ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន China Merchants Port ដែលទីតាំងស្ថិតនៅក្រុង Shenzhen ជាកំពង់ផែដែលធំជាងគេទី២ នៅក្នុងប្រទេសចិន និងជាកំពង់ផែធំជាងគេទី៣ នៅលើពិភពលោក បាននឹងកំពុងមកសិក្សាលើការសាងសង់កំពង់ផែនៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន China Merchants Port ដែលដឹកនាំដោយលោក Jiang Luning នាយកផ្នែកពាណិជ្ជកម្មក្រៅប្រទេស កាលពីថ្ងៃទី ២៣ ខែមេសាម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា បេសកកម្មរបស់ក្រុមគណប្រតិភូចិនមកកម្ពុជានាពេលនេះគឺ ដើម្បីសិក្សាលើការអភិវឌ្ឍផែនការមេកំពង់ផែអោយចប់សព្វគ្រប់ ក្នុងរយៈពេលបីខែ។
លោកទេសរដ្ឋមន្រ្តី បានស្នើឲ្យការសិក្សារបស់គណៈប្រតិភូក្រុមហ៊ុននេះផ្តោតសំខាន់លើតំបន់ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ព្រមទាំងការតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេមេគង្គផងដែរ ។
តាមសំណើផ្លូវការរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងអំឡុងពេលទស្សនកិច្ច នៅក្នុងប្រទេសចិនកាលពីខែមុន ពេលនេះគណៈប្រតិភូក្រុមហ៊ុន China Merchants Port Group បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ។
កាលពីថ្ងៃទី២៣-២៨ ខែមីនា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ដើម្បីផ្លាស់ប្តូរទស្សនវិស័យ និងបទពិសោធន៍ល្អៗ សំដៅពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និងចិន ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងគណប្រតិភូក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយលោក Fu Gangfeng ប្រធានក្រុមហ៊ុន China Merchants Group ដែលជាក្រុមហ៊ុនមេ និងលោក Lu Vincent អនុប្រធានក្រុមហ៊ុន China Merchant Port Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ លើទស្សនវិស័យ និងបទពិសោធន៍ ជំនាញល្អៗ នៅក្នុងការដឹកនាំ គ្រប់គ្រង និងដំណើរការកំពង់ផែដ៏ធំមួយនោះនៅក្រុង Shenzhen ព្រមទាំងបានពិភាក្សាផងដែរពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែ China Merchants Port។
លោក Fu Gangfeng បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួមលើកស្ទួយវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនថែមទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី បានយល់ព្រមជាមួយលោក Lu Vincent ក្នុងកិច្ចសហការរៀបចំផែនការមេ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍវិស័យកំពង់ផែ និងឡូជីស្ទីកនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រីក៏បានអញ្ជើញ លោក Lu និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងសហការីជំនាញទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សានិងពិភាក្សាលម្អិត ពីគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការបន្ត រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន Merchants Port Group ផងដែរ៕






