ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា រដ្ឋាភិបាលកំពុងរកដៃគូ ដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត បិតបាយដើម្បីតភ្ជាប់ជាមួយប្រទេសវៀតណាម ខណៈការសិក្សាពីការសាងសង់ផ្លូវនេះបានបញ្ចប់រួចហើយ។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ក្នុងពិធីចូលរួមជាមួយសម្តេចតេជោ ដើម្បីចាក់បេតុងជានិម្មិតរូបនៅស្ពានស្ទឹងបត់ព្រំដែនកម្ពុជា ថៃ និងការចុះហត្ថលេខា ដើម្បីតភ្ជាប់ផ្លូវដែលរវាងប្រទេសទាំងពីរនាព្រឹកថ្ងៃទី២២ មេសានេះថា ការសិក្សាពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត និងបិទបាយ ប្រទេសវៀតណាម ដែលមានចម្ងាយ១៦០គីឡូម៉ែត្រនេះបានបញ្ចប់រួចហើយ ដែលធ្វើឡើងដោយអង្គការ JICA ដោយត្រូវចំណាយអស់ថវិកា ៣៨០០លានដុល្លារអាមេរិក។
លោកបន្តថា “ផ្លូវនេះសាងសង់អស់លុយច្រើនជាងផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ដោយសារផ្លូវនេះត្រូវសាងសង់ឆ្លងកាត់វាលបឹង និងព្រៃលិចទឹកចម្ងាយរហូតដល់៨០គីឡូម៉ែត្រ ទើបការចំណាយកើនឡើងខ្ពស់បែបនេះ”។លោកបន្តថា “ប្រទេសកម្ពុជា ស្ថិតនៅចន្លោះប្រទេសថៃ និងវៀតណាម ហេតុនេះពួកគេចង់ប្រើប្រាស់ផ្លូវអាស៊ាន ហាយវេ ដើម្បីដឹកជញ្ជូនឆ្លងកាត់កម្ពុជា”។
លោកទេសរដ្ឋមន្រ្តីបានបន្តថា រដ្ឋាភិបាលកំពុងគៀងគររកអ្នកវិនិយោគ ដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដើម្បីងាយស្រួលដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរណ៍ ក៏ដូចជាតភ្ជាប់ជាមួយផ្លូវហាយវេអាស៊ានភាគខាងត្បូង។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលនឹងសាងសង់ផ្លូវហាយវេល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត មុនតភ្ជាប់ជាមួយប្រទេសវៀតណាម និងមានគំរោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសថៃផងដែរ ដើម្បីសមាហរណកម្មតំបន់ ក៏ដូចជាធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជា និងជំរុញកំនើនសេដ្ឋកិច្ចជាតិ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិត ម៉ី កល្យាណ ធ្លាប់បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមមួយចំនួននៅក្នុងសេដ្ឋកិច្ចកម្ពុជា ដូចជាតម្លៃទឹក ភ្លើង ធនធានមនុស្ស ក៏ដូចជាបញ្ហាការិយាធិបតេយ្យមួយចំនួន ដែលរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ប៉ុន្តែការដោះស្រាយបញ្ហាផ្លូវជារឿងត្រូវចំណាយពេលយូរ ដើម្បីសាងសង់។
លោកបន្តថា “ដើម្បីជំរុញកំនើនសេដ្ឋកិច្ចបន្តទៀត កម្ពុជាត្រូវតែវិនិយោគលើហេ ដ្ឋារចនាសម្ព័ន្ឋ ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាសេដ្ឋកិច្ច និងជាការលើកកំពស់សេដ្ឋកិច្ច”៕






