កំណាត់ផ្លូវជាតិលេខ៥ នៃខ្សែផ្លូវមានតម្លៃ៥០០លានដុល្លារ សម្រេចបានវឌ្ឈនភាព

0

ដោយៈ គង់ សូរិយា

    បន្ទាយមានជ័យៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយ(សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន៣២% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥ នេះ។

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង៣៥,១៤ គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៣២%ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥ នេះ។ បើគ្មានការប្រែប្រួលទេ កំណាត់ផ្លូវជាតិលេខ៥ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះ គ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ពោលគឺត្រូវបើកបរក្នុងល្បឿនមួយ អាចគ្រប់​គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មម កាត់បន្ថយការហុយធូលីភក់ លើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។

ទន្ទឹមនឹងនោះ ក្រសួងក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥នេះផងដែរ។

ផ្លូវជាតិលេខ៥ ជាផ្លូវយុទ្ឋសាស្រ្តរបស់អាស៊ាន ដែលតភ្ជាប់រវាងប្រទេសថៃឆ្លងកាត់កម្ពុជា និងភ្ជាប់ជាមួយប្រទេសវៀតណាម ដែលផ្លួវ​នេះទទួលបានហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ៥០០លានដុល្លារ សម្រាប់ស្តារ និងពង្រីកផ្លូវជាតិដ៏វែង ដែលចាប់ផ្តើមពីចំណុចព្រែកក្តាម ក្នុងស្រុកពញ្ញាលឺ ខេត្តកណ្តាល ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here