ដោយ ម៉ាណេត
ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅទីក្រុងបាត់ដំបងកំពុងបន្តភាពរីកចម្រើន និងមានការប្រែប្រួលជាងមុន ដោយសារវិនិយោគិនជាតិ និងអន្តរជាតិបាននិងកំពុងស្វែងរកឱកាសវិនិយោគ ពិសេសវិនិយោគិនជាតិបានផ្តើមទិញអចលនទ្រព្យនៅទីនោះសម្រាប់ធ្វើការវិនិយោគ។
ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) ឲ្យដឹងថា ខេត្តបាត់ដំបងកំពុងមានការរីកចម្រើនបន្ថែមទៀត ពាក់ព័ន្ធជាមួយនឹងរឿងគំនិតអភិវឌ្ឍន៍ និងដេគ័រអគារសាងសង់ សព្វថ្ងៃមានជនជាតិចិនមួយចំនួនបានទៅខេត្តបាត់ដំបងបណ្ដើរៗហើយដើម្បីស្វែងរកឱកាសធ្វើការវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងខេត្តមួយនេះ ហើយមិនយូរមិនឆាប់ទេបាត់ដំបងនឹងប្រែមុខមាត់បន្ថែមទៀត។
-->
លោកបានថ្លែងថា ៖ វិស័យអចលនទ្រព្យនៅទីនោះមានការប្រែប្រួលជាងមុន ដោយសារមានអ្នកភ្នំពេញចាប់ផ្តើមទិញអចលនទ្រព្យនៅទីនោះសម្រាប់ប្រើប្រាស់ និងធ្វើការវិនិយោគ ពិសេសភូមិសាស្ត្រក្នុងទីរួមខេត្តចំនួនមានការជួញដូរអចលនទ្រព្យច្រើន។ តំបន់ដែលមានទីផ្សារសម្រាប់ការជួញដូរអចលនទ្រព្យច្រើនជាងគេគឺស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ហើយនៅតាមបណ្តោយតំបន់នេះមានការអភិវឌ្ឍច្រើន។
លោក បានបញ្ជាក់ថា ខ្ញុំមើលឃើញការទិញលក់តម្លៃដី និងអចលនទ្រព្យក្នុងទីក្រុងបាត់ដំបងប្រហាក់ប្រហែល ១,០០០ ដុល្លារអាមេរិចក្នុងម៉ែតការ៉េ ហើយវាអាចច្រើនជាងនេះស្ថិតនៅតាមទីតាំង និងទំហំដី សម្រាប់ផ្ទះល្វែងក្នុងទីក្រុងអាចមានតម្លៃប្រម៉ាណជា ៣០០,០០០ ដុល្លារក្នុងមួយល្វែង។ តម្លៃដី និងអចលនទ្រព្យក្នុងក្រុងបាត់ដំបងមិនចាញ់ទីក្រុងភ្នំពេញប៉ុន្មានទេ ដោយសារទីក្រុងមួយចាប់មានការអភិវឌ្ឍ និងវិនិយោគច្រើន។
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះ បើនិយាយពីវិស័យអលចនទ្រព្យ គឺមានភាពរីកចម្រើន និងអភិវឌ្ឍខ្លាំង។ ជាក់ស្ដែង សកម្មភាពនៃការសាងសង់សំណង់នានា បាននិងកំពុងតែសម្រុកកាន់តែច្រើន។
លោកបានបញ្ជាក់ថា “សព្វថ្ងៃនេះ ខេត្តបាត់ដំបង មានភាពទាក់ទាញខុសប្លែកជាងកាលពីឆ្នាំមុនៗ ដោយសារមានការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធច្រើន ទាំងផ្នែកវិស័យរដ្ឋ និងវិស័យឯកជន។ លោកបន្តថា “វិស័យឯកជន មានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសវិស័យលំនៅដ្ឋានកម្រិតមធ្យមតែម្ដង”។
លោក ងួន រតនៈ បានបន្តទៀតថា ការវិនិយោគលើវិស័យសំណង់លំនៅដ្ឋានមានច្រើនកម្រិត ដែលរាប់ចាប់ពីកម្រិតទាប រហូតដល់កម្រិតទ្រង់ទ្រាយធំ ដែលមានសំណង់លំនៅដ្ឋានរាប់ពាន់ខ្នង ដោយក្រុមហ៊ុនខ្លះ កំពុងសម្រុកសាងសង់បញ្ចប់គម្រោងដែលសល់ពីឆ្នាំចាស់ ហើយក្រុមហ៊ុនខ្លះទៀត ក៏ទើបតែចាប់អនុវត្តនូវគម្រោងថ្មីរបស់ខ្លួន ព្រោះតម្រូវការទីផ្សារពីអ្នករស់នៅក្នុងខេត្តក៏មានចំនួនច្រើន។
សំណង់លំនៅស្ថានស្ថិតនៅខេត្តបាត់ដំបង។ រូបថត ម៉ៃ វីរៈ
ដោយឡែកក្រៅពីមានការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន ក៏មានការកើនឡើងនូវការវិនិយោគ ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់ផងដែរ ដើម្បីស្វាគមន៍នូវកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកកម្សាន្តនៅក្នុងខេត្តមួយនេះ ខណៈដែលភាគច្រើនអ្នកវិនិយោគគឺជាជនជាតិខ្មែរ ដែលមិនទាន់មានក្រុមហ៊ុនបរទេសណាមួយចូលមកវិនិយោគលើវិស័យមួយនេះនៅឡើយ។
លោកថា “សកម្មភាពនៃការរីកចម្រើន និងអភិវឌ្ឍនូវវិស័យសំណង់ទាំងអស់ខាងលើនេះហើយ ដែលជាមូលហេតុជំរុញតម្លៃនៃដី និងអចលនទ្រព្យកើនឡើងជាងឆ្នាំកន្លងទៅទៀត”៕