ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដោយភាគីចិនក៏បានប្រកាសគាំទ្រដល់កម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកវ៉ាង វិនប៊ិន បានថ្លែងបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះថា រដ្ឋាភិបាលចិន តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ី ជីនពីង នឹងបន្តផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ប្រពន្ធ័ទឹកស្អាត ស្ថានីយន៍វារីអគ្គីសនីបូមទឹកស្តុកទុក ថាមពលព្រះអាទិត្យ ថាមពលដើរដោយខ្យល់ និង បច្ចេកវិទ្យាថាមពលស្អាត ជាពិសេស ការជំរុញការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែក។
លោកបន្តថា “កិច្ចសហប្រតិបត្តិការផ្លូវដែក ចិនចាត់ទុកថា ជាចំនុចសំខាន់ មិនត្រឹមតែផលសម្រាប់ចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វានឹងលើកកម្ពស់ដល់ការដឹកជញ្ជូនពលរដ្ឋ និងការធ្វើពាណិជ្ជកម្មទ្វេរ រួមនឹង ពហុភាគីថែមទៀតផង”។ លោកបន្តថា “ផ្លូវដែកពីចិន តភ្ជាប់មកកម្ពុជានឹងមានកិច្ចពិភាក្សាគ្នានៅពេលខាងមុខ”។
ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបានលើកទឹកចិត្តស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ក្នុងប្រទេសទាំង២ ពង្រឹងកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដែលអាចបង្កអោយមានផលប៉ះពាល់ណាមួយ ដល់ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា ចិន ។
លោកវ៉ាង វិនប៊ិន បានថ្លែងទៀតថា ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្រ រាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក ដើម្បីការពារផលប្រយោជន៍ស្នូល។ ក្នុងនោះភាគីចិន បន្តប្រកាន់ភ្ជាប់ គោរពអធិបតេយ្យភាព និងបូរណភាព ដែនដីកម្ពុជា និងគាំទ្រចំពោះជម្រើស នៃមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា សម្របទៅនឹងលក្ខខណ្ឌរបស់កម្ពុជា គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន គាំទ្រ យ៉ាងពេញទំហឹងនូវតួនាទីរបស់កម្ពុជា លើបញ្ហាតំបន់ និងអន្តរជាតិ។
គិតមកដល់ពេលនេះរដ្ឋាភិបាលចិន បានចូលរួមចំណែកសាងសង់ផ្លូវនៅកម្ពុជាបានចំនួន៣០ខ្សែ ដែលចំណាយថវិកាអស់ជិត ២០០០លានដុល្លារអាមេរិក ផ្លូវដែលចិនបានជួយកសាងរួចនោះ គឺមានប្រវែងជាង៣០០០គីឡូម៉ែត្រ៕