ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ស្របពេលដែលពិភពលោកកំពុងរងគ្រោះ នឹងបញ្ហាឡើងកម្ដៅដោយសារការប្រែប្រួលអាកាសធាតុ ប្រទេសកម្ពុជាក៏ទទួលរងនូវឥទ្ធិពលមួយនេះផងដែរ ហេតុនេះការរចនាលំនៅដ្ឋានតាមបែបសម័យថ្មី អាចឆ្លើយតបនឹងបំរែបំរួលអាកាសធាតុគឺជារឿងចាំបាច់មួយ។
ក្នុងកាលៈទេសៈនេះ ជាការរួមចំណែកកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងលំនៅដ្ឋាន អ្នកជំនាញបានបង្ហើបពីគន្លឹះសាងសង់ផ្ទះប្រកបដោយភាពស្រស់ស្អាត ចំណាយលុយតិច តែមានផាសុកភាព។

-->
ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន NOUTH-DESIGN លោក នុត រិទ្ធី ដែលជាអ្នកជំនាញខាងផ្នែករចនា(Design) និង តុបតែង (Décor) លំនៅដ្ឋានបែបទាន់សម័យមកពីប្រទេសបារាំង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២ ខែឧសភា នេះថា ការរចនាម៉ូដផ្ទះនៅកម្ពុជានាពេលបច្ចុប្បន្ន ភាគច្រើន ត្រូវបានធ្វើឡើងទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់ម្ចាស់ផ្ទះ រហូតមានលំនៅដ្ឋានខ្លះមានទំហំតូចល្មម ប៉ុន្តែត្រូវចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ហើយទទួលបានលទ្ធផលត្រឡប់មកវិញតិចតួច និងមិនមានផាសុកភាព ដែលមិនសមស្របទៅនឹងការចំណាយនោះឡើយ។
អ្នកជំនាញរូបនេះបានលើកឡើងថា «មុនពេលធ្វើការរចនា ចេញជាម៉ូតផ្ទះឬភូមិគ្រឹះនីមួយៗ អ្នកជំនាញគួរតែមានការសិក្សា និងស្វែងយល់ឱ្យបានលម្អិតពីគោលបំណងរបស់ម្ចាស់ផ្ទះ ដោយសិក្សាទៅលើកក្តាភូមិសាស្ត្រជាក់ស្ដែងជុំវិញ ទាំងកត្តាបរិស្ថានធម្មជាតិ កត្តាហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកត្តានៃតម្លៃសម្ភារៈជាដើម មុនពេលសម្រេចទទួលរចនាម៉ូដ ជាពិសេសគឺកត្តាហានិភ័យដែលអាចកើតមានឡើងក្រោយពេលបញ្ចប់ការសាងសង់ ជាមួយនឹងវិធីសាស្ត្រដោះស្រាយបញ្ចៀសបញ្ហាប្រកបដោយគុណភាពខ្ពស់»។
លោកបានបញ្ជាក់ទៀតថា បើនិយាយពីការសាងសង់សំណង់លំនៅដ្ឋានដែលស្ថិតនៅជាយក្រុងនាពេលបច្ចុប្បន្ននេះ គឺកំពុងតែមានសកម្មភាពខ្លាំង ដូច្នេះសម្រាប់អ្នកជំនាញ មុនពេលសម្រេចចិត្តចេញម៉ូដ គឺត្រូវសាកសួរទៅម្ចាស់គម្រោង ដើម្បីវាយតម្លៃទៅលើការចំណាយក្នុងការសាងសង់។ ឧទាហរណ៍ ដូចជា ម្ចាស់គម្រោងមានខ្ទង់ចំណាយទាប តែចង់បានលំនៅដ្ឋានដែលមានភាពស្អាតសមរម្យ ដូច្នេះអ្នកជំនាញត្រូវតែសិក្សាពីទំហំនៃលំនៅដ្ឋាន និងប្រភេទសម្ភារៈដែលត្រូវយកមកផ្គត់ផ្គង់លើការសាងសង់ បែបណាដែលមានគុណភាពអាចទទួលយកបាន ហើយមានតម្លៃសមរម្យ ដូចជាផលិតផលដែលផលិតក្នុងស្រុក ឬនៅប្រទេសជិតខាងជាដើម។
លោកបន្តថា «បន្ទាប់ពីគិតទៅលើចំណុចសំខាន់ ដែលជាមូលដ្ឋានគ្រឹះមុនពេលសម្រេចចិត្តធ្វើការរចនាម៉ូដ ដូចបានរៀបរាប់ខាងលើនេះ អ្នកជំនាញក៏ត្រូវពិចារណាទៅលើកត្តាបរិស្ថានធម្មជាតិ និងគួរបើកច្រកទ្វារធំបែរទៅទិសខាងណា គួរធ្វើបង្អួតទំហំប៉ុណ្ណា ដែលអាចឱ្យពន្លឺថ្ងៃជះចូលក្នុងលំនៅដ្ឋានគ្រប់គ្រាន់ និងមានខ្យល់អាកាសត្រជាក់ចេញចូលបានល្អ អាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ផ្តល់ផាសុកភាពខ្ពស់ដល់អ្នករស់នៅ»។ លោកបន្តថា «រួចរាល់ហើយ ទើបធ្វើការវិភាគទៅលើគំនិតច្នៃប្រឌិតរចនាម៉ូដនៅក្នុងលំនៅដ្ឋានបែបណាដែលមានភាពស្រស់ស្អាត ទាន់សម័យ និងមានភាពទាក់ទាញ»។
យ៉ាងណាក៏ដោយ ទស្សនទានទាំងនេះ គ្រាន់តែជាចំណុចចាប់ផ្តើមគោលៗដែលតម្រូវឱ្យអ្នកជំនាញគួរពិចារណាតែប៉ុណ្ណោះ ប៉ុន្តែវានៅមានចំណុចបន្ទាប់បន្សំជាច្រើនទៀតដែលត្រូវធ្វើការសិក្សា និងផ្តល់ការប្រឹក្សាជាមួយម្ចាស់គម្រោងមុនពេលចាប់ផ្តើមដំណើរការសាងសង់ ដើម្បីចៀសវាងការចំណាយថវិកាច្រើនក្នុងការសាងសង់លំនៅដ្ឋាន ប៉ុន្តែមិនមានផាសុកភាពក្នុងការរស់នៅ៕