ផ្លូវជាតិ​លេខ៧ដែល​ចំណាយ​ថវិកា​ប្រមាណ៤០​ ​លាន​ដុល្លារ​ត្រូវ​បាន​សាងសង់​រួចហើយ​

0

ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​ចំណាយ​ចំណាយ​ថវិកា​ប្រមាណ​ ​៤០​ ​លាន​ដុល្លារ​សាងសង់​ផ្លូវជាតិ​លេខ៧​ ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ ​ពាណិជ្ជកម្ម​ ​និង​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ឆ្លងកាត់​ទៅកាន់​ខេត្ត​ភូមិ​ភា​គ​ឥសាន្​ត​នៃ​ប្រទេស​កម្ពុជា​ខេត្ត​ស្ទឹងត្រែង​–​និង​ខេត្តក្រចេះ​–​ប្រវែង​ជាង៩៣គីឡូម៉ែត្រ​ដែល​មកដល់ពេលនេះ​ត្រូវ​បាន​សាងសង់​រួចរាល់​។​

ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ផ្លូវជាតិ​លេខ៧កាលពី​ថ្ងៃទី២៣មេសា​ ​ម្សិលមិញ​នេះ​ ​លោក​ ​ឡួយ​ ​សូ​ផា​ត​ ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​បាន​ឲ្យដឹង​ថា​ ​ផ្លូវ​នេះ​ជា​សម្បត្តិ​ដ៍​ស្តុកស្តម្ភ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​ជិត៤០លា​នដូល្លារ​ទៅលើ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ ​។​ ​

លោក​ ​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​មាន​កាតព្វកិច្ច​រួមគ្នា​ថែរក្សា​ទុកជា​ប្រយោជន៍ជាតិ​សម្រាប់​ប្រើប្រាស់​ឱ្យ​បាន​យូរអង្វែង​។ ​អ្នកតំណាង​រាស្រ្ត​រូប​នេះ​ ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង​និង​ខេត្តក្រចេះ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​ថែរក្សា​ផ្លូវជាតិ​លេខ៧ឱ្យ​ស្ថិតនៅ​មាន​និរន្តរភាព​ ​សម្រាប់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​បាន​យូរអង្វែង​។​

លោក​ស្រេង​ ​ស្រស់​ ​ប្រធានមន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​ផ្លូវ​មួយ​ខ្សែ​នេះ​កំពុងតែ​បំរើ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​និង​ទេសចរណ៍​មាន​កំណើន​ជាលំដាប់​ពិសេស​ជាង​នេះ​ទៀត​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភា​គ​ឥសាន្​ត​រួមមាន​ខេត្តក្រចេះ​–​ស្ទឹងត្រែង​–​ ​រតនគីរី​–​ ​និង​មណ្ឌលគីរី​ទទួល​បានផល​ប្រយោជន៍​ពី​ផ្លូវ​នេះ​។​លោក​បន្ត​ថា​ផ្លួវ​លេខ០៧ដែល​ទើប​សាងសង់​ហើយ​នេះ​ស្ថិ​ននៅ​ក្នុង​គម្រោង​ថែរក្សា​របស់​ក្រុមហ៊ុន​នៅឡើយ​ទេ​តែ​ទោះជាយ៉ាងណា​វា​ជា​សម្បត្តិ​ដ៍​មានតម្លៃ​ដែល​ប្រជាពលរដ្ឋ​យើង​ទទួល​បាន​ពី​រាជរដ្ឋាភិបាល​។

​លោក​កែវ​ ​បុប្ផា​មេឃុំ​អូរគ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​ប្រជាពលរដ្ឋ​ជាង៣០០០គ្រួសារ​នៅក្នុង​ឃុំ​ក៍​បាន​យកចិត្ត​ទុកដាក់​ចូលរួម​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ​បាន​ល្អ​ដែរ​ព្រោះ​ពេល​បាន​ផ្លូវស្រួល​ធ្វើដំណើរ​មានផល​ប្រយោជន៍​គ្រប់យ៉ាង​ដល់​កា​រស់នៅ​។​

លោក​បន្ត​ថា​ ​“​នៅពេល​ផ្លូវ​ល្អ​តម្លៃ​សេវា​ដឹកជញ្ជូន​ចុះថោក​ ​ហើយ​នៅពេល​ដែល​មាន​ជំងឺ​ឈឺ​ស្កាត​សង្គ្រោះ​បន្ទាន់​គ្រោះថ្នាក់​ចរាចរណ៍​ពិសេស​គឺ​ការ​ឆ្លងទន្លេ​ធ្វើដំណើរ​បាន​លឿន​យើង​មាន​ឡានពេទ្យ​ដឹកជញ្ជូន​ទៅដល់​ខេត្តក្រចេះ​ប្រជាជន​មិន​បារម្ភ​ ​ពីមុន​ផ្លូវ​មិនល្អ​អាច​ដេក​ផ្លូវ​ហើយ​ប្រើ​រយៈ​រហូត៣ទៅ៤ម៉ោង​បាន​ទៅដល់​មន្ទីរពេទ្យ​ខេត្ត​ឥឡូវនេះ​គឺ​ប្រើ​រយៈពេល​តែ១ម៉ោង​ទៅដល់​ពេទ្យ​ខេត្ត​ដូច្នេះ​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ក្នុង​ឃុំ​ដូចជា​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ផ្លូវជាតិ​នេះ​”​។​

ផ្លូវជាតិ​លេខ៧ចេញពី​ខេត្តក្រចេះ​ទៅដល់​ច្រក​ទ្វារ​អន្តរជាតិ​ក្រ​ពាំង​គ្រៀល​ខេត្ត​ស្ទឹង​មាន​ប្រវែង​ជិត២០០គីឡូម៉ែត្រ​បច្ចុប្បន្ន​សាងសង់​ថ្មី​ឡើងវិញ​បាន​ជាង៩៣គីឡូម៉ែត្រ​នៅសល់​ជាង១០០គីឡូម៉ែត្រ​ទៀត​រាជរដ្ឋាភិបាល​រៀប​គម្រោង​ឱ្យ​ក្រុមហ៊ុន​ចិន​ជា​ដៃគូ​ធ្វើការ​សាងសង់​នៅ​ចុងឆ្នាំ២០១៩នេះ​។​ដោយឡែក​ស្ពាន​ចំនួន៥នៅក្នុង​ទឹកដី​ខេត្តក្រចេះ​ដៃគូ​វិនិយោគ​ភ្នាក់ងារ​សហ​ប្រប​ត្តិ​ការអន្តរជាតិ​ជប៉ុន​កំពុង​ដំណើរការ​សាងសង់​ថ្មី​ជំនួស​ស្ពាន​ចាស់​ជា​បណ្តាញ​តភ្ជាប់​ផ្លូវ​គមនាគមន៍​ពី​ខេត្តក្រចេះ​ដល់ទី​ខេត្ត​ត្បូងឃ្មុំ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here