ដោយៈ សហសេវិក
បាងកកៈ សារព័ត៌មានដែលមាននិន្នាការបែបជាតិនិយមរបស់ថៃ The Nationបានចុះផ្សាយពីជំហររបស់កម្ពុជា ដោយហៅសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភានៃកម្ពុជាថា “លោក”។
គេហទំព័រ Popertyarea.asia សូមបកប្រែក្រៅផ្លូវការពីការសរសេររបស់សារព័ត៌មានខាងលើថា បណ្តាញព័ត៌មាន Fresh News របស់កម្ពុជា បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនានេះថា កម្ពុជាបានអះអាងសារជាថ្មីអំពីជំហរផ្លូវការរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្តជាមួយប្រទេសថៃ តាមរយៈយន្តការច្បាប់អន្តរជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងការទាមទារត្រួតស៊ីគ្នាជុំវិញតំបន់ត្រីកោណមរកត តាមឿងធំ តាមាន់តូច និងប្រាសាទតាក្របី។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញសហគមន៍អន្តរជាតិ ជាពិសេសអ្នកដែលស្រឡាញ់សន្តិភាព និងបដិសេធសង្គ្រាម គាំទ្រសំណុំរឿងផ្លូវច្បាប់របស់កម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ។
លោក ហ៊ុន សែន ចាត់ទុកចំណាត់ការរបស់ប្រទេសកម្ពុជាថាមិនគ្រាន់តែជាយុទ្ធសាស្ត្រផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាជំហរសីលធម៌ក្នុងការប្រឈមមុខនឹងភាពតានតឹងក្នុងតំបន់។
លោកបានប្រកាសថា “មានតែចោរទេដែលខ្លាចតុលាការ បើគេស្លូតត្រង់ មិនចាំបាច់ខ្លាចយុត្តិធម៌ទេ”។លោកបន្ថែមថា “វិធីសាស្រ្តរបស់កម្ពុជា គឺចាក់ឫសដោយសន្តិភាព និងដំណោះស្រាយស្របច្បាប់ តាមរយៈកិច្ចសន្ទនាទ្វេភាគី និងយន្តការអន្តរជាតិ មិនមែនការប្រឈមមុខគ្នាខាងយោធាទេ”។
លោក ហ៊ុន សែន អំពាវនាវឲ្យប្រទេស ដែលប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ គាំទ្រគំនិតផ្តួចផ្តើមរបស់កម្ពុជា ដោយគូរប្រៀបធៀបករណីអាស៊ានកន្លងមក ដូចជាករណីពាក់ព័ន្ធម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី ដែលសុទ្ធតែបាននាំជម្លោះទឹកដីនៅចំពោះមុខតុលាការ ICJ៕