លោកឧកញ៉ា សៀ រិទ្ធី / លោក ឃាង ពុទ្ធី ។ រូបថត៖ សហការី
ដោយ វុត្ថា
ភ្នំពេញ៖ ក្នុងងរយៈពេល ៥ឆ្នាំចុងក្រោយនេះ អ្នកវិនិយោគក្នុងស្រុកបាននិងកំពុងវិយោគលើវិស័យអចលនទ្រព្យកាន់តែច្រើន បើធៀបនឹងប៉ុន្មានឆ្នាំមុន ដោយសារការស៊ីក្នុងវិស័យមួយនេះ ទទួលបានផលប្រយោជន៍ ឬផលចំណេញច្រើនជាងវិស័យផ្សេងទៀត។
លោក ឃាង ពុទ្ធី ប្រធានសមាគមន៍អ្នកជំនាញវាយតម្លៃអចលនទ្រព្យកម្ពុជាបានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២ ខែឧសភាឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា ការចូលរួមវិនិយោគក្នុងវិស័យអលចនទ្រព្យ ពីសំណាក់អ្នកវិនិយោគក្នុងស្រុកច្រើនបែបនេះ ដោយសារតែពួកគេមើលឃើញអ្នកវិនិយោគមុនៗ មានជីវភាពធូធា និងទទួលបានប្រាក់ចំណេញច្រើន ហើយស្ទើតែ៩០ភាគរយនៃអ្នកវិនិយោគបានជោគជ័យតិច ឬច្រើនអាស្រ័យលើធនធានរបស់ពួកគេ ព្រោះអចនទ្រព្យនាពេលបច្ចុប្បន្ននេះ ឡើងថ្លៃស្ទើតែគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា “ការវិនិយោគលើវិស័យអចលនទ្រព្យ ប្រសើរជាងការវិនិយោគលើវិស័យផ្សេងៗ ព្រោះថាប្រជាពលរដ្ឋខ្មែរនាលពេលបច្ចុប្បន្ននេះ មានភាពយល់ដឹងច្រើន និងមើលឃើញជាក់ស្តែង ទៅលើការរកស៊ីក្នុងវិស័យមួយនេះ”។ លោកន្ថែមថា “ដោយមើលឃើញមនុស្សជោគជ័យច្រើន ក្នុងវិស័យនេះ បានធ្វើឲ្យអ្នកផ្សេងទៀតហក់ចូលរកស៊ី ឬវិនិយោគក្នុងវិស័យអចលនទ្រព្យអាស្រ័យលើទុនរបស់ពួកគេ”។
-->
លោកប្រធានសមាគមរូបនេះ បានលើកទឹកចិត្តឲ្យអ្នកវិនិយោគក្នុងស្រុកទាំងអស់បន្តវិនិយោគបន្ថែមទៀត តែត្រូវមានការប្រយ័ត្នប្រយ៉ែងផងដែរទៅលើបណ្ណកម្មសិទ្ធិ និងពិនិត្យមើលទីតាំងឲ្យបានច្បាស់លាស់ បើចូលទុនសហការគ្នា ត្រូវចុះកិច្ចសន្យាឲ្យបានត្រឹមត្រូវ ជៀសវាងបញ្ហាទៅថ្ងៃក្រោយ ។
លោកបន្តថា “បើប្រទេសកម្ពុជានៅតែមានសុខសន្តិភាព និងស្ថេរភាពល្អ វិស័យអចលនទ្រព្យនឹងនៅតែបន្តឡើងថ្លៃបន្ថែមទៀត”។
ចំណែកលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុនវើលប្រ៊ីជគ្រុប បានឲ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យ ពីសំណាក់ប្រជាពលរដ្ឋខ្មែរច្រើនបែបនេះ មានទាំងផលវិជ្ជមាន និងអវិជ្ជមាន ហើយផលវិជ្ជមាននោះគឺថា ប្រជាពលរដ្ឋខ្មែរបានយកលុយរបស់ខ្លួន ដែលសន្សំដាក់ក្នុងខ្នើយយកមកវិនិយោគ នឹងធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើន តែអ្វីដែលជាផលអវិជ្ជមាននោះ គឺនៅពេលដែលមានវិបត្តិអចលនទ្រព្យកើតឡើង នឹងធ្វើឲ្យការវិនិយោគក្នុងវិស័យអលនទ្រព្យវាអត់មាននិរន្តរភាព ឬយូអង្វែងនោះទេ។
លោកឧកញ៉ាបន្តថា “យើងឃើញថាបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋខ្មែរយើងច្រើនសម្រុកទៅទិញដីពុះឡូតិ៍ ចុះបើមានវិបត្តិសេដ្ឋកិច្ចកើតឡើង វានឹងជាប់គាំងលុយនៅក្នុងដីទាំងអស់គ្នា”។ លោកបន្តថា “ចឹងម្នាក់ៗនាំគ្នាទៅរកស៊ីដីអស់ហើយហ្នឹង ម្នាក់ៗលែងនាំគ្នាទៅរកស៊ី ឈប់ធ្វើភោជនីដ្ឋាន ឬ បើកអាជីកម្មផ្សេងៗ បើបែបនេះនៅពេលមានបត្តិសេដ្ឋកិច្ចសកលកើតឡើង វានឹងជាប់គាំងទាំងអស់គ្នា”។
លោកឧកញ៉ាបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំង តែត្រូវគិតថាវាមិនអាចឡើងរហូតនោះទេ ហើយក៏មិនត្រូវយកពងមាន់ដាក់មួយចង្អេដូច្នេះដែរ ហេតុនេះប្រជាពលរដ្ឋត្រូវគិតរកមុខរបរណាដែលមានប្រាក់ចំណូល។ ត្រូវតែបន្តធ្វើ។ បើនៅសល់លុយច្រើនត្រូវធ្វើការវិនិយោគលើវិស័យអចលនទ្រព្យតែកំដូរមុខរបរ ដើម្បីឲ្យនិរន្តភាពសេដ្ឋកិច្ចរបស់ខ្លួនឲ្យនៅតែដំណើរការល្អប្រសើរ៕