ដោយៈ ចំណាន
ព្រះសីហនុៈ ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍។
ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ក្រសួងបានឲ្យដឹងទៀតថា គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះមានប្រវែងសរុបប្រមាណ៤៣,០២គីឡូម៉ែត្រ ក្នុងនោះផ្លូវលេខ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ។
ចំណែកឯ ផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែងប្រមាណ២២,៣៤គីឡូម៉ែត្រ បន្តពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងសសៃដែក កម្រាស់២៦សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ១១ម៉ែត្រ។
ក្នុងគម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះ ក៏មានសាងសង់សំណង់សិល្បការ្យផ្សេងៗដូចជា សាងសង់ស្ពានថ្មីចំនួន១កន្លែង និងពង្រីកស្ពានចាស់ចំនួន១៧កន្លែង ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន១៦១កន្លែងផងដែរ៕