ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពីធី “អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា”។
លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា-SCA” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋានVINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSCA, មន្រ្តីមកពីស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។
លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសម្តែងនូវក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនអាកាសយានដ្ឋាន VINCI របស់បារាំង និងក្រុមហ៊ុន Muhibbah របស់ម៉ាឡេស៊ី ចំពោះការវិនិយោគ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានវិនិយោគអស់ទឹកប្រាក់រាប់លានដុល្លារ ធ្វើឱ្យសន្ទុះនៃកំណើនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងយ៉ាងខ្លាំង។
លោកឧបនាយករដ្ឋមន្រ្តីបានគូសរំលេចថា សមិទ្ធផលទាំងនេះអាចសម្រេចបាន ផ្តើមចេញពីគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ចេញនូវគោលនយោបាយ “បើកចំហជើងមេឃ” កាលពីឆ្នាំ១៩៩៩ និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី “ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” និងបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានដាក់ចេញ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបន្តផ្តល់អាទិភាពខ្ពស់ លើវិស័យអាកាសចរណ៍ស៊ីវិលនិង គោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងបានបញ្ចប់ការរៀបចំ “សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា” នាពេលថ្មីៗនេះ។
លោកវង្សី វិស្សុតបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកាន់តែផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យឯកជន ដែលជាដៃគូមិនអាចខ្វះបាន ដើម្បីដើរតួជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរាំងស្ទះដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ហើយស្ថាប័នរដ្ឋនឹងដើរតួនាទីស្នូល ក្នុងការធានាបរិយាកាស អំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ សំដៅជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ប្រកបដោយបរិយាបន្ន និងចីរភាព។
លោកបានបន្តថា ទន្ទឹមនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននឹងបន្តឈរជើងនិងវិនិយោគបន្ថែមទៀតនៅកម្ពុជា តាមរយៈការចូលរួមគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ដែលនឹងក្លាយជាGame Changer មួយ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល និងការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ដែលនឹងរួមចំណែកបង្កើនសក្ដានុពល ជើងហោះហើរឆ្លងទ្វីបរបស់កម្ពុជាថែមមួយកម្រិតទៀត និងទាក់ទាញការវិនិយោគបរទេសបន្ថែម ប្រកបដោយសុវត្ថិភាព គុណភាព និងជំនឿទុកចិត្ត។
លោកវង្សី វិស្សុត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុនMuhibbah ប្រកាន់ខ្ជាប់នូវស្មារតីនៃការពិភាក្សាបើកចំហ និងការទទួលខុសត្រូវ ដែលកិច្ចសហប្រតិបត្តិការនេះបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការបង្កើតសមិទ្ធផលជាច្រើនអនេក និងបន្តទទួលបានជោគជ័យ នារយៈពេល៣០ឆ្នាំតទៅមុខទៀត៕