ក្រុមហ៊ុនមួយបានសិក្សានិងគ្រោងវិនិយោគលើការនែច្នៃសំរាម នៅកម្ពុជា

0

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន SAGE ENGINEERING និបានចំណាយ   រយៈពេលប្រមាណ១ឆ្នាំ សិក្សាពីស្ថានភាព និងគ្រោងវិនិយោគលើការកែច្នៃសំរាមនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិ​ភូក្រុមហ៊ុន SAGE ENGINEERING តំណាងដោយលោកស្រី Claire HINCHLIFFE និងគណៈប្រតិភូក្រុមហ៊ុន VINCI CONSTRUCTION តំណាងដោយលោក Othmane DFAILI។

គណៈប្រតិភូក្រុមហ៊ុនបានធ្វើបទបង្ហាញ អំពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងកែច្នៃសំរាមតាមផ្ទះ (household waste) ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTIONដែលការសិក្សានេះ បានចំណាយពេលវេលាអស់រយៈប្រមាណ១ឆ្នាំ។ គោ​លបំណងនៃការជួបពិភាក្សានេះ ដើម្បីស្នើសុំមតិយោបល់បន្ថែមពី លោកអគ្គលេខាធិការ ក៏ដូចជាការគាំទ្រដល់គម្រោងវិនិយោគនេះ។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការសិក្សា និងស្វាគមន៍គម្រោងវិនិយោគកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។

លោកអគ្គលេខាធិការបានផ្តល់ការណែនាំ ឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សា និងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ពិសេស ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ជាមុនសិន ដើម្បីទទួលបានការគាំទ្រ និងការអនុញ្ញាតនានាតាមនីតិវិធីជាធរមាន។

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំទទួលពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគនេះ ដោយក្តីរីករាយបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here