ក្រុមហ៊ុន​កំពង់ផែ​យក្ស​ចិន​ចាប់ផ្តើម​​សិក្សា​​សាងសង់​​កំពង់ផែ​​នៅ​កម្ពុជា​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​China​ ​Merchants​ ​Port​ ​ដែល​ទីតាំង​ស្ថិតនៅ​ក្រុង​ ​Shenzhen​ ​ជា​កំពង់ផែ​ដែល​ធំជាង​គេ​ទី២​ ​នៅក្នុង​ប្រទេស​ចិន​ ​និង​ជា​កំពង់ផែ​ធំជាង​គេ​ទី៣​ ​នៅ​លើ​ពិភពលោក​ ​បាន​នឹង​កំពុង​មក​សិក្សា​លើ​ការសាងសង់​កំពង់ផែ​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​គណៈប្រតិភូ​ក្រុមហ៊ុន​ ​China​ ​Merchants​ ​Port​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​Jiang​ ​Luning​ ​នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្រៅប្រទេស​ ​កាលពី​ថ្ងៃទី​ ​២៣​ ​ខែមេសា​ម្សិលមិញ​នេះ​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​បេសកកម្ម​របស់​ក្រុម​គណប្រតិភូ​ចិន​មក​កម្ពុជា​នា​ពេលនេះ​គឺ​ ​ដើម្បី​សិក្សា​លើ​ការ​អភិវឌ្ឍ​ផែនការមេ​កំពង់ផែ​អោយ​ចប់​សព្វគ្រប់​ ​ក្នុងរយៈពេល​បី​ខែ​។​ ​

​លោក​ទេស​រដ្ឋមន្រ្តី​ ​បាន​ស្នើ​ឲ្យ​ការសិក្សា​របស់​គណៈប្រតិភូ​ក្រុមហ៊ុន​នេះ​ផ្តោត​សំខាន់​លើ​តំបន់​ក្រុង​ព្រះសីហនុ​ ​និង​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​ផ្លូវទឹក​តាម​ដងទន្លេ​មេគង្គ​ផង​ដែរ​ ​។​

​តាម​សំណើ​ផ្លូវការ​របស់​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​ក្នុងអំឡុងពេល​ទស្សនកិច្ច​ ​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែមុន​ ​ពេលនេះ​គណៈប្រតិភូ​ក្រុមហ៊ុន​ ​China​ ​Merchants​ ​Port​ ​Group​ ​បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ​។​ ​

​កាលពី​ថ្ងៃទី២៣​-​២៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ដឹកនាំ​គណប្រតិភូ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ ​ដើម្បី​ផ្លាស់​ប្តូរ​ទស្សនវិស័យ​ ​និង​បទ​ពិសោធ​ន៍​ល្អ​ៗ​ ​សំដៅ​ពង្រឹង​កិច្ច​ ​សហប្រតិបត្តិ​ការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ជាប់​រវាង​កម្ពុជា​ ​និង​ចិន​ ​។​

​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​និង​គណប្រតិភូ​ក៏បាន​ពិភាក្សា​ ⁣​និង​ផ្លាស់​ប្តូរ​យោបល់⁣​ ​ជាមួយ⁣លោក​ ⁣⁣⁣​ ​Fu​ ​Gangfeng​ ​ប្រធាន​ក្រុមហ៊ុន​ ​China​ ​Merchants​ ​Group​ ​ដែល​ជា​ក្រុមហ៊ុនមេ​ ​និង​លោក​ ⁣​Lu​ ​Vincent​ ⁣⁣​ ​អនុប្រធាន⁣⁣ក្រុមហ៊ុន​ ​China​ ​Merchant​ ​Port​ ​Group​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ⁣​លើ​ទស្សនវិស័យ​ ​និង​បទពិសោធន៍​ ​ជំ​នា​ញ​ល្អ​ៗ⁣​ ​នៅក្នុង​ការដឹកនាំ⁣​ ​គ្រប់គ្រង​ ⁣⁣​និង​ដំណើរការ​កំពង់ផែ⁣ដ៏​ធំ​មួយ​នោះ​នៅ​ក្រុង​ ​Shenzhen​ ​ព្រមទាំង​បាន​ពិភាក្សា​ផង​ដែរ⁣ពី​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​រវាង⁣កំពង់ផែ​ស្វយ័ត​ភ្នំពេញ⁣⁣​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ⁣⁣​ ​និង​កំពង់ផែ​ ⁣​ ​China​ ​Merchants​ ​Port​។​

​លោក​ ​Fu​ ​Gangfeng​ ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ក៏ដូចជា​ការចូលរួម​លើកស្ទួយ​វិស័យ​ឡូ​ជី​ស្ទីក​ ​និង​កំពង់ផែ​នៅ​កម្ពុជា​ ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​ផង​ដែរ​។​

​លោក​ទេស​រដ្ឋមន្ត្រី​ ⁣⁣​បាន​យល់ព្រម​ជាមួយ​លោក​ ⁣​Lu​ ​Vincent​ ⁣⁣​ ​ក្នុង​កិច្ចសហការ​រៀបចំផែនការ​មេ​ ​សម្រាប់​ចក្ខុវិស័យ​វែងឆ្ងាយ​ ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កំពង់ផែ​ ​និង​ឡូ​ជី​ស្ទីក​នៅ​កម្ពុជា​។​ ​លោក​ទេស​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ ​លោក​ ⁣​Lu​ ​និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​ព្រមទាំង​សហការី​ជំនាញ​ទៅ​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ⁣​ដើម្បី​សិក្សា​និង​ពិភាក្សា​លម្អិត​ ​ពី​គម្រោង​វិនិយោគ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​បន្ត⁣​ ​រវាង​ក្រសួងសាធារណការ⁣និង​ដឹកជញ្ជូន​ ⁣​និង⁣ក្រុមហ៊ុន​ ⁣⁣⁣⁣⁣​Merchants​ ​Port​ ​Group​ ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here