ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុន SAGE ENGINEERING និបានចំណាយ រយៈពេលប្រមាណ១ឆ្នាំ សិក្សាពីស្ថានភាព និងគ្រោងវិនិយោគលើការកែច្នៃសំរាមនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន SAGE ENGINEERING តំណាងដោយលោកស្រី Claire HINCHLIFFE និងគណៈប្រតិភូក្រុមហ៊ុន VINCI CONSTRUCTION តំណាងដោយលោក Othmane DFAILI។
គណៈប្រតិភូក្រុមហ៊ុនបានធ្វើបទបង្ហាញ អំពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងកែច្នៃសំរាមតាមផ្ទះ (household waste) ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTIONដែលការសិក្សានេះ បានចំណាយពេលវេលាអស់រយៈប្រមាណ១ឆ្នាំ។ គោលបំណងនៃការជួបពិភាក្សានេះ ដើម្បីស្នើសុំមតិយោបល់បន្ថែមពី លោកអគ្គលេខាធិការ ក៏ដូចជាការគាំទ្រដល់គម្រោងវិនិយោគនេះ។
ជាការឆ្លើយតប លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការសិក្សា និងស្វាគមន៍គម្រោងវិនិយោគកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។
លោកអគ្គលេខាធិការបានផ្តល់ការណែនាំ ឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សា និងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ពិសេស ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ជាមុនសិន ដើម្បីទទួលបានការគាំទ្រ និងការអនុញ្ញាតនានាតាមនីតិវិធីជាធរមាន។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំទទួលពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគនេះ ដោយក្តីរីករាយបំផុត៕