ដោយ គង់ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនយក្សចិមនចំនួនពីរ គឺក្រុមហ៊ុនចុងស៊ីង និងក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី គ្រោងកសាងទីក្រុងថ្មីមួយនៅតំបន់ឧទ្យានជាតិរាម «ព្រះសីហនុ-ឆ្នេរមាសឆ្នេរប្រាក់» លើផ្ទៃដី៣,៣០០ហិកតា នៃខេត្តព្រះសីហនុ។
លោក YANG JIANPING អគ្គនាយកក្រុមហ៊ុន យិៈចៀ បានមានប្រសាសន៍ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា កាលពីព្រឹកថ្ងៃទី២៤ កន្លងមកថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគរាប់ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងថ្មីនេះ។
ក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី ជាក្រុមហ៊ុនសម្ព័ន្ធ នៃក្រុមហ៊ុន យូណាយ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្វរេន អ៊ិនវេសមេន គ្រុប ខមភេនី លីមីធីត នឹងមានដីសម្បទានសម្រាប់សាងសង់ទីក្រុងទំហំ៣,៣០០ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ។
-->
លោកបន្តថា “គម្រោងវិនិយោគទីក្រុងថ្មី «ព្រះសីហនុ-ឆ្នេរមាសឆ្នេរប្រាក់» នេះទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនរួចហើយ”។
គំរោងទីក្រុងថ្មីនេះរួមមាន មជ្ឈមណ្ឌលសន្និសិទអាស៊ីអាគ្នេយ៍ដ៏ទំនើប, មជ្ឈមណ្ឌលថែទាំសុខភាព និងវេជ្ជសាស្ត្រ មជ្ឈមណ្ឌលទូទាត់ប្រាក់យ័នចិន និងអន្តរកម្មហិរញ្ញវត្ថុ នៅក្នុងសម័យ5G អាគារមូលដ្ឋានគ្រឹះបណ្តុះបណ្តាល ការថែទាំ និងផ្នែកវេជ្ជសាស្ត្រ តាមអ៊ិនធើណេតសកល អាគារមូលដ្ឋានគ្រឹះអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអន្តរជាតិ សណ្ឋាគារវិស្សមកាលជាមួយនឹងសេវាដ៏ឆ្លាតវៃជាច្រើនអគារ។
លោកបន្តថា ក្រុមហ៊ុនគ្រោងសហការជាមួយព្រលានយន្តហោះអន្តរជាតិ ក្រុងព្រះសីហនុ ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី លើផលិតផលបច្ចេកវិទ្យាមានពន្ធ និងរួចពន្ធ និងគោរពតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែនក្នុងរការសាងសង់ទីក្រុង ដែលមានលក្ខណៈទំនើប និងទាន់សម័យនៅប្រទេសកម្ពុជា។
លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបង្កើតឡើងនៅទីក្រុងថ្មីនេះរួមមាន៖ ផ្លូវថ្នល់ និងប្រព័ន្ធបង្ហូរជិត១០០គីឡូម៉ែត្រ ស្ថានីយអគ្គិសនីជាច្រើនកន្លែង ខ្សែកាបក្រោមបាតសមុទ្រ និងខ្សែអុបទិក រោងចក្រទឹកស្អាត រោងចក្រប្រព្រឹត្តកម្មទឹកស្អុយ រោងចក្រសំអាតសំរាម កំពង់ផែទំនិញ កំពង់ទូកទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងៗទៀត៕