ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ បន្ទាប់ពីការដំឡើងពន្ធលើការលក់ និងសេវាកម្ម (SST) បានចាប់ផ្តើមចូលជាធរមានកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Malaysia ។
ការកំណត់ពន្ធលើសេវាកម្មក្នុងអត្រា៨ភាគរយត្រូវបានអនុវត្តន៍ចំពោះការជួលអចលនទ្រព្យពាណិជ្ជកម្ម ដូចជា ការិយាល័យ ផ្សារទំនើប ហាង និងឃ្លាំង។ ជាមួយគ្នានេះ អត្រាពន្ធ៦ភាគរយត្រូវបានបូកបន្ថែមទៅលើសេវាកម្មសំណង់ ដែលពីមុនត្រូវបានលើកលែងពន្ធ។
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL Malaysia បានព្យាករណ៍ថា ការដំឡើងពន្ធលើការលក់ និងសេវាកម្ម (SST) អាចធ្វើឱ្យតម្រូវការ និងតម្លៃជួលអចលនទ្រព្យពាណិជ្ជកម្មក្នុងប្រទេសម៉ាឡេសុីធ្លាក់ចុះ។
ម្យ៉ាងវិញទៀត ម្ចាស់អចលនទ្រព្យ និងបណ្តាអ្នកអភិវឌ្ឍន៍អាចផ្តល់ការលើកទឹកចិត្ត ឬការបញ្ចុះតម្លៃជួលបន្ថែមទៀត ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកជួល។ ការវិនិយោគក៏អាចថយចុះផងដែរ ដោយសារតម្លៃ និងប្រាក់ចំណេញប្រែប្រួល។
ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍អាចប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើមសំណង់ និងការថយចុះនូវប្រាក់ចំណេញ។ ចំណែក បណ្តាអ្នកវិនិយោគអាចប្រកាន់ជំហរប្រុងប្រយ័ត្នខ្ពស់ ដោយសារអត្រាផលចំណេញត្រឡប់ពីការវិនិយោគ(Yield)ថយចុះ។
លើសពីនោះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនអាចនឹងពន្យារពេលក្នុងការសាងសង់គម្រោងធំៗ ឬកាត់បន្ថយទំហំនៃគម្រោងវិនិយោគរបស់ពួកគេ៕ប្រភព: The Edge Malaysia៕