ដោយ គង់ សូរិយា
សៀមរាប៖ គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន បាននិងកំពុងពង្រីកសក្តានុពលខេត្តសៀមរាប ដែលជាខេត្តកំពុងមានសក្តានុពលលើវិស័យទេសចរណ៍ និងចាប់ផ្តើមរីកចម្រើនលើវិស័យអចលនទ្រព្យ។
ហេដ្ឋារចនាសម្ព័ន្ឋធំៗទាំងនោះ រួមមាន ទី១ គំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ទី២ ការពង្រីកផ្លូវក្រវ៉ាត់ក្រុងសៀមរាបថ្មី ទី៣ គំរោងលំនៅដ្ឋានរបស់បុរីទេសចរណ៍ ដែលវិនិយោគដោយសហគ្រាសកាណាឌីយ៉ា ទី៤ គំរោងវិនិយោគរមណីយដ្ឋាន និងផ្សារបណ្តែតទឹក ជាលើកដំបូងនៅក្នុងស្រុកបន្ទាយស្រីរបស់ក្រុមហ៊ុន ថៃចំនួនបី រួមមានក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និង ក្រុមហ៊ុន TPI ដែលជាក្រុមហ៊ុន ផលិត ស៊ី ម៉ ត៍ ខន គ្រីត ធំជាងគេនៅប្រទេសថៃសហការជាមួយអ្នកវិនិយោគបុរីអង្គររលែនដ៏ម៉ាក ក្នុងស្រុកបន្ទាយស្រី ដែលគ្រោងបោះទុនវិនិយោគ២០០លានដុល្លារ។
ទី៥ គំរោងវិនិយោគរមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Song Saa Private Island នៅ ក្នុងខេត្តសៀមរាបតម្លៃ ២៥០លានដុល្លារ លើទំហំដី ១២៥ហិកតា នៅក្នុងស្រុកបន្ទាយស្រី ។ ទី៦ ការវិនិយោគរបស់បុរីអង្គរលែនដ៏ម៉ាក ដែលវិនិយោគលើផ្ទៃដីជាង២០០ហិកតានៅក្នុងស្រុកបន្ទាយស្រី និងទី៧ ក្រុមហ៊ុន Macau Legend Development Limited ដែលមាន ចុះបញ្ជីនៅផ្សារហ៊ុនក្រុងហុងកុងបានប្រកាសកាលពី ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨កន្លងមកថា ក្រុមហ៊ុននេះ បានទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Howing Enterprises នៅកម្ពុជាក្នុងតម្លៃ ៩០លានដុល្លារ ក្នុងគោលបំណងអភិវឌ្ឍន៍រមណីយដ្ឋាន សមាហរណកម្ម (IR) នៅខេត្តសៀមរាប និងទី៨ គំរោងរៀបចំអភិវឌ្ឍន៍ Smart City ដែលសហការរវាងរដ្ឋាភិបាលនិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅក្នុងខេត្តដែលមានប្រជាប្រិយភាពលើវិស័យទេសចរណ៍ផងដែរ និងទី៩ ក្រុមហ៊ុនចំនួន២ បោះទុនរួមគ្នាលើទឹកប្រាក់ ៧០លានដុល្លារ វិនិយោគលើការជលវប្បដ្ឋាន និងសណ្ឋាគារនៅខេត្តសៀមរាបផងដែរ។
-->
ជាមួយនឹងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់រដ្ឋាភិបាល និងការវិនិយោគក្នុងវិស័យឯកជន គំរោងទាំងនោះបាននិងកំពុងចាប់ផ្តើមដំណើរការ ដែលបានធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិកាន់តែច្រើនសម្លឹងនិងចាប់យកសក្តានុពលក្នុងខេត្តនេះ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះអភិបាលខេត្តសៀមរាប លោកទៀ សីហាបានអះអាងថា បច្ចុប្បន្នមានក្រុមហ៊ុន ចិន ធំៗ ចំនួន១៥បាន និងកំពុង ធ្វើវិនិយោគក្នុង ខេត្តសៀមរាបនៅក្នុងវិស័យទេសចរណ៍ សុខាភិបាល និងពាណិជ្ជកម្ម ។
លោក Lu Yanwen ប្រធាន ក្រុមហ៊ុនយូណាន គ្រុប ខូ អិល ធី ឌីដែលកំពុងវិនិយោគក្នុងខេត្តសៀមរាបបានមានប្រសាសន៍ថា ការមកបណ្តាក់ទុន ធ្វើអាជីវកម្ម នៅកម្ពុជារបស់បណ្តាក្រុមហ៊ុនចិនសំខាន់នៅខេត្តសៀមរាប ក្នុងការចូលរួមលើកិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច នៅកម្ពុជាឲ្យមានការរីកចម្រើន ហើយពួកគាត់ ក៏បានកំពុងធ្វើការទាក់ទាញដល់អ្នកវិនិយោគចិនចូលមកខេត្តសៀមរាប ដើមី្បធ្វើការសិក្សាអំពីវិស័យទេសចរណ៍ និងកសិកម្មនៅខេត្តសៀមរាបផងដែរ ។
អគ្គនាយកក្រុមហ៊ុន Goal Property Service Co, Ltd លោក ចៅ សេងថៃ បានមានប្រសាសន៍ថា ខេត្តសៀមរាបចាប់ផ្តើមបង្ហាញសក្តានុពលហើយ ដោយបច្ចុប្បន្នមានគំរោងវិនិយោគជាច្រើនបាន និងកំពុងចាប់ផ្តើមនៅក្នុងខេត្តនេះ និងគំរោងវិនិយោគថ្មីៗជាច្រើនបាននិងកំពុងចាប់ផ្តើម និងខ្លះបានបើកដំណើរការ ខណៈបច្ចុប្បន្នផ្សារ MAKRO បានបើកដំណើរការរួចហើយ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងគំរោងបុរីជាច្រើនបាននិងកំពុងសាងសង់។
លោកបន្តថា “ការសាងសង់ព្រលានយន្តហោះថ្មីនេះ បាននិងកំពុងធ្វើឲ្យក្រុមហ៊ុនវិនិយោគបរទេសជាច្រើនចូលមកកាន់់ខេត្តសៀមរាប ដែលបានធ្វើឲ្យទីផ្សារអចលនទ្រព្យ ក្នុងខេត្តនេះ ពិសេសតម្លៃដីធ្លីកើនឡើង”។ លោកបន្តថា “ខេត្តសៀមរាបចាប់ផ្តើមពង្រីកសក្តានុពលចេញពីវិស័យទេសចរណ៍ហើយ ខេត្តនេះលែងពឹងផ្អែកតែវិស័យទេសចរណ៍តែមួយមុខហើយ”។
លោកស្រី អាន សុធីតា នាយកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE ឲ្យដឹងថា បើទោះជាមានប្រកាសថា មានការវិនិយោគច្រើននៅខេត្តសៀមរាប ប៉ុន្តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅខេត្តនេះ ហាក់មានដំណើរការយឺតយ៉ាវ បើធៀបជាមួយទីក្រុងភ្នំពេញ។
លោកស្រីឲ្យដឹងទៀតថា “ទោះជាវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងសៀមរាបមានការអភិវឌ្ឍយឺតជាងទីក្រុងភ្នំពេញច្រើនក៏ដោយ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំចំនួនភ្ញៀវទេសចរមានការកើនច្រើន”។ លោកស្រីបនម្តថា “ខ្ញុំមើលឃើញថា វិស័យរីកចម្រើនជាងគេគឺសណ្ឋាគារ និងវិស័យអចលនទ្រព្យបាននិងកំពុងកើនឡើង ពិសេសការវិនិយោគផ្នែកលំនៅដ្ឋាន”។
លោកស្រីបានបន្តថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធឲ្យប្រសើរជាមុនបន្ថែមទៀត ដើម្បីទាក់ទាញទេសចរណ៍ ក៏ដូចជាវិនិយោគិនបន្ថែមទៀត ព្រោះសៀមរាបនៅមានសក្តានុពលច្រើនសម្រាប់ការវិនិយោគ៕