ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាចំណាយចំណាយថវិកាប្រមាណ ៤០ លានដុល្លារសាងសង់ផ្លូវជាតិលេខ៧ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម និងការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ទៅកាន់ខេត្តភូមិភាគឥសាន្តនៃប្រទេសកម្ពុជាខេត្តស្ទឹងត្រែង–និងខេត្តក្រចេះ–ប្រវែងជាង៩៣គីឡូម៉ែត្រដែលមកដល់ពេលនេះត្រូវបានសាងសង់រួចរាល់។

-->
ក្នុងឱកាសចុះពិនិត្យមើលផ្លូវជាតិលេខ៧កាលពីថ្ងៃទី២៣មេសា ម្សិលមិញនេះ លោក ឡួយ សូផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងបានឲ្យដឹងថា ផ្លូវនេះជាសម្បត្តិដ៍ស្តុកស្តម្ភដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាជិត៤០លានដូល្លារទៅលើការសាងសង់ផ្លូវមួយខ្សែនេះ ។
លោក បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋមានកាតព្វកិច្ចរួមគ្នាថែរក្សាទុកជាប្រយោជន៍ជាតិសម្រាប់ប្រើប្រាស់ឱ្យបានយូរអង្វែង។ អ្នកតំណាងរាស្រ្តរូបនេះ ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងនិងខេត្តក្រចេះបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាថែរក្សាផ្លូវជាតិលេខ៧ឱ្យស្ថិតនៅមាននិរន្តរភាព សម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋបានយូរអង្វែង។
លោកស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងដែរថា ផ្លូវមួយខ្សែនេះកំពុងតែបំរើឱ្យវិស័យសេដ្ឋកិច្ចនិងទេសចរណ៍មានកំណើនជាលំដាប់ពិសេសជាងនេះទៀតប្រជាពលរដ្ឋនៅភូមិភាគឥសាន្តរួមមានខេត្តក្រចេះ–ស្ទឹងត្រែង– រតនគីរី– និងមណ្ឌលគីរីទទួលបានផលប្រយោជន៍ពីផ្លូវនេះ។លោកបន្តថាផ្លួវលេខ០៧ដែលទើបសាងសង់ហើយនេះស្ថិននៅក្នុងគម្រោងថែរក្សារបស់ក្រុមហ៊ុននៅឡើយទេតែទោះជាយ៉ាងណាវាជាសម្បត្តិដ៍មានតម្លៃដែលប្រជាពលរដ្ឋយើងទទួលបានពីរាជរដ្ឋាភិបាល។
លោកកែវ បុប្ផាមេឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះ បានឲ្យដឹងដែរថា ប្រជាពលរដ្ឋជាង៣០០០គ្រួសារនៅក្នុងឃុំក៍បានយកចិត្តទុកដាក់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរបានល្អដែរព្រោះពេលបានផ្លូវស្រួលធ្វើដំណើរមានផលប្រយោជន៍គ្រប់យ៉ាងដល់ការស់នៅ។
លោកបន្តថា “នៅពេលផ្លូវល្អតម្លៃសេវាដឹកជញ្ជូនចុះថោក ហើយនៅពេលដែលមានជំងឺឈឺស្កាតសង្គ្រោះបន្ទាន់គ្រោះថ្នាក់ចរាចរណ៍ពិសេសគឺការឆ្លងទន្លេធ្វើដំណើរបានលឿនយើងមានឡានពេទ្យដឹកជញ្ជូនទៅដល់ខេត្តក្រចេះប្រជាជនមិនបារម្ភ ពីមុនផ្លូវមិនល្អអាចដេកផ្លូវហើយប្រើរយៈរហូត៣ទៅ៤ម៉ោងបានទៅដល់មន្ទីរពេទ្យខេត្តឥឡូវនេះគឺប្រើរយៈពេលតែ១ម៉ោងទៅដល់ពេទ្យខេត្តដូច្នេះសង្គ្រោះជីវិតមនុស្សទូទៅក្នុងឃុំដូចជាប្រជាពលរដ្ឋនៅតាមបណ្តាផ្លូវជាតិនេះ”។

ផ្លូវជាតិលេខ៧ចេញពីខេត្តក្រចេះទៅដល់ច្រកទ្វារអន្តរជាតិក្រពាំងគ្រៀលខេត្តស្ទឹងមានប្រវែងជិត២០០គីឡូម៉ែត្របច្ចុប្បន្នសាងសង់ថ្មីឡើងវិញបានជាង៩៣គីឡូម៉ែត្រនៅសល់ជាង១០០គីឡូម៉ែត្រទៀតរាជរដ្ឋាភិបាលរៀបគម្រោងឱ្យក្រុមហ៊ុនចិនជាដៃគូធ្វើការសាងសង់នៅចុងឆ្នាំ២០១៩នេះ។ដោយឡែកស្ពានចំនួន៥នៅក្នុងទឹកដីខេត្តក្រចេះដៃគូវិនិយោគភ្នាក់ងារសហប្របត្តិការអន្តរជាតិជប៉ុនកំពុងដំណើរការសាងសង់ថ្មីជំនួសស្ពានចាស់ជាបណ្តាញតភ្ជាប់ផ្លូវគមនាគមន៍ពីខេត្តក្រចេះដល់ទីខេត្តត្បូងឃ្មុំ៕
