ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានត្រៀមរៀបចំប្លង់គោល ប្រើប្រាស់ដីលំអិតនៅទូទាំងប្រទេសនាពេលខាងមុខ។
យោងតាមការបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងរៀបចំដែនដី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ សីហាបានបង្ហាញថា នេះជាជំហានដ៏សំខាន់មួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិបឹងទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦នៅជុំវិញតំបន់បឹងទន្លេសាប ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោល នៃការប្រើប្រាស់ដីទាំង១៦៥២ឃុំ នៅទូទាំងប្រទេស ។
ផែនទីឯកភាពការងារនេះ ជាឧបករណ៍តម្រង់ទិស ដើម្បីឈានទៅដាក់ចេញនូវផែនការប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ លើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកស្រុក នៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធនធានដី ដើម្បិកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ។