ដោយ វុត្ថា
សៀមរាប៖ កម្ពុជាបានចាប់ផ្តើមរៀបចំកម្មវិធី ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី២ (2nd PATACC BIZ Fair 2019) ជាព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិមួយរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប និងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់២៨ ខែមេសា ឆ្នាំ២០១៩ ។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានមានប្រសាសន៍ថា៖ «វេទិកាជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី២នេះ បានចូលរួមជួយផ្សព្វផ្សាយ និងជំរុញកំណើនទេសចរណ៍កម្ពុជាឱ្យមានកំណើនកាន់តែប្រសើរដោយយើងបានអញ្ជើញប្រតិបត្តិករទេសចរណ៍អន្តរជាតិជាច្រើនមកធ្វើទស្សនៈកិច្ចសិក្សាតាមតំបន់ទេសចរណ៍សំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ និងសៀមរាប និងចងចំណងមិត្តភាពជាមួយសហគ្រិនទេសចរណ៍ក្នុងស្រុករួមមាន ទីភ្នាក់ងារទេសចរ សណ្ឋាគារ រីសត សារៈមន្ទី រោងមហោស្រព និងទីកំសាន្តទេសចរណ៍កែច្នៃជាដើម។
ព្រឹត្តិការណ៍នេះនឹងក្លាយជាយុទ្ធសាស្ត្រទីផ្សាមួយដែលជំរុញឧហ្សាហកម្មទេសចរណ៍កម្ពុជាឱ្យមានកំណើនឡើងកាន់តែប្រសើរ។
លោកបណ្ឌិត ធួន ស៊ីណាន បន្តថា គោលបំណងធំនៃព្រឹត្តិកាណ៍អន្តរជាតិរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជានេះ គឺដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងកម្ពុជានិងបណ្តាប្រទេសក្នុងអាស៊ាន ព្រមទាំងអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា សំដៅដល់ការរីកចម្រើនទាំងអស់គ្នាសម្រាប់ការរីកលូតលាស់ពាណិជ្ជកម្មទេសចរណ៍ប្រកបដោយចីរភាព។ពិព័រណ៍ទេសចរណ៍នេះ ក៏នឹងផ្តល់ឱកាសច្រើនថែមទៀតសម្រាប់អ្នកទិញអន្តរជាតិស្វែងយល់ពីកម្ពុជានិងទទួលបានដៃគូល្អក្នុងការបង្កើនពាណិជ្ជកម្មរបស់ពួកគេ»។
លោកបានបញ្ជាក់ឱ្យដឹងផងដែរថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជានឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្មបន្តទៀតនាខែសីហានៅសៀមរាប និងភ្នំពេញ។
លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបក៏បានជម្រាបភ្ញៀវអន្តរជាតិអំពីសក្ដានុពលខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយវប្បធម៌សម្បូរបែប ធនធានធម្មជាតិ និងជាទិសដៅទាក់ទាញបំផុតសម្រាប់ទេសចរណ៍ទូទាំងពិភពលោក។ ក្រៅពីមានប្រាសាទជាបេតិកភណ្ឌ និងល្បីល្បាញអស្ចារ្យជាច្រើនដូចជាអង្គរវត្ត អង្គរធំ តាព្រហ្មនោះសៀមរាបក៏ជាតំបន់បេតិកភណ្ឌពិភពលោកដែលរួមមានរមណីយដ្ឋានភ្នំគូលែន និងបឹងទន្លសាបដ៍ធំជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅក្នុងពិធីបើកជាផ្លូវការនូវវេទិកាពាណិជ្ជកម្មថា៖ កម្មវិធីជំនួបវិស័យទេចរណ៍លើកទី២ មានការចូលរួមពីអ្នកទិញអន្តរជាតិក្នុងវិស័យទេចរណ៍ពីប្រទេសចំនួន១០ដែលរួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា ចិន សិង្ហបុរី អាមេរិក រូស៊ីនិងឥណ្ឌា ។ ក្រៅពីនេះក៏មានអ្នកលក់ក្នុងស្រុក មកពីឧស្សាហកម្មទេសចរណ៍ រួមមានភ្នាក់ងារទេសចរ សណ្ឋាគារ ភោជនីយដ្ឋាន និងអ្នករៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ នឹងជាវេទិកាសម្រាប់អ្នកធុរកិច្ចក្នុងការពង្រឹកភាពជាដៃគូផ្នែកទេសចរណ៍ ហើយមានសារសំខាន់បំផុតសម្រាប់កំណើនទេសចរណ៍នៅកម្ពុជា។
លោកបានបន្តថា៖ វេទិកាជំនួបពាណិជ្ជកម្មវិស័យទេសចរណ៍នេះមានសារៈសំខាន់ ក្នុងការលើកកម្ពស់ឧហ្សាហកម្មទេសចណ៍កម្ពុជា និងផលិតផលទេសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ។ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានសន្តិភាពស្ថិតស្ថេរដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរាល់គ្រប់វិស័យ ដែលវិស័យទេសចរណ៍ដែលត្រូវបានគេចាត់ទុកជាមាសបៃតង និងនាំចេញនៅនឹងកន្លែងជាមួយនឹងកំណើនឥតឈប់ឈរ។
លោកប៉ាក់ សុខុម បានឱ្យដឹងថា ឆ្នាំ២០១៨ ប្រទេសកម្ពុជាបានទទួលទេសចរអន្តរជាតិ ៦,២លាននាក់ ដែលកើនឡើង១០.៧% ធៀបនឹងឆ្នាំ២០១៧។ក្នុងចំណោមនោះ មានអ្នកទេសចរ៤,៣លាននាក់មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិស័យទេសចរណ៍ ផ្តល់នូវចំណូល៤,៣៧៥ប៊ីលានដុល្លារ ស្មើរនឹង១២.៧%នៃ GDP។ វិស័យទេសរណ៍ចូលរួម៣០%នៃវិស័យសេវាកម្មកម្ពុជាដែលផ្តល់ការងារផ្ទាល់ចំនួន៦២ម៉ឺនការងារនិងការងារមិនផ្ទាល់ចំនួនរាប់ពាន់កន្លែង។
តាមការប៉ាន់ប្រមាណអ្នកទេសចរអន្តរជាតិនឹងកើនឡើងដល់៦,៦លាននាក់នៅឆ្នាំ២០១៩ ដែលនឹងផ្តល់ចំណូលពី៥ប៊ីលានដុល្លារដល់៧ប៊ីលានដុល្លារនិងការងារ១លានកន្លែងនៅឆ្នាំ២០២០និងផ្តល់ចំណូលពី១០ទៅ១៥ប៊ីលានដុល្លារនៅឆ្នាំ២០៣០។