សម្តេចធិបតីបង្ហាញពីទស្សនវិស័យក្នុងការចាប់យកឱកាសនិងផលប្រយោជន៍សម្រាប់ជាតិ

0

ដោយៈ គង់ សូរិយា

    ពោធិ៍សាត់ៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃលកម្ពុជាបានបង្ហាញពីការរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចបានបន្តថា ជាក់ស្តែងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅ​ហួសមកហួស សកម្មភាពសេដ្ឋកិច្ចក៏​មិនសូវមាន តែបច្ចុប្បន្ន បានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃ​ក្រុម​ហ៊ុន អ​ អិម អេ (ខេមបូឌា) ម.ក នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២២ មេសានេះ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ត្រឹម​រយៈ​ពេល៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើន​ដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ។ ឆ្នាំ២០២២ មានរោងចក្រជាង៣០០ បង្កើតការងារបានជិត១ម៉ឺននាក់ តែបច្ចុប្បន្នមាន​រោងចក្រជាង៤០០ បង្កើតការងារបានជាង១,៥ម៉ឺននាក់។

ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា កម្ពុជាពីមុនជាប្រទេស​ដែលនាំចូលស្ទើរទាំងស្រុង តែបច្ចុប្បន្នបានប្រែក្លាយជា​ប្រទេស ដែលអាចផលិតក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេស។ ថ្ងៃនេះ យើងក្លាយជាអ្នក​ផលិតរថយន្ត និងនាំចេញទៅក្រៅមកពីគ្រប់​ម្ចាស់ផលិតកម្មនៃបណ្តាប្រទេស និងក្រុមហ៊ុន​ល្បឺៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន​​ និង កូរ៉េ ជាដើម។

ជាមួយនឹងសមិទ្ធផលនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈ​សម្រាប់​ក្រុមហ៊ុន អាចចូលមកវិនិយោគ ដោយត្រូវថែរក្សាទាំងអ្នកចាស់ និងអ្នកថ្មី ហើយជំរុញ និងខិតខំឱ្យ​​វិនិយោ​គិនដែលកំពុងមានវត្តមាននៅកម្ពុជា កាន់តែរីកចម្រើន។

សម្តចបានបញ្ជាក់ថា “ភាពជោគជ័យ និងការរីកចម្រើននេះ គឺកើតចេញពីភាពនឹងនរ សន្តិភាព និង​ស្ថេររភាពនយោបាយ ដែលជាទំនុកចិត្តដ៏សំខាន់របស់វិនិយោគិន​ ការជឿទុកចិត្ត និងការមិនមានហានិភ័យ ជំរុញឱ្យមានការវិនិយោគបន្ថែម​ តួយ៉ាងក្រុមហ៊ុន​ អ​​ អិម​ អេ ​(ខេមបូឌា) នេះ​ បានអភិវឌ្ឍន៍ខ្លួនក្នុងការពង្រីកសក្តានុពល និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែធំ”។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអត្ថ​ប្រយោជន៍ ដែលទទួលបានអំពីការវិនិយោគរបស់ក្រុមក្នុងស្រុកដែលជួយ៖ ១/ បង្កើតការងារ ដើម្បី​លើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋ និង២/ ការបង្កលក្ខណៈ បន្ធូរបន្ថយពន្ធ។ ការផលិត​ក្នុងស្រុក ជួយឱ្យប្រជាពលរដ្ឋមានលទ្ធភាព​ទិញ​រថយន្តដែលផលិតក្នុងប្រទេសកម្ពុជា​​ ជាមួយគុណភាពខ្ពស់ និង​តម្លៃ​សមរម្យ។

ទន្ទឹមនឹងភាពវិជ្ជមាននេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ ខេត្ត ត្រូវបង្កលក្ខណៈ បង្កើនការប្រកួតប្រជែង​វិជ្ជមាន ដើម្បីធានាដល់ការសម្របសម្រួល​ និងដោះស្រាយបញ្ហាផ្សេងៗជូន​វិនិយោគិន ក៏ដូចជាការសម្រេចចិត្ត ហើយបន្តនៅជាមួយយើងបានយូរអង្វែង ពិសេសអាចទុកចិត្ត​យើង និងពង្រីកសេវាកម្មនៅយើង។​ ដូចនេះ យើងត្រូវបន្តទៀត។ ភ្ជាប់ជាមួយនេះ រាជរដ្ឋា​ភិបាល​កំពុងដាក់គោលនយោបាយ និងលើកទឹកចិត្តក្រុមហ៊ុន ឱ្យខិតខំជំរុញ​ការផលិត​គ្រឿង​បង្គំក្នុងស្រុក ដែលកម្ពុជាអាចមានលទ្ធភាព និងសមត្ថភាព​ផលិតក្នុងស្រុកបាន ជាមួយ​គុណភាពល្អ និងភាពទុកចិត្តបាន សំដៅកាត់បន្ថយ​ការ​នាំចូលពីខាងក្រៅ​ ដែលនឹងបង្កើតបាន “ភាពធន់ និងធនធានមនុស្សរយៈពេលវែង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here