ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាសេនាធិការបានអនុម័ត គំរោងវិនិយោគរហូតដល់៤៩១គំរោង និងមានទុនវិនិយោគប្រមាណ៧២០០លានដុល្លារអាមេរិក។
របាយការណ៍របស់ស្ថាប័នខាងលើបានឲ្យដឹងទៀតថា បើគិតក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧,២ប៊ី(ពាន់)លានដុល្លារ គឺគម្រោងវិនិយោគ បានកើនឡើងចំនួន២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបានកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារ ស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
រាជធានី ខេត្ត ដែលទទួលបានគំរោងទុនវិនិយោគ រួមមានខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺចំនួន១១៧ ស្វាយរៀង១១៣ភ្នំពេញ៥៤ តាកែវ៥១ កោះកុង៤៣ ព្រះសីហនុ៣៨ កណ្តាល ៣៥ កំពង់ឆ្នាំង ១៥ ក្រៅពីនោះមានដូចជា ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង ពោធិ៍សាត់ រតនគិរី និងមណ្ឌលគិរី ជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញាបានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីឱ្យគម្រោងវិនិយោគសរុបចំនួន៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៦០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៧ពាន់កន្លែង។
ទុនវិនិយោគពីសំណាក់វិនិយោគិនកម្ពុជា`បានឈានមុខគេដោយមានចំណែក៤៥,៤៨% តាមពីក្រោយដោយប្រទេសចិន សិង្ហបុរី អង់គ្លេស ជាដើម។
ក្នុងចំណោមគម្រោងវិនិយោគ ដែលបានអនុម័ត គឺគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៥ គម្រោង(គម្រោងធំៗមានដូចជា រោងចក្រកែច្នៃផ្លែឈើ និងរោងចក្រកែច្នៃជ័រកៅស៊ូ) និងគម្រោងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសចំនួន១៦គម្រោង(រោងចក្រផលិតដែកគ្រោងសំណង់គ្រប់ប្រភេទ រោងចក្រផលិតទឹកស្អាត សម្អាតទឹក និងផ្គត់ផ្គង់អគ្គិសនី និងសណ្ឋាគារ)។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា ការអនុម័តគម្រោង និងទុនវិនិយោគក្នុងចំនួនច្រើនបែបនេះ គឺបញ្ជាក់ពីទំនុកចិត្ត និងភាពរឹងមាំនៃទីផ្សារ ដែលវិនិយោគិនសម្លឹងឃើញពីការបណ្តាក់ទុននៅកម្ពុជា ខណៈកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជាច្រើន ពិសេសប្រទេសចិន ដែលជាទីផ្សារមានប្រជាជន ច្រើនជាងគេលើពិភពលោក។
លោកបញ្ជាក់ថា “ការកែលម្អប្រព័ន្ធច្បាប់វិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏កំពុងក្លាយជាកម្លាំងស្រូបមួយបន្ថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនកាន់តែច្រើន”។លោកបន្ថែមថា “អ្វីដែលពិសេសនាពេលនេះ គឺការចូលមកបណ្តាក់ទុនកាន់តែច្រើនលើឧស្សាហកម្មធុនមធ្យម និងធ្ងន់ ហើយចំនួននេះនឹងបន្តកើនឡើងទៀតចាប់ពីពេលនេះតទៅ”។
លោកបានបន្ថែមថា គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅកាន់គ្រប់ប្រទេសលើសកលលោក គឺជាកម្លាំងចលករបន្ថែមទៀត ដែលនឹងធ្វើឱ្យវិនិយោគិនកាន់តែច្រើនបញ្ចេញទុនមកវិនិយោគនៅកម្ពុជា៕