ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន OCIC ដែលកំពុងវិនិយោគទីក្រុងកោះពេជ្រ នឹងបង្កើតតំបន់ដើរកំសាន្តថ្មីមួយ (Walk Street) នៅតំបន់ជាប់មាត់ទន្លេ ជាប់គ្នានឹងគំរោង Elysee ដែលជាគំរោងវិនិយោគក្នុងតម្លៃទឹកប្រាក់ ៣០០លានដុល្លារអាមេរិក។

-->
ប្រធានគំរោង Elysee លោករ៉ា បូរីវុឌ្ឈបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣ ឧសភានេះថា គំរោងបង្កើតតំបន់ដើរកំសាន្តបែបថ្មើជើងនេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ ខណៈគំរោង Elysee ទាំងមូល នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២០ខាងមុខនេះ។ លោកបន្តថា យើងនឹងបង្កើតកន្លែងលក់ទំនិញ វត្ថុអនុស្សាវរីយ៍ និងសហការជាមួយម្ចាស់ផ្ទះក្នុងគំរោងនេះ ដើម្បីបង្កើតតំបន់នេះជាតំបន់ដោយលំហែរ និងការកំសាន្តនេះ។
លោកបន្តថា “គំរោងនេះមានលក្ខណៈពិសេស ដោយផ្ទះក្នុងគំរោងនេះអ្នកវិនិយោគអាចកែប្រែជាផ្ទះសំណាក់ សណ្ឋាគារ ការិយាល័យ សណ្ឋាគារ អាផាតម៉ិន ខុនដូបានដោយខ្លួនឯង”។ លោកបន្តថា “ផ្ទះក្នុងគំរោងនេះមានសរុបចំនួន២៣៥ផ្ទះ និងមានផ្ទៃក្រឡាសរុបចំនួនជាង៥០ម៉ឺនម៉ែត្រការ៉េ”។
លោក រ៉ា បូរីវុឌ្ឈ បានបន្តថា រហូតមកទល់ពេលនេះ ផ្ទះក្នុងគំរោង Elysee លក់អស់ប្រមាណ ៥០ភាគរយហើយ នៃផ្ទះសរុប ដែលគំរោងនេះមានផ្ទៃដីជាង៩ហិកតា។ គំរោងនេះគ្រាន់តែការចំណាយលើវិស័យសំណង់ អស់ទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក ដែលតម្លៃនេះមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយទេ។
អ្នកជំនាញផ្នែកទេសចរណ៍ជារឿយៗ បានស្នើរដ្ឋាភិបាលរៀបចំបន់ដើរកំសាន្តនៅរាជធានីភ្នំពេញ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា តំបន់ដើរកំសាន្តមានភាពទាក់ទាញណាស់ សំរាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ប៉ុន្តែការរៀបចំរបស់អាជ្ញាធរក្រុងកន្លងមក នៅជួបបញ្ហា ដោយគម្រោងរៀបចំតំបន់ដើរកំសាន្តនៅតាមតិរវិថីស៊ីសុវត្ថិ មិនអាចចេញជារូបរាងនៅឡើយ។

លោកបន្តថា “ការរៀបចំតំបន់ដើរកំសាន្តបែបនេះ ពិតជាល្អប្រសើរ ព្រោះបើការរៀបចំបានល្អ វានឹងទាក់ទាញទេសចរណ៍ ហើយអាចចាត់ទុកថាជាផលិតផលទេសចរណ៍ថ្មីមួយ”៕