អចលនទ្រព្យ​ខេត្ត​កំពង់ឆ្នាំង​ចាប់ផ្តើម​ទាក់ទាញ​ ​បន្ទាប់ពី​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ចិន​វិនិយោគ​​ព្រលា​នយន្តហោះ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ចរន្ត​នៃ​ការទិញ​លក់​ ​និង​តម្លៃ​ដី​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​ចាប់ផ្តើម​កើនឡើង​បន្ទាប់ពី​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ចិន​សាងសង់​ឡើងវិញ​ ​នូវ​ព្រលា​នយន្ត​ហោះ​ក្នុង​ខេត្ត​ជាប់មាត់​បឹងទន្លេសាប​មួយ​នេះ​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ខេត្ត​កំពង់ឆ្នាំង​មាន​សក្តា​នុ​ពល​លើ​ផ្នែក​ដឹកជញ្ជូន​ ​ដោយសារ​ភូមិ​សាស្រ្ត​របស់​ខេត្ត​នេះ​មាន​បណ្តាញ​គមនា​គម​តភ្ជាប់​ផ្លូវទឹក​ ​ផ្លូវគោក​ ​ផ្លូវដែក​ ​និង​ព្រលា​នយន្តហោះ​ស្រាប់​។​ ​លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ចិន​ ​ដែល​លោក​បាន​ជួប​សាង​សង់​ព្រលា​នយន្ត​ហោះ​ក្នុង​ខេត្ត​នេះ​ឡើងវិញ​ផង​ដែរ​។​

​ការសិក្សា​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ ​នៃ​ប្រទេស​ជប៉ុន​ ​(​JICA​)​ ​បាន​រក​ឃើញថា​ ​ខេត្ត​កំពង់ឆ្នាំង​មាន​ភាព​អំណោយផល​ក្នុង​ការរៀបចំ​មជ្ឈមណ្ឌល​ ​Cargo​ ​Hub​ ​(​កន្លែង​ផ្ទុកទំនិញ​)​ ​ដោយសារ​វា​មាន​ភូមិ​សាស្រ្ត​ល្អ​ប្រសើរ​ ​ងាយស្រួល​​តភ្ជាប់​រាជធានី​ភ្នំពេញ​ ​តភ្ជាប់​ជាមួយ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​តាមរយៈ​ផ្លូវជាតិ​លេខ៥​។​

​ជាមួយគ្នា​នេះ​រដ្ឋាភិបាល​ក៏បាន​ប្រកាស​សាងសង់​ស្ពាន​ឆ្លងកាត់​បឹងទន្លេសាប​ ​ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ ​ទៅកាន់​ខេត្តកំពង់ធំ​ដែល​មាន​ប្រវែង៣៩០០ម៉ែត្រ​ ​ជា​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា​ ​និង​កំណាត់ផ្លូវ៥៧គីឡូម៉ែត្រ​ត​ភ្ជាប់់​រវាង​ខេត្ត​ទាំងពីរ​ផង​ដែរ​។​

​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​Co​.​,​ ​Ltd​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ឋី​បាន​ ​ថា​ ​កន្លងមក​គេ​បាន​មើល​រំលង​ពី​សក្តា​នុ​ពល​ភូមិ​សាស្រ្ត​របស់​ខេត្ត​កំពង់ឆ្នាំង​ ​ខណៈ​ខេត្ត​នេះ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​ ​ព្រោះ​មាន​ទាំង​ផ្លូវគោក​ ​ផ្លូវដែក​ ​ផ្លូវទឹក​ ​និង​ផ្លូវអាកាស​។​

​លោក​បន្ត​ថា​ ​“​ការប្រកាស​ពី​គម្រោង​ភ្ជាប់​ផ្លូវ​ថ្មីនេះ​ ​និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ឆ្លងកាត់​ខេត្ត​នេះ​ ​នឹង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​កំពង់ឆ្នាំង​មាន​សម្ទុះ​ឡើង​បន្ថែម​ទៀត​នា​ពេល​អនាគត​”​។​

​ដី​តំបន់​ពាណិជ្ជកម្ម​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​មានតម្លៃ​ជាមធ្យម​ពី​ ​៥០០​ ​ទៅ​ ​៦០០​ ​ដុល្លារ​ក្នុង​ ​១​ ​ម៉ែត្រការ៉េ​ ​ខណៈ​ដី​លំនៅឋាន​ក្នុង​ក្រុង​ ​មាន​ចន្លោះ​ពី​ ​១០០​ ​ទៅ​ ​២០០​ ​ដុល្លារ​។​ ​ដី​សម្រាប់​សង់រោង​ចក្រ​ ​មានតម្លៃ​ចន្លោះ​ពី​ ​១៥​ ​ទៅ​ ​២០​ ​ដុល្លារ​ ​ដី​កសិកម្ម​ ​មានតម្លៃ​ជាមធ្យម​ពី​ ​២​ ​ទៅ​ ​៥​ ​ដុល្លារ​ ​និង​ដី​ចម្ការ​ធំៗ​ដែល​នៅ​ឆ្ងាយ​ៗ​អាច​នៅចន្លោះ​ ​០,២​ ​ទៅ​ ​០,៥​ ​ដុល្លារ​(​២​ ​៥០០​ ​ទៅ​ ​៣​ ​០០០​ ​ដុល្លារ​ក្នុង​ ​១​ ​ហិ​ក​តា​)​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​គាំទ្រ​ការ​លើកឡើង​ខាងលើ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​តាម​ផែនការ​រដ្ឋាភិបាល​គ្រោង​ប្រែក្លាយ​តំបន់​នៅ​សងខាង​ផ្លូវជាតិ​លេខ៥​ ​ជា​តំបន់ឧស្សាហកម្ម​ ​ដោយសារ​ក្រោយ​ពង្រីក​រួច​ផ្លូវ​នេះ​ ​នឹង​ក្លាយជា​ផ្លូវ​ហាយ​វេ​លំដាប់​អាស៊ាន​ ​ពិសេស​គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​របស់​រដ្ឋាភិបាល​ ​នឹង​ធ្វើឲ្យ​ខេត្ត​កំពង់ឆ្នាំង​កាន់តែ​មាន​សក្តា​នុ​ពល​បន្ថែម​ទៀត​នា​ពេល​អនាគត​។​
​លោក​បន្ត​ថា​ ​“​ប្រសិន​ជា​ព្រលា​នយន្ត​ហោះ​ខេត្ត​នេះ​ ​ត្រូវ​សាងសង់​ឡើងវិញ​ពិតមែន​ ​ខេត្ត​នេះ​នឹង​មានការ​រីកចម្រើន​លឿន​ ​ហើយ​វា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​មួយទៀត​របស់​កម្ពុជា​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here