ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ និងកសិកម្មរបស់ចិនបាននិងកំពុងហុចផល ដល់ការជម្រុញកំនើនសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឲ្យទីផ្សារនាំចេញកាន់តែធ្វើពិពិធកម្ម។
ប្រសិនជាយើងក្រឡេកមើល នៅក្នុងវិស័យកសិកម្ម ការវិនិយោគរបស់ចិន បានណែនាំបច្ចេកវិទ្យាទំនើប និងការអនុវត្តកសិកម្មទំនើប ជួយកសិករកម្ពុជាបង្កើនទិន្នផលដំណាំ កែលម្អគុណភាពផលិតផល ចូលទីផ្សារក្នុងតំបន់កាន់តែមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូលនៅជនបទ និងជំរុញសក្តានុពលនាំចេញរបស់កម្ពុជាយ៉ាងខ្លាំង នៅទូទាំងអាស៊ីអាគ្នេយ៍។
ក្នុងការកាត់បន្ថយថ្លៃភស្តុភារ ការតភ្ជាប់តំបន់កសិកម្មទៅកាន់មជ្ឈមណ្ឌលទីក្រុង និងកំពង់ផែអន្តរជាតិ គាំទ្រដល់ឧស្សាហកម្មក្នុងស្រុក សម្រួលពាណិជ្ជកម្ម លើកកម្ពស់ទេសចរណ៍ និងបង្កើតការងារនៅទូទាំងវិស័យសំណង់ និងសេវាកម្មពាក់ព័ន្ធ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា កម្ពុជាបានទាក់ទាញការវិនិយោគ ទ្រព្យសកម្មថេរចំនួន៧.២ប៊ីលានដុល្លារ ក្នុងអំឡុងពេល៨ខែដំបូង នៃឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើង៥០ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ ដោយវិនិយោគិនចិនមានចំនួន៥២,៨២ភាគរយ នៃចំនួនសរុបនេះ ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ប្រទេសចិន។
លំហូរវិនិយោគទាំងនេះ គ្របដណ្តប់លើវិស័យជាច្រើន ដូចជា កសិកម្ម សួនឧស្សាហកម្ម ថាមពល ភស្តុភារ និងអចលនៈទ្រព្យ ដែលបង្ហាញពីភាពចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ការលើកកម្ពស់សមាហរណកម្មក្នុងតំបន់ គាំទ្រដល់កំណើនអាជីវកម្ម និងការជំរុញទំនើបកម្មយូរអង្វែង និងនិរន្តរភាព នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ក្រោមការដឹកនាំរបស់លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី៥ ខែកក្កដាឆ្នាំមុន បានពង្រឹងបណ្តាញវិនិយោគទ្វេភាគី សម្របសម្រួលកិច្ចសហការ កាន់តែជិតស្និទ្ធរវាងក្រុមហ៊ុនចិន និងឧស្សាហកម្មកម្ពុជា ព្រមទាំងគាំទ្រវេទិកា គណៈប្រតិភូ និងកិច្ចពិភាក្សាគោលនយោបាយ ដើម្បីសម្រួលប្រតិបត្តិការអាជីវកម្មឆ្លងព្រំដែន។
ឧទាហរណ៍សំខាន់នៃការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិនគឺស្ពានមិត្តភាពកម្ពុជា -ចិន មេគង្គក្រចេះ ដែលបើកជាបណ្ដោះអាសន្នពីថ្ងៃទី៨-២៨ ខែកញ្ញា ដោយផ្តល់អត្ថប្រយោជន៍មុនគេដល់សហគមន៍មូលដ្ឋាន ខណៈដែលការសាងសង់ ដែលកំពុងបន្ត នឹងធានាថាគម្រោងនេះស្របតាមស្តង់ដារវិស្វកម្ម និងសុវត្ថិភាព។
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន៩៨,១៣ភាគរយ ខណៈគម្រោងរួមរួមទាំងផ្លូវតភ្ជាប់ សម្រេចបាន៨៧,១៣ភាគរយ។
ប្រតិបត្តិការពេញលេញនៃស្ពាននេះ ត្រូវបានគេរំពឹងថានឹងពង្រឹងការតភ្ជាប់ក្នុងតំបន់យ៉ាងសំខាន់ ដោយសម្រួលដល់លំហូរពាណិជ្ជកម្ម ជំរុញទេសចរណ៍ ធ្វើអោយប្រសើរឡើងនូវវិស័យភស្តុភារ និងពង្រីកលទ្ធភាពទទួលបានទីផ្សារ សម្រាប់ផលិតករកសិកម្ម និងធុរកិច្ចក្នុងស្រុកដែលស្វែងរក ការប្រកួតប្រជែងអន្តរជាតិកាន់តែខ្លាំង។
ការវិនិយោគរបស់ចិននៅកម្ពុជា បានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រ ដែលរួមបញ្ចូលគ្នានូវការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងទំនើបកម្មកសិកម្ម បង្កើតផលយ៉ាងច្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ ពាណិជ្ជករ អាជីវកម្ម និងអ្នកវិនិយោគខណៈគាំទ្រដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម សមាហរណកម្មក្នុងតំបន់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
គម្រោងទាំងនេះ ក៏បានរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ច ក្នុងតំបន់កាន់តែទូលំទូលាយ តាមរយៈការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ធ្វើអោយប្រសើរឡើងនូវផ្នែកភស្តុភារឆ្លងព្រំដែន ទាក់ទាញការវិនិយោគបរទេសបន្ថែម និងផ្តល់លទ្ធភាពឱ្យកម្ពុជា ចូលរួមកាន់តែមានប្រសិទ្ធភាពក្នុងបណ្តាញពាណិជ្ជកម្មអាស៊ាន និងទីផ្សារសកល។
តាមរយៈការផ្សារភ្ជាប់វិស័យកសិកម្ម ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប ការវិនិយោគរបស់ចិន បានបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា គាំទ្រដល់ការអភិវឌ្ឍន៍ជនបទ លើកកម្ពស់ជីវភាពរស់នៅ សម្រួលពាណិជ្ជកម្ម និងទេសចរណ៍ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរយៈពេលវែង ធានាបាននូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។
ជារួម ការចូលរួមកាន់តែច្រើនឡើង របស់ប្រទេសចិនក្នុងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តំណាងឱ្យកត្តាជំរុញដ៏សំខាន់នៃទំនើបកម្មសេដ្ឋកិច្ច សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលបង្ហាញពីតម្លៃនៃភាពជាដៃគូវិនិយោគរយៈពេលវែង ក្នុងការជំរុញវិបុលភាពរួមគ្នា។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) មានប្រសាសន៍ថា ការវិនិយោគរបស់ចិន លើហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មតំណាងឱ្យវដ្ត នៃការអភិវឌ្ឍន៍ស្របគ្នា ដែលបង្កើតផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។
លោកពន្យល់ថា “ការអនុវត្តកសិកម្មទំនើបរបស់ចិន ផ្តល់ទិន្នផលខ្ពស់ជាង បើធៀបនឹងវិធីសាស្ត្រប្រពៃណី ខណៈដែលផ្លូវ និងស្ពានថ្មីកាត់បន្ថយពេលវេលាដឹកជញ្ជូន និងថ្លៃដើម”។
លោកបានកត់សម្គាល់ថា នៅពេលកសិករទទួលបានការងាយស្រួល ក្នុងការចូលទៅកាន់ទីផ្សារនៅបរទេស អ្នកផលិតកម្ពុជាទទួលបានផលចំណេញ ពីការបង្កើនប្រាក់ចំណេញ ខណៈវិនិយោគិនចិនធានាបាននូវខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកាន់តែអាចទុកចិត្តបាន និងមានប្រសិទ្ធភាព។
លោក វិចិត្រ បានបញ្ជាក់ថា កសិករកម្ពុជាភាគច្រើននៅតែដំណើរការជាលក្ខណៈបុគ្គល ឬជាលក្ខណៈគ្រួសារ ដែលកាត់បន្ថយអំណាចនៃការចរចា ជាពិសេសក្នុងរដូវប្រមូលផលខ្ពស់បំផុត។
លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ជួយកសិករទទួលបានតម្លៃសមធម៌ជាង ខណៈផ្តល់ជូនអាជីវកម្មចិននូវប្រភពផលិតផលមានគុណភាព និងស្ថិរភាពយូរអង្វែង។
ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃបណ្តាញផ្លូវដែក ដោយកត់សម្គាល់ថា ទោះបីជាផ្លូវ និងស្ពានរបស់កម្ពុជាបានពង្រីកយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ប្រព័ន្ធផ្លូវដែករបស់កម្ពុជានៅមានកម្រិត ដោយរារាំងការដឹកជញ្ជូនច្រើន ប្រកបដោយប្រសិទ្ធភាព និងការប្រកួតប្រជែងរយៈពេលវែង។
លោក វិចិត្រ បានបន្ថែមថា “ផ្លូវដែកមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទ្រង់ទ្រាយធំ ហើយជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន ជំនាញដែលបានបង្ហាញឱ្យឃើញ និងសមត្ថភាពសាងសង់បណ្តាញផ្លូវដែកបានយ៉ាងឆាប់រហ័ស ប្រជាជាតិទាំងពីរអាចទទួលបានគ្នាទៅវិញទៅមក តាមរយៈការតភ្ជាប់កាន់តែលឿន ថ្លៃដឹកជញ្ជូនទាប និងឱកាសពាណិជ្ជកម្មក្នុងតំបន់ដែលត្រូវបានពង្រីក”៕