ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់លំនៅដ្ឋាននៅទីក្រុង Madinah សម្រេចបានកំណើនខ្ពស់ជាងគេបំផុតនៅទូទាំងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ដោយបានហក់ឡើង៤៩ភាគរយដល់ទំហំទឹកប្រាក់ប្រមាណ៩០៦លានដុល្លារអាមេរិក។
ការលក់លំនៅដ្ឋាននៅទីក្រុងផ្សេងទៀតក្នុងប្រទេសនេះក៏បានកើនឡើងផងដែរ ស្របពេលក្រុមអ្នកវិនិយោគមានភាពសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យ ខណៈច្បាប់អនុញ្ញាតឱ្យបណ្តាអ្នកវិនិយោគបរទេសអាចទិញអចលនទ្រព្យ នឹងចូលជាធរមានចាប់ពីឆ្នាំ២០២៦។
លោក Faisal Durrani ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានអះអាងថា “វាលឿនពេកក្នុងការវាយតម្លៃអំពីទំហំឥទ្ធិពលលើទីផ្សារលំនៅដ្ឋាន។ ទោះជាយ៉ាងណា យើងសង្ឃឹមថា វត្តមានជនបរទេសនឹងជំរុញឱ្យតម្រូវការកើនឡើង”។
តម្រូវការលំនៅដ្ឋានបន្តជំរុញវិស័យអចលនទ្រព្យរបស់អារ៉ាប៊ីសាអូឌីត ដោយគ្របដណ្តប់ចំនួន៦៣ភាគរយនៃការលក់អចលនទ្រព្យសរុបជាទឹកប្រាក់ប្រមាណ៣៣ពាន់់លានដុល្លារអាមេរិកក្នុងឆមាសទី១។
ការលក់លំនៅដ្ឋាននៅទូទាំងប្រទេសអារ៉ាប៊ីសាអូឌីតបានកើនឡើង៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ចំនួន៩៣.៧០០យូនីត ដោយសម្រេចបានទំហំទឹកប្រាក់សរុបប្រមាណ២០,៦៥ពាន់លានដុល្លារ។
ជនបរទេសនឹងត្រូវបានអនុញ្ញាតឱ្យបោះទុនវិនិយោគក្នុងទីផ្សារអចលនទ្រព្យអារ៉ាប៊ីសាអូឌីតនៅឆ្នាំ២០២៦ ខណៈប្រទេសនេះបានសម្រេចចូលរួមជាមួយបណ្តាប្រទេសដៃគូឈូងសមុទ្រ (GCC) ផ្សេងទៀតរបស់ខ្លួនក្នុងការបើកចំហទីផ្សារ៕ប្រភព: Gulf News៕