ដោយៈ ស៊ីវ ម៉េង
កំពង់ស្ពឺៈ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងគិតគូ ពង្រីកផ្លូវជាតិលេខ៤ប្រវែង៦គីឡូម៉ែត្រនៅទីរួមខេត្តកំពង់ស្ពឺ។
គំរោងនេះ បាននិងកំពុងរចនប្លង់រួចហើយ ដោយការពង្រីកនេះនឹងរៀបចំឲ្យមានផ្លូវជិះកង់ ផ្លូវថ្មើរជើង និងសួនកំសាន្តមួយចំនួន ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់នៅទីរួមខេត្តនេះ មានកន្លែងលំហែរកំសាន្ត និងផ្តល់នូវបែបផែនជីវិតស៊ីវិល័យមួយ។
យោងតាមមន្រ្តីជំនាញ ដែលនិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គំរោងនេះគ្រោងចំណាយថវិកាប្រមាណ១០លានដុល្លារអាមេរិក ដែលជាចំណងដៃ របស់លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់ជូនលោកឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា។
មន្រ្តីដដែលបានបន្តថា “សម្រាប់ថវិការៀបចំគំរោងនេះ បានដាក់ដំណើរជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ”។ លោកបន្តថា “ប្រសិនជាថវិកាត្រូវបានអនុម័ត គំរោងនេះអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៦ខាងមុខនេះ”។
គំរោងពង្រីកផ្លូវជាតិលេខ៤នេះ លោកឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី បានរៀបចំដាំដើមឈើប្រមាណ៧០០០ដើមរួចហើយ នៅលើផ្លូវជាតិលេខ៤កាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បាននិងកំពុងគ្រផងរៀបចំសួនច្បារ និងផ្លូវWalk Street ពេលរាត្រីនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ក្នុងទីក្រុងច្បារមន ខេត្តកំពង់ស្ពឺផងដែរ៕