ដោយ រ៉ាណេត
ភ្នំពេញ៖ នៅតាមបណ្តោយផ្លូវហាណូយនាពេលបច្ចុប្បន្ននេះ រាប់ចាប់គិតពីចំណុចស្ពាន៥មករា រហូតដល់ចំណុចបំបែកផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ត្រូវបានអ្នកជំនាញលើកឡើងថា កំពុងតែមានសក្ដានុពលផ្នែកអចលនទ្រព្យគួរឱ្យកត់សម្គាល់ ប៉ុន្តែបើទោះជាតម្លៃដី និងអចលនទ្រព្យនៅតាមបណ្តោយផ្លូវមួយនេះ មានការកើនឡើងយ៉ាងណាក៏ដោយ ប៉ុន្តែវានៅតែមានកម្រិត។
នាយិកាក្រុមហ៊ុន AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នអចលនទ្រព្យ ក៏ដូចជាដីធ្លី ដែលមានទីតាំងស្ថិតនៅជាប់នឹងផ្លូវហាយណូយ គឺកំពុងតែមានភាពទាក់ទាញ ហើយតម្លៃក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ បើប្រៀបធៀបទៅនឹងរយៈពេលប្រមាណ២ឆ្នាំមុន។
-->
លោកស្រីបានបញ្ជាក់ថា អចលនទ្រព្យនៅតាមផ្លូវនេះ ជាពិសេសនៅតំបនទីប្រជុំជន (ម្ដុំដីហ៊ុយ) គឺមានតម្លៃខ្ពស់ ហើយក៏ពិបាកក្នុងការរកទិញ ដោយសារតែនៅម្ដុំនេះជាតំបន់ដែលអំណោផល ដល់ការធ្វើអាជីវកម្មចម្រុះលក្ខណៈគ្រួសារ មិនថាចំពោះប្រភេទសម្ភារៈប្រើប្រាស់ អគ្គិសនី គ្រឿងសំណង់ ក៏ដូចជាផ្នែកចំណីអាហារនោះទេ។
លោកស្រីបានបន្តថា ដីនៅតំបន់នេះមិនមានតំបន់ទំនេរច្រើននោះទេ ប៉ុន្តែបើហួសចំណុចនេះបន្តិចប្រហែលជាង៣០០-៤០០ម៉ែត្រ អាចមានដីទំនេរខ្លះ។ ដីដែលមានទំហំតូច ឬជាប្រភេទដីលំនៅដ្ឋានមានតម្លៃប្រមាណ២០០០ដុល្លារ ឬអាចលើសពីនេះ អាស្រ័យដោយទីតាំង។ ដោយឡែកចំពោះដីដែលមានវិសាលភាពធំទូលាយ (១ហិកតាឡើងទៅ) អាចមានតម្លៃចន្លោះពី១០០០ដុល្លារក្នុងម៉ែត្រការ៉េ។
លើកឡើងស្រដៀងគ្នានេះ លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century21 Fortuna Investment ក៏បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៣ ខែមេសានេះថា តម្លៃដី និងអចលនទ្រព្យនៅតំបន់ខាងលើនេះ ពិតជាមានការកើនឡើងប្រាកដមែន បើយើងធ្វើការប្រៀបធៀបទៅនឹងតម្លៃដីកាលពី២-៣ឆ្នាំមុន គឺវាមានភាពល្អប្រសើរច្រើន ហើយតំបន់នេះ ក៏បានក្លាយជាតំបន់ដែលស្រូបទាញប្រជាជន ឱ្យចូលមករស់នៅច្រើនដែរ ជាពិសេសក្រោយពេលកើតមានតំបន់ពាណិជ្ជកម្ម និងផ្សារទំនើប AEON2 និងផ្សារ Makro តែម្ដង ដែលរឹតតែធ្វើឱ្យផ្លូវមួយខ្សែនេះ មានភាពមមាញឹកក្នុងការធ្វើដំណើរឆ្លងកាត់។
លោកបន្តថា បើតាមគម្រោងរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ មិនយូរទៀតនោះទេ ចំណុចកណ្តាលក្រុងនឹងរំកិលមកដល់ម្ដុំសាលាពេទ្យ IU (International University) ឬ ម្តុំ សាលា លីម កុកវីង ខណៈដែលពេលនេះ ក្រុងភ្នំពេញបានពង្រីកវិសាលភាពកាន់តែទូលាយ ឆ្ពោះទៅទិសខាងជើងឈៀងខាងត្បូងរួចទៅហើយនោះ។ ប៉ុន្តែបើទោះជាបែបនេះក្ដី ក៏តម្លៃដី និងតម្លៃអចលនទ្រព្យនៅតំបន់កណ្តាលកណ្តាលនាពេលអនាគតមួយនេះ នៅតែមិនអាចឡើងខ្ពស់ស្មើនឹងតំបន់កណ្តាលក្រុងសព្វថ្ងៃនេះដែរ ព្រោះថានៅក្នុងតំបន់នេះ គឺមិនត្រូវបានអនុញ្ញាតឱ្យមានការសាងសង់សំណង់អាគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី៥ជាន់ ដូចជានៅក្នុងតំបន់ទួលគោក ឬតំបន់ជាប់ព្រំប្រទល់គ្នានោះទេ ដោយហេតុថា វាស្ថិតនៅចំផ្លូវអាកាសសម្រាប់យន្តហោះចុះចត៕