណិជ្ជកម្ម​ ​ក៏ដូចជា​សុខុមាលភាព​របស់​ប្រជាជន​ផង​ដែរ​”​។​ ​លោក​បន្ត​ថា​ ​“​នៅពេល​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ ​ទីក្រុង​កាន់តែ​រីក​ធំ​ ​ហើយ​អាជីវករ​ ​ឬ​ពាណិជ្ជករ​ ​ដែល​ធ្លាប់តែ​ប្រកបតាម​បែប​ប្រពៃណី​នោះ​ ​នឹង​ងាក​ចូល​ទៅ​ប្រកបរបរ​នៅក្នុង​ផ្សារ​ទំនើប​វិញ​”​។​

​ហេតុផល​ដោយសារ​ ​តែ​នៅពេល​ដែល​ផ្សារ​ទំនើប​មាន​កាន់តែ​ច្រើន​ ​នោះ​ទីតាំង​ជួល​នឹង​មាន​ភាព​ទូលាយ​ ​ហើយ​តម្លៃ​ក៏​មានកម្រិត​ទាប​ក្រោម​ការប្រកួត​ប្រជែង​ ​និង​កាន់តែ​ផ្តល់​លទ្ធភាព​ដល់​បណ្តា​អាជីវករ​ ​ដែល​មាន​បំណង់​ចង់​ប្រក​អាជីវកម្ម​នៅក្នុង​ផ្សារ​ទំនើប​។​ ​ធម្មតា​ ​នៅពេល​ប្រទេស​មួយ​កាន់តែ​រីកចម្រើន​ ​មានការ​អភិវឌ្ឍន៍​ ​ប្រជាពលរដ្ឋ​កាន់តែ​មានលទ្ធភាព​ខ្ពស់​ ​នោះ​គឺ​សុទ្ធតែ​ត្រូវការ​ផ្សារ​ទំនើប​នេះ​ទាំងអស់​។​ ​

​លោក​ ​ង៉ែត​ ​ជូ​ ​អ្នកវិភាគ​សេដ្ឋកិច្ច​ ​និង​អចលនទ្រព្យ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​វា​ជាការល្អ​ប្រសើរ​ ​ដែល​មាន​អ្នក​វិនិយោគ​ងាក​មក​ចាប់អារម្មណ៍​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​ដែល​វា​បាន​បង្ហាញថា​ ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ ​មាន​សេ្ថរ​ភា​ពន​យោយ​ ​និង​សន្តិសុខ​ល្អ​ ​ហើយក៏​មានផល​ចំណេញ​ចំពោះ​ប្រជាជន​កម្ពុជា​ផង​ដែរ​ ​តាមរយៈ​ការ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ប្រភេទ​ទីផ្សារ​ ​ដែល​ស្រប​ទៅ​នឹង​កម្រិតជីវភាព​របស់​ខ្លួន​ ​ជាពិសេស​ផ្តល់​កន្លែង​ការងារ​ជាច្រើន​កន្លែង​ ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ផង​ដែរ​ ​ប៉ុន្តែ​វា​ក៏​មាន​ចំណុច​ដែល​គួរ​ព្រួយបារម្ភ​ផង​ដែរ​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​“​នៅពេល​មានការ​សម្រុកចូល​មក​វិនិយោគ​ ​លើ​វិស័យ​តែមួយ​ ​វា​អាច​នឹង​មាន​បញ្ហា​កើតឡើង​ ​ដោយ​សារ​តែ​ទំហំ​ទីផ្សារ​មាន​ភាព​ទូលាយ​ ​ហើយ​តម្រូវការ​មាន​ភាព​ចង្អៀត​នៅឡើយ​”​។​

​លោក​ ​ង៉ែត​ ​ជូ​ ​បាន​បន្ត​ថា​ ​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ​ចំណូល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​មានកម្រិត​ ​ដូច្នេះ​អ្នក​ដែល​មាន​លទ្ធភាព​ចំណាយ​ទិញទំនិញ​ ​នៅ​តាម​ផ្សារ​ទំនើប​មាន​ចំនួន​តិច​នៅឡើយ​ ​ហើយ​នៅ​តាម​ផ្សារ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​ ​អ្នក​​ទៅ​កំសាន្ត​ភាគច្រើន​ ​ជា​អ្នក​និយម​ដើរមើល​កម្សាន្ត​តែប៉ុណ្ណោះ​ ​ដែល​វា​ជា​ហានិភ័យ​ចំពោះ​អ្នក​វិនិយោគ​ក្នុងអំឡុង​ពេល​៣​-​៥​ ​ឆ្នាំ​ ​ប៉ុន្តែ​ក្រោយពី​នេះ​ ​អាច​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ ​ទម្រាំ​អតិថិជន​មានទំនុក​ចិត្ត​ ​និង​ស្គាល់​ពី​ប្រភេទ​ទំនិញ​ ​ដែល​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here