រដ្ឋាភិបាលអនុម័តគំរោងវិនិយោគជិត៥០០ដែលមានទំហំទុនរហូតដល់៧២០០លានដុល្លារក្នុងរយៈពេល៨ខែ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាសេនាធិការបានអនុម័ត គំរោងវិ​និយោគរហូតដល់៤៩១គំរោង និងមានទុនវិនិយោគប្រមាណ៧២០០លានដុល្លារអាមេរិក។

របាយការណ៍របស់ស្ថាប័នខាងលើបានឲ្យ​ដឹង​ទៀតថា ​បើគិត​ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ៧,២ប៊ី(ពាន់)​លានដុល្លារ គឺគម្រោងវិនិយោគ បាន​កើនឡើងចំនួន២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

រាជធានី ខេត្ត ដែលទទួលបានគំរោងទុនវិនិយោគ រួមមានខេត្ត​កំពង់ស្ពឺ​ ទទួល​បាន​គម្រោង​វិនិយោគ​​ច្រើន​ជាង​គេ​ គឺ​ចំនួន១១៧ ស្វាយរៀង១១៣ភ្នំពេញ៥៤ តាកែវ៥១ កោះកុង៤៣ ព្រះសីហនុ៣៨ កណ្តាល ៣៥ កំពង់ឆ្នាំង ១៥ ក្រៅ​ពី​នោះ​មាន​ដូចជា ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង ពោធិ៍សាត់ រតនគិរី និង​មណ្ឌលគិរី ជាដើម​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ល្ងាចថ្ងៃ​ទី​៣ ខែ​កញ្ញាបានឲ្យដឹងថា ​ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​ចុះបញ្ជីឱ្យ​គម្រោងវិនិយោគសរុបចំនួន៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៦០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៧ពាន់កន្លែង។

ទុន​វិនិយោគ​ពី​សំណាក់​វិនិយោគិន​កម្ពុជា`បាន​ឈាន​មុខគេ​ដោ​យ​មាន​ចំណែក៤៥,៤៨% តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន សិង្ហបុរី អង់គ្លេស ជាដើម​។​

ក្នុងចំណោមគម្រោងវិនិយោគ ដែលបាន​អនុម័ត គឺ​គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​មានចំនួន៣៥ គម្រោង(គម្រោងធំៗមាន​ដូច​ជា រោងចក្រកែច្នៃផ្លែឈើ និង​រោងចក្រ​កែច្នៃជ័រកៅស៊ូ) និងគម្រោងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសចំនួន១៦គម្រោង(រោងចក្រ​ផលិតដែក​គ្រោងសំណង់គ្រប់ប្រភេទ រោងចក្រ​ផលិតទឹកស្អាត សម្អាតទឹក និង​ផ្គត់ផ្គង់អគ្គិសនី និង​សណ្ឋាគារ)​។

អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បាន​មានប្រសាសន៍ថា ការអនុម័ត​គម្រោង និង​ទុនវិនិយោគ​ក្នុង​ចំនួន​ច្រើន​បែបនេះ គឺ​បញ្ជាក់​ពី​ទំនុកចិត្ត និង​ភាពរឹងមាំ​នៃ​ទីផ្សារ ​ដែល​វិនិយោគិន​សម្លឹង​ឃើញ​ពី​ការបណ្តាក់ទុន​នៅ​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ ព្រមទាំង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ជាមួយ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​មាន​ប្រជាជន ​ច្រើនជាងគេ​លើ​ពិភពលោក​។

លោកបញ្ជាក់ថា “ការ​កែលម្អប្រព័ន្ធច្បាប់វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏​កំពុង​ក្លាយ​ជា​កម្លាំង​ស្រូប​មួយ​បន្ថែម​ទៀត ​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ ​ឱ្យ​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន”។​លោក​បន្ថែម​ថា “អ្វីដែល​ពិសេស​នាពេលនេះ គឺ​ការចូល​មក​បណ្តាក់ទុន​កាន់តែច្រើន​លើ​ឧស្សាហកម្ម​ធុន​មធ្យម និង​ធ្ងន់ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត​ចាប់ពីពេលនេះ​តទៅ​”។

លោក​បាន​បន្ថែម​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល ​ក្នុង​ការជំរុញ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា ​ទៅ​កាន់​គ្រប់​ប្រទេស​លើ​សកលលោក គឺ​​ជា​កម្លាំង​ចលករ​បន្ថែម​ទៀត​ ដែល​នឹង​ធ្វើឱ្យ​វិនិយោគិន​កាន់តែ​ច្រើន​បញ្ចេញ​ទុន​មក​វិនិយោគ​នៅ​កម្ពុជា​​៕

LEAVE A REPLY

Please enter your comment!
Please enter your name here