ក្រុមអ្នកវិភាគទាញទម្លាក់ការព្យាករណ៍កំណើនតម្លៃផ្ទះនៅក្នុងប្រទេសនូវែលហ្សេឡង់រហូតដល់ឆ្នាំ២០២៧

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លើក្រុមអ្នកវិភាគអចលនទ្រព្យបានបង្ហាញថា តម្លៃផ្ទះនៅប្រទេសនូវែលហ្សេឡង់(New Zealand) នឹងកើនឡើងក្នុងអត្រាទាបជាងការរំពឹងទុកពីមុនរហូតដល់ឆ្នាំ២០២៧ខាងមុខ។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសនេះបានជះផលប៉ះពាល់លើទំនុកចិត្តរបស់អ្នកទិញផ្ទះ បើទោះជាធនាគារកណ្តាលនូវែលហ្សេឡង់បានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុជាបន្តបន្ទាប់យ៉ាងណាក្តី។

ដើម្បីស្តារសេដ្ឋកិច្ចដែលបានធ្លាក់ចូលទៅក្នុងវិបត្តិកាលពីឆ្នាំមុន ធនាគារកណ្តាលនូវែលសេឡង់បានកាត់បន្ថយអត្រាការប្រាក់ចំនួន២,៥ភាគរយ ចាប់តាំងពីពាក់កណ្តាលឆ្នាំមុន មកនៅត្រឹម៣ភាគរយក្នុងកិច្ចប្រជុំកាលពីខែសីហា និងគ្រោងបន្តទាញទម្លាក់អត្រាការប្រាក់បន្ថែមទៀតនៅចុងឆ្នាំនេះ។

ទោះជាយ៉ាងណា ការបញ្ចុះអត្រាការប្រាក់មិនបានជំរុញឱ្យតម្រូវការលំនៅដ្ឋានក្នុងប្រទេសនូវែលហ្សេឡង់ស្ទុះងើបឡើងវិញនោះទេ។ ការកើនឡើងនៃអត្រាភាពអត់ការងារធ្វើ បាននាំឱ្យការចំណាយក្នុងគ្រួសារ និងទំនុកចិត្តរបស់អ្នកទិញផ្ទះធ្លាក់ចុះ។

យោងតាមការ​ស្ទង់​មតិ​ចាប់ពី​ថ្ងៃ​ទី​១៨​ ខែសីហា​ដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ បានបង្ហាញថា តម្លៃ​ផ្ទះ​ជា​មធ្យម​នៅប្រទេសនូវែលហ្សេឡង់​នឹង​កើន​ឡើង១,៣ភាគរយនៅ​ឆ្នាំ​នេះ បើធៀបនឹងការស្ទង់មតិកាលពីខែមិថុនា ដែលរំពឹងថា នឹងកើនឡើង៣,៨ភាគរយ។

តម្លៃផ្ទះត្រូវបានគេរំពឹងថា នឹងកើនឡើង៥ភាគរយនៅឆ្នាំ២០២៦ និងកើនឡើង៤,៣ភាគរយនៅឆ្នាំ២០២៧ បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងកើនឡើង៦ភាគរយ និង៥,១ភាគរយរៀងគ្នា។

យោងតាមវិទ្យាស្ថានអចលនទ្រព្យនៃប្រទេសនូវែលសេឡង់ (REINZ)បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមទូទាំងប្រទេសនូវែលហ្សេឡង់មានទំហំទឹកប្រាក់ប្រមាណ៤៥៧.៥៥៤ដុល្លារអាមេរិកក្នុងមួយយូនីត៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here