ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា គ្រប់អតិថិជនបរទេសទាំងអស់ មិនថា បុគ្គលមកពីបរទេស ក្រុមហ៊ុនបរទេស និងអង្គភាពរបស់រដ្ឋាភិបាលបរទេស ត្រូវស្នើសុំការយល់ព្រមពីរដ្ឋបាលមូលដ្ឋានរបស់កូរ៉េខាងត្បូង មុនពេលទិញអចលនទ្រព្យនៅទីក្រុងសេអ៊ូល។
ចំណាត់ការខាងលើក៏អនុវត្តន៍ចំពោះសង្កាត់ចំនួន៧ក្នុងទីក្រុង Incheon ព្រមទាំងក្រុង-ស្រុកចំនួន២៣ ក្នុងខេត្ត Gyeonggi ជាប់រដ្ឋធានីសេអ៊ូល។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Korea Times។
វិធានការនេះមានគោលបំណងទប់ស្កាត់ការទិញអចលនទ្រព្យក្នុងគោលបំណងវិនិយោគដោយជនបរទេស និងការពារស្ថិរភាពទីផ្សារ។
គណៈកម្មាធិការរៀបចំផែនការទីក្រុងនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូងបានអនុម័តច្បាប់ស្តីពីរបាយការណ៍ប្រតិបត្តិការអចលនទ្រព្យ។ ច្បាប់នេះបានចូលជាធរមានកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
យោងតាមច្បាប់ថ្មីបានចែងថា អតិថិជនបរទេសត្រូវតែផ្លាស់ចូលទៅរស់នៅក្នុងផ្ទះ ដែលខ្លួនបានទិញក្នុងរយៈពេល៤ខែ ក្រោយពេលទទួលបានការយល់ព្រមពីរដ្ឋបាល ឬអាជ្ញាធរមូលដ្ឋាន និងត្រូវស្នាក់នៅផ្ទះនោះឱ្យបានយ៉ាងតិច២ឆ្នាំ មុនពេលលក់ចេញ(Resale)។
ច្បាប់ថ្មីនេះអនុញ្ញាតឱ្យជនបរទេសអាចទិញអចលនទ្រព្យក្នុងតំបន់ទាំងឡាយណា ដែលអាជ្ញាធរបានកំណត់ប៉ុណ្ណោះ។ ជនបរទេសក៏ត្រូវរៀបចំផែនការហិរញ្ញប្បទាន និងបង្ហាញប្រភពមូលនិធិ និងប្រភេទទិដ្ឋាការរបស់ពួកគេ។
លោក Lee Sang-kyeong អនុរដ្ឋមន្ត្រីក្រសួងដែនដីកូរ៉េខាងត្បូងបានអះអាងថា “វិធានការនេះមានគោលដៅដើម្បីទប់ស្កាត់ការទិញអចលនទ្រព្យក្នុងគោលបំណងវិនិយោគដោយជនបរទេសនៅលើដីរបស់យើង ដោយប្រើលុយបរទេស និងរំខានដល់ទីផ្សារអចលនទ្រព្យកូរ៉េខាងត្បូង”៕ប្រភព: Korea Times៕