តើ​តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​មាន​សភាព​ដូចម្តេច​?​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​រាប់​ចាប់​គិត​ពី​ចំណុច​ស្ពាន៥មករា​ ​រហូតដល់​ចំណុច​បំបែក​ផ្លូវ​ឧកញ៉ា​ ​ម៉ុង​ ​ឬ​ទ្ធី​ ​ត្រូវ​បាន​អ្នកជំនាញ​លើកឡើង​ថា​ ​កំពុងតែ​មាន​សក្ដានុពល​ផ្នែក​អចលនទ្រព្យ​គួរ​ឱ្យ​កត់សម្គាល់​ ​ប៉ុន្តែ​បើ​ទោះជា​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​នេះ​ ​មានការ​កើនឡើង​យ៉ាងណាក៏ដោយ​ ​ប៉ុន្តែ​វា​នៅតែ​មាន​កម្រិត​។​ ​

​នាយិកា​ក្រុមហ៊ុន​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​បច្ចុប្បន្ន​អចលនទ្រព្យ​ ​ក៏ដូចជា​ដីធ្លី​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាប់នឹង​ផ្លូវ​ហាយ​ណូយ​ ​គឺ​កំពុងតែ​មាន​ភាព​ទាក់ទាញ​ ​ហើយ​តម្លៃ​ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ប្រមាណ២ឆ្នាំមុន​។​ ​

លោកស្រី​បាន​បញ្ជាក់​ថា​ ​អចលនទ្រព្យ​នៅ​តាមផ្លូវ​នេះ​ ​ជាពិសេស​នៅ​តំ​បន​ទីប្រជុំជន​ ​(​ម្ដុំ​ដី​ហ៊ុយ​)​ ​គឺ​មានតម្លៃ​ខ្ពស់​ ​ហើយក៏​ពិបាក​ក្នុង​ការ​រក​ទិញ​ ​ដោយសារតែ​នៅ​ម្ដុំ​នេះ​ជា​តំបន់​ដែល​អំ​ណោ​ផល​ ​ដល់​ការ​ធ្វើអាជីវកម្ម​ចម្រុះ​លក្ខណៈ​គ្រួសារ​ ​មិនថា​ចំពោះ​ប្រភេទ​សម្ភារៈ​ប្រើប្រាស់​ ​អគ្គិសនី​ ​គ្រឿងសំណង់​ ​ក៏ដូចជា​ផ្នែក​ចំណីអាហារ​នោះ​ទេ​។​ ​

លោកស្រី​បាន​បន្ត​ថា​ ​ដី​នៅ​តំបន់​នេះ​មិន​មាន​តំបន់​ទំនេរ​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​បើ​ហួស​ចំណុច​នេះ​បន្តិច​ប្រហែល​ជាង៣០០​-​៤០០ម៉ែត្រ​ ​អាច​មាន​ដី​ទំនេរ​ខ្លះ​។​ ​ដី​ដែល​មាន​ទំហំ​តូច​ ​ឬ​ជា​ប្រភេទ​ដី​លំនៅ​ដ្ឋាន​មានតម្លៃ​ប្រមាណ២០០០ដុល្លារ​ ​ឬ​អាច​លើស​ពីនេះ​ ​អាស្រ័យ​ដោយ​ទីតាំង​។​ ​ដោយឡែក​ចំពោះ​ដី​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​ ​(​១ហិ​ក​តា​ឡើង​ទៅ​)​ ​អាច​មានតម្លៃ​ចន្លោះ​ពី១០០០ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​។​ ​

លើកឡើង​ស្រដៀងគ្នា​នេះ​ ​លោក​ ​វ៉ា​ ​វីរៈ​ ​នាយក​ក្រុមហ៊ុន​ ​Century21​ ​Fortuna​ ​Investment​ ​ក៏បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ ​កាលពី​រសៀល​ថ្ងៃទី២៣​ ​ខែមេសា​នេះ​ថា​ ​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​នៅ​តំបន់​ខាងលើ​នេះ​ ​ពិតជា​មានការ​កើនឡើង​ប្រាកដ​មែន​ ​បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ដី​កាលពី២​-​៣ឆ្នាំមុន​ ​គឺ​វា​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ​ហើយ​តំបន់​នេះ​ ​ក៏បាន​ក្លាយជា​តំបន់​ដែល​ស្រូប​ទាញ​ប្រជាជន​ ​ឱ្យ​ចូល​មក​រស់នៅ​ច្រើន​ដែរ​ ​ជាពិសេស​ក្រោយពេល​កើតមាន​តំបន់​ពាណិជ្ជកម្ម​ ​និង​ផ្សារ​ទំនើប​ ​AEON2​ ​និង​ផ្សារ​ ​Makro​ ​តែម្ដង​ ​ដែល​រឹតតែ​ធ្វើ​ឱ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​ ​មាន​ភាព​មមាញឹក​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​។​

​លោក​បន្ត​ថា​ ​បើ​តាម​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​ ​ក៏ដូចជា​តម្រូវការ​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មិនយូរ​ទៀត​នោះ​ទេ​ ​ចំណុច​កណ្តាល​ក្រុង​នឹង​រំកិល​មកដល់​ម្ដុំ​សាលា​ពេទ្យ​ ​IU​ ​(​International​ ​University​)​ ​ឬ​ ​ម្តុំ​ ​សាលា​ ​លីម​ ​កុក​វីង​ ​ខណៈ​ដែល​ពេលនេះ​ ​ក្រុងភ្នំពេញ​បាន​ពង្រីក​វិសាលភាព​កាន់តែ​ទូលាយ​ ​ឆ្ពោះទៅ​ទិស​ខាង​ជើង​ឈៀង​ខាងត្បូង​រួច​ទៅ​ហើយ​នោះ​។​ ​ប៉ុន្តែ​បើ​ទោះជា​បែបនេះ​ក្ដី​ ​ក៏​តម្លៃ​ដី​ ​និង​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​កណ្តាល​កណ្តាល​នា​ពេល​អនាគត​មួយ​នេះ​ ​នៅតែ​មិន​អាច​ឡើង​ខ្ពស់​ស្មើនឹង​តំបន់​កណ្តាល​ក្រុង​សព្វថ្ងៃ​នេះ​ដែរ​ ​ព្រោះថា​នៅក្នុង​តំបន់​នេះ​ ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​សំណង់​អា​គារ​ខ្ពស់​ៗ​ ​ដែល​មាន​កម្ពស់​ចាប់ពី៥ជាន់​ ​ដូចជា​នៅក្នុង​តំបន់​ទួលគោក​ ​ឬ​តំបន់​ជាប់​ព្រំប្រទល់​គ្នា​នោះ​ទេ​ ​ដោយហេតុថា​ ​វា​ស្ថិតនៅ​ចំ​ផ្លូវអាកាស​សម្រាប់​យន្តហោះ​ចុះចត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here