សម្តេចធិបតីអបអរសាទរខួបនៃការចុះប្រាសាទកោះកេរជាសម្បត្តិ បេតិក័ណ្ឌពិភពលោក

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងសារថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ជាខួប២ឆ្នាំដែលប្រាសាទកោះកេររបស់​កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវ​សេច​ក្ដីសោ​ម​នស្សរីករាយ និងទឹកចិត្តដ៏រំភើប​ឥត​ឧប​មា​យ៉ាងជ្រាលជ្រៅ ចូលរួមអបអរសាទរ​ជាមួយសម្តេចព្រះសង្ឃរាជ ព្រះថេរា​នុត្ថេរៈ​គ្រប់​ព្រះអង្គ និងបងប្អូនជនរួមជាតិ​ទាំង​អស់ ក្នុងឱកាសខួប២ឆ្នាំ នៃការចុះ “រម​ណីយ​​ដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជី​បេតិ​កភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្នុង​សម័យ​ប្រជុំ​លើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកក្នុង​ប្រទេស​អារ៉ា​ប៊ីសា​អូឌីត។

ក្នុងសារលិខិតអបអរសាទរសម្តេចមហាបវរធិបតី បានគូសរំលេចថា ការសម្រេច​ទទួលស្គាល់អតីតរាជធានីកោះកេរ កសាងដោយព្រះ​បាទជ័យវរ្ម័នទី៤ ក្នុង​សម័យអង្គរដ៏រុងរឿងបំផុត នៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូប​បដិមា សិលាចារឹត ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ បាន​បង្ហាញ​ពីកិត្យា​នុភាពវប្បធម៌ ដ៏ខ្ពស់ត្រដែតរបស់ជាតិក្នុងឆាកអន្តរជាតិ ដែលកើត​ចេញ​ពីការខិតខំប្រឹងប្រែង ប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋា​ភិបា​ល​កម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ របស់​សម្ដេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមក​ជូន​ប្រជាជនកម្ពុជានូវភាពសុខដុមរមនា សម្រាប់ជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍ​ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិបេតិ​កភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែ​លដ៏ឧត្ដុង្គឧត្តមពុំអាច​កាត់​ថ្លៃ​បាន របស់បុព្វបុរសយើងបន្សល់ទុកជូន អ្នកជំនាន់ក្រោយ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូន​ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិ​ព្រះ​វិហារ អ្នកជំនាញជាតិនិងអន្តរជាតិ ដៃគូអន្តរជាតិ និងឥស្សរជនទាំងឡាយ ដែលបាន​ខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិន​ប្រសប់ និងវិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាក រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ មានជាអាទិ៍ការអភិរក្សនិងជួសជុលប្រាសាទបល្ល័ង្គជើង ប្រាសាទប្រាំ ប្រាសាទក្រហម ប្រាសាទគោកគ្រង និងការសិក្សា​ស្រាវជ្រាវផ្នែក​បុរាណ​វិទ្យាសំខាន់ៗជាច្រើនទៀត ដើម្បីយល់ដឹងអំពីប្រវត្តិសាស្ត្រ ដ៏អស្ចារ្យនាសម័យ​នោះ។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួម​ របស់​គ្រប់​​ស្ថា​ប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិ​ព្រះវិហារ ត្រូវ​សហការបំពេញបេស​កកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបាន​ហ្មត់​ចត់​នូវប្រាង្គ​ប្រា​សាទ បុរា​ណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និង​សត្វ​ព្រៃ ស្រប​តាម​គោលការណ៍ប្រតិបត្តិ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ ប្រជាជន​គ្រប់​រូបមាន ភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌​ និងសម្បត្តិ​ធម្មជាតិ​ទាំង​អស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃរម​ណី​យ​ដ្ឋាន​ប្រា​សាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើក​កម្ពស់​​ជីវ​ភាព​ប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិ​របស់កម្ពុជា ​នៅលើ​ឆាក​អន្តរជាតិ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់គ្រប់បណ្ដាញព័ត៌មានទាំងអស់ ចូល​រួម​សហការផ្សព្វផ្សាយព្រឹត្តិ​ការណ៍នេះ ឱ្យបានទូលំទូលាយ និងអធិកអធម ដើម្បីអប​អរ​សារទរខួប២ឆ្នាំ នៃការ​ចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក៏ដូចជាបន្តជំរុញសក្តា​នុពល​ទេស​ចរណ៍​ក្នុងតំបន់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here