កម្ពុជា​ចាប់ផ្តើម​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២​

0

​ដោយ​ ​វុត្ថា

សៀមរាប​៖​ ​កម្ពុជា​បាន​ចាប់ផ្តើម​រៀបចំ​កម្មវិធី​ ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២​ ​(​2nd​ ​PATACC​ ​BIZ​ ​Fair​ ​2019​)​ ​ជា​ព្រឹត្តិ​ការណ៍​ទេសចរណ៍​អន្តរជាតិ​មួយ​រៀបចំ​ដោយ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ ​ក្រោម​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួងទេសចរណ៍​ ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ ​និង​ទីក្រុង​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃទី២៣​ ​ដល់២៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​។​



​លោក​បណ្ឌិត​ ​ធួន​ ​ស៊ី​ណាន​ ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​វេទិកា​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២នេះ​ ​បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ ​និង​ជំរុញ​កំណើន​ទេសចរណ៍​កម្ពុជា​ឱ្យ​មាន​កំណើន​កាន់តែ​ប្រសើរ​ដោយ​យើង​បាន​អញ្ជើញ​ប្រតិបត្តិ​ករ​ទេសចរណ៍​អន្តរជាតិ​ជាច្រើន​មក​ធ្វើ​ទស្សនៈ​កិច្ចសិក្សា​តាម​តំបន់​ទេសចរណ៍​សំ​ខាន់​ៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​ ​និង​សៀមរាប​ ​និង​ចងចំណង​មិត្តភាព​ជាមួយ​សហគ្រិន​ទេសចរណ៍​ក្នុង​ស្រុក​រួមមាន​ ​ទីភ្នាក់ងារ​ទេសចរ​ ​សណ្ឋាគារ​ ​រី​សត​ ​សា​រៈ​មន្ទី​ ​រោងមហោស្រព​ ​និង​ទី​កំសាន្ត​ទេសចរណ៍​កែច្នៃ​ជាដើម​។​ ​

​ព្រឹត្តិ​ការណ៍​នេះ​នឹង​ក្លាយជា​យុទ្ធសាស្ត្រ​ទី​ផ្សា​មួយ​ដែល​ជំ​រុញ​ឧហ្សា​ហក​ម្ម​ទេសចរណ៍​កម្ពុជា​ឱ្យ​មាន​កំណើន​ឡើង​កាន់តែ​ប្រសើរ​។​ ​

​លោក​បណ្ឌិត​ ​ធួន​ ​ស៊ី​ណាន​ ​បន្ត​ថា​ ​គោលបំណង​ធំ​នៃ​ព្រឹត្តិ​កា​ណ៍​អន្តរជាតិ​របស់​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​នេះ​ ​គឺ​ដើម្បី​ពង្រីក​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ ​ព្រមទាំង​អាស៊ី​ប៉ាស៊ីហ្វិក​ ​និង​អាស៊ី​បូព៌ា​ ​សំដៅ​ដល់​ការ​រីកចម្រើន​ទាំងអស់គ្នា​សម្រាប់​ការ​រីក​លូតលាស់​ពាណិជ្ជកម្ម​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។​ពិព័រណ៍​ទេសចរណ៍​នេះ​ ​ក៏​នឹង​ផ្តល់​ឱកាស​ច្រើន​ថែមទៀត​សម្រាប់​អ្នកទិញ​អន្តរជាតិ​ស្វែងយល់​ពី​កម្ពុជា​និង​ទទួល​បានដៃ​គូ​ល្អ​ក្នុង​ការ​បង្កើន​ពាណិជ្ជកម្ម​របស់​ពួកគេ​»​។​

​លោក​បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ ​ដោយមាន​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួងទេសចរណ៍​ ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​កម្ពុជា​នឹង​បន្ត​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​បន្ត​ទៀត​នា​ខែសីហា​នៅ​សៀមរាប​ ​និង​ភ្នំពេញ​។​

​លោក​ ​ពៅ​ ​ពិសិដ្ឋ​ ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ក៏បាន​ជម្រាប​ភ្ញៀវ​អន្តរជាតិ​អំពី​សក្ដានុពល​ខេត្តសៀមរាប​ ​ដែល​ជា​ខេត្ត​សម្បូរទៅដោយ​វប្បធម៌​សម្បូរ​បែប​ ​ធនធាន​ធម្មជាតិ​ ​និង​ជា​ទិសដៅ​ទាក់ទាញ​បំផុត​សម្រាប់​ទេសចរណ៍​ទូទាំង​ពិភពលោក​។​ ​ក្រៅពី​មាន​ប្រាសាទ​ជា​បេតិកភណ្ឌ​ ​និង​ល្បីល្បាញ​អស្ចារ្យ​ជាច្រើន​ដូចជា​អង្គរវត្ត​ ​អង្គរធំ​ ​តាព្រហ្ម​នោះ​សៀមរាប​ក៏​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​រួមមាន​រមណីយដ្ឋាន​ភ្នំ​គូលែន​ ​និង​បឹង​ទន្ល​សាប​ដ៍​ធំជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។​

​លោក​ ​ប៉ាក់​ ​សុខុម​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​ជា​ផ្លូវការ​នូវ​វេទិកា​ពាណិជ្ជកម្ម​ថា​៖​ ​កម្មវិធី​ជំនួប​វិស័យ​ទេ​ចរណ៍​លើក​ទី២​ ​មានការ​ចូលរួម​ពី​អ្នកទិញ​អន្តរជាតិ​ក្នុង​វិស័យ​ទេ​ចរណ៍​ពី​ប្រទេស​ចំនួន១០ដែល​រួមមាន​ ​ឥណ្ឌូ​នេ​ស៊ី​ ​ហ្វីលីពីន​ ​វៀតណាម​ ​មីយ៉ាន់ម៉ា​ ​ចិន​ ​សិង្ហបុរី​ ​អាមេរិក​ ​រូ​ស៊ី​និង​ឥណ្ឌា​ ​។​ ​ក្រៅពី​នេះ​ក៏​មាន​អ្នកលក់​ក្នុង​ស្រុក​ ​មក​ពី​ឧស្សាហកម្ម​ទេសចរណ៍​ ​រួមមាន​ភ្នាក់ងារ​ទេសចរ​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​និង​អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​ជាតិ​និង​អន្តរជាតិ​។​ ​ព្រឹត្តិ​ការណ៍​នេះ​ ​នឹងជា​វេទិកា​សម្រាប់​អ្នក​ធុរកិច្ច​ក្នុង​ការ​ពង្រឹ​ក​ភាពជា​ដៃគូ​ផ្នែក​ទេសចរណ៍​ ​ហើយ​មាន​សារសំខាន់​បំផុត​សម្រាប់​កំណើន​ទេសចរណ៍​នៅ​កម្ពុជា​។​

​លោក​បាន​បន្ត​ថា​៖​ ​វេទិកា​ជំនួប​ពាណិជ្ជកម្ម​វិស័យ​ទេសចរណ៍​នេះ​មាន​សារៈសំខាន់​ ​ក្នុង​ការ​លើ​ក​កម្ពស់​ឧហ្សា​ហក​ម្ម​ទេស​ចណ៍​កម្ពុជា​ ​និង​ផលិតផល​ទេសចរណ៍​កម្ពុជា​ ​នៅ​លើឆាកអន្តរជាតិ​។​ ​ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កម្ពុជា​មាន​សន្តិភាព​ស្ថិតស្ថេរ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​រាល់​គ្រប់​វិស័យ​ ​ដែល​វិស័យ​ទេសចរណ៍​ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​មាស​បៃតង​ ​និង​នាំចេញ​នៅនឹង​កន្លែង​ជាមួយនឹង​កំណើន​ឥត​ឈប់ឈរ​។​

​លោក​ប៉ាក់​ ​សុខុម​ ​បានឱ្យ​ដឹង​ថា​ ​ឆ្នាំ២០១៨​ ​ប្រទេស​កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ ​៦,២លាន​នាក់​ ​ដែល​កើនឡើង១០.៧​%​ ​ធៀប​នឹង​ឆ្នាំ២០១៧​។​ក្នុងចំណោម​នោះ​ ​មាន​អ្នកទេសចរ៤,៣លាន​នាក់​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ ​វិស័យ​ទេសចរណ៍​ ​ផ្តល់​នូវ​ចំណូល៤,៣៧៥ប៊ី​លាន​ដុល្លារ​ ​ស្មើរ​នឹង១២.៧​%​នៃ GDP​។​ ​វិស័យ​ទេ​សរ​ណ៍​ចូលរួម៣០​%​នៃ​វិស័យ​សេវាកម្ម​កម្ពុជា​ដែល​ផ្តល់​ការងារ​ផ្ទាល់​ចំនួន៦២ម៉ឺន​ការងារ​និង​ការងារ​មិន​ផ្ទាល់​ចំនួន​រាប់ពាន់​កន្លែង​។​ ​
​តាម​ការ​ប៉ាន់ប្រមាណ​អ្នកទេសចរ​អន្តរជាតិ​នឹង​កើនឡើង​ដល់៦,៦លាន​នាក់​នៅ​ឆ្នាំ២០១៩​ ​ដែល​នឹង​ផ្តល់​ចំណូល​ពី៥ប៊ី​លាន​ដុល្លារ​ដល់៧ប៊ី​លាន​ដុល្លារ​និង​ការងារ១លាន​កន្លែងនៅ​ឆ្នាំ២០២០និង​ផ្តល់​ចំណូល​ពី១០ទៅ១៥ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ២០៣០​។​

​លោក​បន្ត​ថា​ ​ដើម្បី​សម្រេច​បាន​សមិទ្ធផល​នេះ​ ​យើង​ត្រូវការ​ឱ្យ​គ្រប់​វិស័យ​ទាំងអស់​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ ​និង​ត្រូវការ​ផែនការ​គ្រប់គ្រង​ ​និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here