តម្រូវការជួលការិយាល័យនៅប្រទេសសិង្ហបុរីបានស្ទុះនាំមុខគេទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា តម្រូវការជួលការិយាល័យនៅប្រទេសសិង្ហបុរីបានហក់ឡើង១២ដងក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះ ដោយនាំមុខគេទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានគូសបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាច្រើននៅទីក្រុងសិង្ហបុរីបានផ្លាស់ប្តូរទីតាំងការងារទៅកាន់អគារការិយាល័យ ដែលទើបបញ្ចប់ការសាងសង់ថ្មីៗ។ប្រការនេះបាន​ជំរុញ​ឱ្យ​​សកម្មភាពជួលការិយាល័យនៅ​សិង្ហបុរី​កើន​ឡើង។

គិតត្រឹមត្រីមាសទី២ តម្លៃជួលការិយាល័យនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់កំពូលមួយនេះបានកើនឡើង១,៣ភាគរយដល់ចំនួន១២,១ដុល្លារសិង្ហបុរី (ប្រហែល៩,៤២ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍ដាច់ដោយឡែកពីក្រុមហ៊ុន CBRE។

លោក Mike Davis អ្នកជំនាញនៅក្រុមហ៊ុន Colliers Asia-Pacific បានអះអាងថា “តម្រូវការការិយាល័យនៅសិង្ហបុរីត្រូវបានជំរុញដោយកត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការប្រកាន់ជំហរអព្យាក្រឹតក្នុងភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពស័ក្តិសមជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់”។

លោក Davis បានព្យាករណ៍ថា តម្លៃជួលការិយាល័យនឹងអាចបន្តកើនឡើង ខណៈការផ្គត់ផ្គង់ការិយាល័យក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD) របស់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថា នឹងនៅតែមានកម្រិតទាបក្នុងរយៈពេល២ឆ្នាំខាងមុខ ។

ក្រៅពីប្រទេសសិង្ហបុរី គេសង្កេតឃើញថា ប្រទេសហ្វីលីពីន និងប្រទេសជប៉ុនក៏បានជំរុញកំណើនទីផ្សារការិយាល័យក្នុងតំបន់អាសុីផងដែរ ខណៈតម្រូវការជួលការិយាល័យនៅប្រទេសទាំង២នេះបានហក់ឡើង៥៦ភាគរយ និង៥៥ភាគរយរៀងគ្នា៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here